Yearendyearend1140x150

អត្ថបទអនុព័ន្ធយោធាស្ថានទូតចិន៖"ប្តេជ្ញាចិត្តការពារសន្តិភាព ផ្តួចផ្តើមសហការគ្នាប្រឆាំងនឹងអំណាចគាបសង្កត់"

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ជាខួបអនុស្សាវរីយ៍លើកទី៩៣ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ ក្នុងរយៈពេល៩៣ឆ្នាំកន្លងមកនេះ កងទ័ពប្រជាជនចិនបានជម្នះពុះពាររាល់ឧបសគ្គទាំងឡាយ បានចូលរួមលះបង់យ៉ាងធំធេង ទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ បានកសាងស្នាដៃដ៏មហិមាសម្រាប់សន្តិសុខជាតិ បានរួមចំណែកយ៉ាងធំធេងសម្រាប់សន្តិភាពពិភពលោកផងដែរ។ដើម្បីអបអរខួបនេះ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បាននិពន្ធនូវអត្ថបទមួយដែលមានខ្លឹមសារដូចតទៅ៖

បច្ចុប្បន្ននេះ កងទ័ពរំដោះប្រជាជនចិនបានដឹកនាំដោយផ្តោតលើគោលដៅពង្រឹងវិស័យយោធាដែលស្ថិតក្រោមស្ថានភាពថ្មីនៃបក្ស បានធ្វើដំណើរឆ្ពោះទៅមុខលើវិថីពង្រឹងវិស័យយោធាដែលមានលក្ខណៈពិសេសនៃប្រទេសចិនយ៉ាងមុតមាំ និង មិនវៀចវេរ បន្តអនុវត្តការពារសន្តិភាពដែលជាបេសកកម្មរបស់កងទ័ពយោធានៃប្រទេសមហាអំណាច ដើម្បីឆ្ពោះទៅគោលដៅយ៉ាងអង់អាចក្លាហានក្នុងការបង្កើតកងទ័ពយោធាដ៏ខ្លាំងពូកែនៅលើពិភពលោកប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។

កងទ័ពយោធាចិនជាកម្លាំងយ៉ាងមុតមាំក្នុងការការពារសន្តិភាពលើពិភពលោក

បច្ចុន្ននេះ ពិភពលោកកំពុងតែឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំងដែលមិនធ្លាប់មានអស់រយៈពេលយូរមកហើយ ការគំរាមកំហែងសន្តិសុខប្រពៃណី និង មិនមែនប្រពៃណីមានទំនាក់ទំនងនឹងគ្នា សង្គមមនុស្សជាតិប្រឈមមុខជាមួយបញ្ហាថ្មីៗមិនចេះចប់មិនចេះហើយ កងទ័ពយោធាចិននៅតែបន្តរួមចំណែកជាកម្លាំងក្នុងការការពារសន្តិសុខសុវត្ថិភាពនៅលើពិភពលោក។ ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៣០ នៃការចូលរួមប្រតិបត្តិការថែរក្សាការពារសន្តិភាពអង្គការសហប្រជាជាតិរបស់កងទ័ពយោធាចិន នាយទាហានថែរក្សាសន្តិភាពដែលបានចាត់បញ្ជូនមានចំនួនសរុបជាង ៤ម៉ឺននាក់ បានចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន ២៥ លើក បានកសាងនិងជួសជុលផ្លូវសាជាថ្មីប្រមាណ១.៥ម៉ឺនគីឡូម៉ែត្រនិងស្ពានមានចំនួនជាង ៣០០ កន្លែង។ បានសម្អាតមីន និងវត្ថុមិនទាន់ផ្ទុះគ្រប់ប្រភេទជាង១ម៉ឺនគ្រាប់។ បានដឹកជញ្ជូនសម្ភារៈ និងឧបករណ៍ជាង ១.៣ លានតោន ដែលមានចម្ងាយសរុបជាង ១៣ លានគីឡូម៉ែត្រ។ បានទទួលពិនិត្យអ្នកជំងឺជាង២០ម៉ឺននាក់។ ឆ្នាំនេះជាឆ្នាំទី ១២ ដែលកងទ័ពយោធាចិនបានចូលរួមក្នុងប្រតិបត្តិការការពារឈូងសមុទ្រអាដេនដោយស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ បានចាត់បញ្ជូនក្រុមការពារចំនួន៣៥ក្រុម ដែលមាននាវាយោធាសរុបចំនួន១០៥គ្រឿង បានជួយការពារនាវាចំនួនជាង៦០០០លើកយ៉ាងជោគជ័យ។ កងទ័ពយោធាចិន បានយកប្រតិបត្តិការជាក់ស្តែងមកបង្ហាញទៅកាន់ពិភពលោកពីក្តីស្រឡាញ់សន្តិភាពរបស់ចិន និងសកម្មភាពចូលរួមទំនួលខុសត្រូវរបស់ប្រទេសមហាអំណាចក្នុងកិច្ចការរបស់អង្គការសហប្រជាជាតិ បានអនុវត្តពាក្យពេចន៍សន្យាយ៉ាងមុតមាំក្នុងការការពារសន្តិភាពក្នុងតំបន់ក៏ដូចជាលើពិភពលោកផងដែរ។

