Yearendyearend1140x150

លោកSwapnil Deshmukhបង្កើតហាងSocials Coffeeដើម្បីផ្ដល់ឱកាសការងារដល់«អ្នកគថ្លង់»

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
លោក Swapnil Deshmukh ស្ថានិកនៃហាងកាហ្វេសង្គម Socials Coffee (រូបភាព៖ លោក Swapnil Deshmukh) 
លោក Swapnil Deshmukh ស្ថានិកនៃហាងកាហ្វេសង្គម Socials Coffee (រូបភាព៖ លោក Swapnil Deshmukh) 

ភ្នំពេញ៖ ហាងកាហ្វេសង្គមហៅថា Socials Coffee បច្ចុប្បន្នមានសាខាចំនួន ៤ នៅរាជធានីភ្នំពេញនៅក្នុងធនាគារភ្នំពេញពាណិជ្ជ ហាងកាហ្វេសង្គម មានការសហការរួមជាមួយនឹងធនាគារភ្នំពេញពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ខែឧសភា ឆ្នាំ២០១៨ ដោយស្ថានិកជនជាតិឥណ្ឌាមួយរូប ដែលលោកជាអតីតអ្នកធ្វើការងារផ្នែកធនាគារ ក្នុងគោលបំណងផ្ដល់ឱកាសការងារដល់អ្នកអសមត្ថភាពនិយាយ និងស្ដាប់ ឱ្យពួកគាត់មានសិទ្ធទទួលបានការចូលរួមធ្វើការងារជាមួយសង្គមដូចអ្នកដទៃផ្សេងៗទៀតបាន ហើយជួនកាលពួកគាត់ធ្វើការងារបានល្អទៀត ហើយបច្ចុប្បន្ននេះ ក្នុងហាងកាហ្វេសង្គម Socials Coffee បានបណ្តុះបណ្តាលបុគ្គលិកអ្នកគថ្លង់ក្នុងដំណើរការនៃការធ្វើការនៅហាងកាហ្វេ ជាមួយនឹងជំនាញនៃសហគ្រិនភាពផងដែរ ដែលជាអ្វីដែលលោក Swapnil Deshmukh ចង់ផ្ដល់ឱ្យដល់ពួកគាត់ទាំងអស់នោះ មិនមានមែនតែជាអ្នកធ្វើការទេ តែអាចវិវត្តខ្លួនក្លាយជាម្ចាស់អាជីវកម្មដ៏ឆ្នើមផងដែរ។

កញ្ញា ស្រីណាក់  ជាអ្នកគ្រប់គ្រងប្រតិបតិ្តការ Operation Manager of នៃកាហ្វេសង្គម Socials Coffee

កញ្ញា ហេង ស្រីណាក់ អាយុ ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យមួយកន្លែងនៅរាជធានីភ្នំពេញ។ សព្វថ្ងៃ កញ្ញា ស្រីណាក់ ជាអ្នកគ្រប់គ្រងទូទៅនៃកាហ្វេសង្គម បានថ្លែងថា គំនិតនៃការបង្កើតហាងកាហ្វេសង្គមនេះចេញរូបរាងឡើងគឺដោយសារ កាលពីឆ្នាំ ២០១៧កន្លងទៅ លោក Swapnil Deshmukh បានទៅដើរកំសាន្តនៅហ៊ុយអានប្រទេសវៀតណាម ហើយលោកក៏បានចូលទៅក្នុងហាងកាហ្វេមួយដែលលោក Swapnil Deshmukh មិនដែលស្គាល់ និងមានបរិយាកាសស្ងប់ស្ងាត់ជ្រងំ បន្ទាប់មកលោកចាប់ផ្ដើមមានចម្ងល់ចង់ដឹងថា តើមូលហេតុអ្វីបានជាក្នុងហាងនេះស្ងាត់ម្ល៉េះ មនុស្សនៅក្នុងហាងនោះមិនមានការពិភាក្សាគ្នាកុះករដូច្នេះអញ្ចឹង? លោក Swapnil Deshmukh បានព្យាយាមទាក់ទងសាកសួរអ្នកនៅខាងក្រៅ ព្រោះនៅខាងក្នុងនោះមិនមានអ្នកណាអាចទាក់ទងជាមួយគាត់បានឡើយ ដើម្បីដឹងពីចម្លើយនោះ។

បុគ្គលិកធ្វើការនៅហាងកាហ្វេសង្គម Socials Coffee (រូបភាព៖ Socials Coffee)
          