ជំងឺវីរុសCOVID-19បានធ្វើឲ្យមានការប៉ះទង្កិចគ្នាជាមួយសន្តិសុខអនាម័យលើសកលលោក។ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិនបានលើកឡើងថា នៅលើពិភពលោកមិនមានទីកន្លែងណាដែលមានសុវត្ថិភាពសុទ្ធសាធនោះទេ អ្នកជិតខាងមានបញ្ហា មិនត្រូវគិតតែរឿងធ្វើរបងសម្រាប់សុវត្ថិភាពផ្ទះខ្លួនឯងនោះទេ គួរតែចូលរួមជួយគ្នា។ ក្រោយពីកងទ័ពយោធាចិនបានយកជម្នះជាមួយកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះក្នុងប្រទេសរួច បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តក្នុងកិច្ចទប់ស្តាត់នឹងជំងឺមួយនេះមកកាន់កងទ័ពយោធានៃប្រទេសកម្ពុជា ក៏ដូចជាកងទ័ពយោធានៃប្រទេស៤ផ្សេងទៀត បានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសទៅកាន់កងទ័ពយោធាចំនួន៥០ប្រទេស និងព្រមទាំង បានរៀបចំកិច្ចប្រជុំពិភាក្សាបទពិសោធន៍ទប់ស្កាត់ជំងឺវីរុសជាមួយកងទ័ពយោធាទាំង១៧ប្រទេស តាមរយៈVideo Conference បានរួមចំណែកជា កម្លាំងចិន ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសនៅក្នុងសហគមន៍អន្តរជាតិ។

កិច្ចសហប្រតិបត្តិការនៃកងទ័ពយោធារវាងចិននិងកម្ពុជា ជាគំរូនៃកិច្ចសហប្រតិបត្តិការដែលមានប្រព័ន្ធនយោបាយខុសគ្នា និងកងទ័ពប្រទេសជាតិផ្សេងគ្នា

ចាប់តាំងពីមានការកសាងចំណងការទូតក្នុងឆ្នាំ១៩៥៨មក មិត្តភាពរវាងចិននិងកម្ពុជា មានអាយុកាលយូរអង្វែង ក្រោយពីបានឈានចូលដល់សតវត្សរ៍ថ្មីមក រឹតតែបានក្លាយជាកម្លាំងដ៏រស់រវើកថ្មីមួយទៀត។ ស្ថិតក្រោមយុទ្ធសាស្រ្តនៃការដឹកនាំរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃកងទ័ពយោធាទាំងពីរប្រទេស បានអភិវឌ្ឍន័យ៉ាងជោគជ័យ បានក្លាយជាគំរូដ៏ល្អសម្រាប់ពិភពលោក។

ដំណើរប្រតិបត្តិការការពារសន្តិភាពដំបូងគេ បានភ្ជាប់និស្ស័យរវាងកងទ័ពយោធាចិន ជាមួយនឹងប្រទេសកម្ពុជា។ នាខែមេសា ឆ្នាំ១៩៩២ ដល់ ខែកញ្ញា ឆ្នាំ១៩៩៣ ប្រទេសចិនបានចាត់បញ្ជូនកងទ័ពវិស្វកម្មជាង៨០០រូបមកកាន់ប្រទេសកម្ពុជា ដោយបានបែងចែកជាពីរលើកមកការបំពេញភារកិច្ចការពារសន្តិភាព នេះជាដំណើរប្រតិបត្តិការការពារសន្តិភាពរបស់អង្គការសហប្រជាជាតិដែលប្រទេសចិនបានចូលរួមដំបូងគេបង្អស់។ ពួកគេបានពុះពាររាល់ឧបសគ្គ បានជួសជុលផ្លូវថ្នល់ជាង ៥០០គីឡូម៉ែត្រ ស្ថាបនាស្ពានចំនួន ៣៦ កន្លែង បានជួសជុលអាកាសយានដ្ឋានចំនួន ២ កន្លែង និងបានសាងសង់បន្ទាយទាហានដែលមានទំហំរាប់ពាន់ម៉ែត្រការ៉េ។ ក្នុងនោះ ផ្លូវជាតិលេខ៤ និងលេខ៦ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែសង្គ្រាម ក្រោយពីបានជួសជុលដោយកងទ័ពវិស្វកម្មចិនរួចមក ត្រូវបានក្លាយជាផ្លូវដ៏សំខាន់បំផុតសម្រាប់ការដឹកជញ្ជូនសម្ភារៈជំនួយ និង កម្លាំងការពារសន្តិភាពរបស់អង្គការសហប្រជាជាតិទៅកាន់គោលដៅនានាក្នុងប្រទេសកម្ពុជា។ នាពេលនោះ ជាអកុសលមានកងទ័ពយោធាចិនចំនួន២រូបត្រូវបានបាត់បង់ជីវិត ពួកគេបានពលីជីវិតយុវវ័យក្នុងកិច្ចការសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ ប្រជាជនបាននាំគ្នាសាងសង់វិមានរំឭកគុណវីរជនការពារសន្តិភាពជូនដល់ពួកគេ ក៏បានសាងសង់វិមានមិត្តភាពចិននិងកម្ពុជាផងដែរ។

ការពួតដៃគ្នាទប់ស្កាត់នឹងជំងឺវីរុសCOVID-19នាពេលថ្មីៗនេះ បានធ្វើឲ្យទំនាក់ទំនងកងទ័ពយោធាទាំងពីរប្រទេសឈានចូលដល់ដំណាក់កាលថ្មីមួយទៀត។ ស្ថានភាពជំងឺវីរុសនាដើមគ្រា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិន នេះបានបង្ហាញពីការគាំទ្រគ្នាយ៉ាងមុតមាំជូនចំពោះប្រទេសចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានអញ្ជើញធ្វើដំណើរមកកាន់ស្ថានទូតចិន ដើម្បីផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសដល់ក្រសួងការពារជាតិចិន។ ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសមក ភាគីចិនមានអារម្មណ៍ដូចគ្នា បានចាត់បញ្ជូនក្រុមអ្នកជំនាញយោធាចិនដំបូងគេលើសកលលោកដើម្បីចូលរួមកិច្ចទប់ស្កាត់នឹងជំងឺវីរុសដែលបានកើតឡើងក្នុងប្រទេសកម្ពុជា និង ព្រមទាំងបានបានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសដ៏ចាំបាច់ចំនួន៤លើកមកកាន់ប្រទេសកម្ពុជា ដោយបានដឹកជញ្ជូន តាមរយៈយន្តហោះយោធា នេះគឺជាចំនួនដ៏ច្រើនបំផុតដែលកងទ័ពយោធាចិនបានផ្តល់ជំនួយទៅកាន់បរទេស។ ក្រុមអ្នកជំនាញយោធាចិនលើកិច្ចទប់ស្កាត់នឹងជំងឺវីរុស បានបន្តស្មារតីអន្តរជាតិនិយមដែលជាស្មារតីយកអាយុជីវិតរបស់កងទ័ពយោធាការពារសន្តិភាពមកធ្វើការការពារថែរក្សា ត្រូវបានប្រែក្លាយជាបេសកជនមិត្តភាពចិនកម្ពុជានាយុគសម័យថ្មីនេះ ការខិតខំបំពេញភារកិច្ចចំនួន២ខែ មានភាពលេចធ្លោខ្លាំង ហើយសម្ដេចពិជ័យក៏បានរៀបចំពិធីលាដំណើរជាពិសេស និងបានផ្តល់គ្រឿងឥស្សរយសជូនដល់ពួកគាត់ផងដែរ។