ក្រោយមកទើបលោកបានដឹងថា ហាងកាហ្វេនោះជាហាងកាហ្វេដែលមានបុគ្គលិកជាអ្នកពិការសម្បទាផ្នែកស្ដាប់ និងនិយាយ(គថ្លង់) ហើយរឿងដែលពិសេសនោះគឺ ម្ចាស់ហាងនៅហាងនោះគាត់ក៏គថ្លង់ដូចគ្នា។ បន្ទាប់ពីត្រលប់មកពីដំណើរកំសាន្តនៅរៀតណាម គាត់ក៏ចាប់ផ្ដើមស្រាវជ្រាវថា តើមានហាងកាហ្វេគថ្លង់នៅតែរៀតណាមទេ។ ក្រោយមក គាត់ក៏បានដឹងថា មិនមែនមាននៅតែប្រទេសវៀតណាមទេ ប្រទេសអភិវឌ្ឍដទៃទៀតដូចជា អូស្រ្តាលី សហរដ្ឋអាមេរិក សិង្ហបុរី ជាដើមដែលប្រទេសទាំងនោះបានបើកហាងសម្រាប់អ្នកគថ្លង់បែបនេះរួចមកហើយ។

បុគ្គលិកធ្វើការនៅហាងកាហ្វេសង្គម Socials Coffee (រូបភាព៖ Socials Coffee)
បុគ្គលិកធ្វើការនៅហាងកាហ្វេសង្គម Socials Coffee (រូបភាព៖ Socials Coffee)

ហេតុនេះហើយបានជាលោកចាប់ផ្ដើមមានគំនិតចង់បើកហាងកាហ្វេដំបូងគេបង្អស់ដែលហាងរបស់លោក Swapnil Deshmukh មានបុគ្គលិកជាអ្នកគថ្លង់ដោយមានចំនួន ៥០ភាគរយក្នុងចំណោមនៃបុគ្គលិកទាំងអស់នៅក្នុងហាងកាហ្វេសង្គមនោះ។ បន្ទាប់ពីត្រលប់មកពីប្រទេសវៀតណាម លោក បានបង្កើតហាងកាហ្វេសង្គមនេះឡើង ដោយបោះបង់ការងារជំនួញរបស់គាត់ ក្នុងការផ្ដោតសំខាន់ទៅការអភិវឌ្ឍ និងយកចិត្តទុកឱ្យដំណើរការនៃការបើកហាងកាហ្វេដំណើរការឡើងមក។ ប្រាក់ចំណេញដែលហាងកាហ្វេទទួលបានក្នុងរយៈពេល ០២ឆ្នាំនេះ ត្រូវបានផ្ដល់ប្រាក់ខែជូនដល់បុគ្គលិកគ្រប់ៗគ្នាឱ្យគ្រប់គ្រាន់ ក៏ដូចជាយកទៅជួយឧបត្ថម្ភ និងផ្គត់ផ្គង់ដល់សង្គមផងដែរ។

លក្ខណៈពិសេសដែលហាងកាហ្វេសង្គមខុសពីហាងកាហ្វេដទៃគឺ ទីមួយហាងនេះ ព្យាយាមធ្វើ និងផ្ដល់នូវមុខភេសជ្ជៈណាដែលថ្មី មិនដែលមាននៅកម្ពុជា និងបានលក់មុននៅកម្ពុជា ដែលភេសជ្ជៈនោះផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជននានាដោយមិនឱ្យខកបំណងឡើយ ដោយមានការបញ្ចូលនូវការណែនាំភេសជ្ជៈថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតក្នុងប្រទេសកម្ពុជាដំបូងគេ មានដូចជា Creamy Egg Coffee, Iced Coconut Lattes និង Avocado Espressos។ សម្រាប់អ្នកដែលមិនចូលចិត្តកាហ្វេ ខាងហាងកាហ្វេសង្គម ក៏មានការណែនាំផងដែរនូវភេសជ្ជស្រស់ៗ ដូចជា Belly Detox, ទឹកក្រូចឆ្មារត្រជាក់ (Lemon Cooler) និង Passion Soda ជាមួយនឹងគ្រឿងផ្សំធម្មជាតិជាច្រើនទៀត ។ លក្ខណៈពិសេសនៃកាហ្វេសង្គមទីពីរគឺ ជាហាងកាហ្វេដំបូងគេនៅប្រទេសកម្ពុជាដែលសហប្រតិបត្តិការនៅក្នុងសាខាធនាគារ។

បុគ្គលិកធ្វើការនៅហាងកាហ្វេសង្គម Socials Coffee (រូបភាព៖ Socials Coffee)
បុគ្គលិកធ្វើការនៅហាងកាហ្វេសង្គម Socials Coffee (រូបភាព៖ Socials Coffee)
បុគ្គលិកធ្វើការនៅហាងកាហ្វេសង្គម Socials Coffee (រូបភាព៖ Socials Coffee)

លោក Swapnil Deshmukh បានប្រាប់ថា