កងទ័ពយោធាចិននៅតែបន្តការពារសន្តិភាពពិភពលោកនិងសុវត្ថិភាពក្នុងតំបន់

ឯកឧត្តម Xi Jinping ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា មនុស្សជាតិជាសហគមន៍ជោគវាសនារួមមួយ កិច្ចសហប្រតិបត្តិការសាមគ្គីគ្នា ជាអាវុធដ៏មានកម្លាំងបំផុតក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺវីរុសក្នុងសហគមន៍អន្តរជាតិ។ កិច្ចសហប្រតិបត្តិការពិភាក្សាគ្នារវាងភាគីចិនជាមួយកងទ័ពយោធាកម្ពុជាក៏ដូចជាកងទ័ពនៃប្រទេសដទៃទៀតមានភាពស្មោះត្រង់ រីឯមនោសញ្ចេតនាក៏ស្មោះត្រង់ផងដែរ ការគាំទ្រគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ និងប្រកបដោយចិត្តស្មោះ នេះមានភាពផ្ទុយស្រឡះជាមួយការអនុវត្តរបស់សហរដ្ឋអាមេរិកជំរុញតែអត្តទត្ថភាព ឯកតោភាគីនិយម និងអំណាចនៃការសង្កត់ ក្នុងគោលបំណងចង់បង្វែរសម្ពាធនយោបាយក្នុងប្រទេសខ្លួនមកលាបពណ៌ទម្លាក់កំហុសលើអ្នកដទៃ បានបំផ្លាញវិធីសាស្រ្តនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ បានក្លាយជាការប្រៀបធៀបយ៉ាងជាក់ស្តែងបំផុត។

ជាពិសេសនោះគឺ ប្រទេសមួយចំនួនដែលយកសហរដ្ឋអាមេរិកជាធំ ស្ថានភាពជំងឺវីរុសរបស់ខ្លួនមិនទាន់ទទួលបានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផង បែរជាដើម្បីអត្ថប្រយោជន៍ខ្លួន រិះរកល្បិចកលបង្កបញ្ហាជម្លោះរឿងសមុទ្រចិនខាងត្បូង ធ្វើភ្លៀងធ្វើខ្យល់ បំបែកទំនាក់ទំនងរវាងចិននិងប្រទេសក្នុងតំបន់ រំខានបំផ្លាញការខិតខំរក្សាការពារស្ថេរភាពសន្តិភាពសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ននេះ ស្ថិតក្រោមការខិតខំរួមគ្នារវាងចិន និងប្រទេសក្នុងតំបន់អាស៊ាន ស្ថានភាពសមុទ្រចិនខាងត្បូងមានស្ថេរភាពជារួមវិញហើយ។ ប្រទេសចិននិងបណ្តាប្រទេសក្នុងតំបន់អាស៊ានមិនត្រឹមតែគោរពតាម សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង(Declaration of the Conduct of the South China Sea) និងថែមទាំងពង្រឹងកិច្ចពិភាក្សាលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(Code of Conduct in the South China Sea-COC)ឲ្យរឹតតែមានភាពល្អប្រសើរ។ យើងជឿជាក់ថា ការញុះញង់បង្កបញ្ហារបស់សហរដ្ឋអាមេរិកមិនអាចជោគជ័យបានឡើយ នរណាជាអ្នកបំផ្លាញ និងជាអ្នកដែលតែងបង្ករឿងបញ្ហាដល់ស្ថេរភាពសន្តិភាពនៅក្នុងតំបន់ សហគមន៍អន្តរជាតិបានស្តែងឲ្យឃើញយ៉ាងច្បាស់បំផុតរួចទៅហើយ។

ឆ្លៀតក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៣ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន សូមរំឭកពីប្រវត្តិសាស្រ្ត ដើម្បីអធិបតេយ្យភាពនិងសន្តិភាព យើងបានឆ្លងកាត់ភាពលំបាកជា ច្រើន។ មើលឆ្ពោះទៅកាន់ពិភពលោកវិញ ដើម្បីសន្តិសុខនិងការអភិឌ្ឍ យើងបានទទួលទំនួលខុសត្រូវយ៉ាងធ្ងន់បំផុត។ ប្រទេសចិនជាស្ថាបនិកសន្តិភាពពិភពលោក ជាអ្នកលះបង់ក្នុងកិច្ចអភិវឌ្ឍន៍ជាសកល ជាអ្នកការពារសណ្ដាប់ធ្នាប់អន្តរជាតិ កងទ័ពយោធាចិននៅតែបន្តអនុវត្តកិច្ចសហប្រតិបត្តិការពិភាក្សាលើកិច្ចយោធាអន្តរជាតិ ដើម្បីតបទល់ជាមួយបញ្ហាប្រឈមនឹងសន្តិសុខលើសកលលោក បំពេញទំនួលខុសត្រូវនិងកាតព្វកិច្ចដែលសមស្របជាមួយឋានៈអន្តរជាតិរបស់ប្រទេសចិន ប្រាជ្ញាចិត្តការពារសន្តិភាព មិនកែប្រែស្មារតីពីដំបូង ផ្តួចផ្តើមសហការគ្នា ប្រឆាំងនឹងអំណាចគាបសង្កត់ ដើម្បីជំរុញជាកម្លាំងរួមចំណែកក្នុងការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគ្រប់រូបយ៉ាងសកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង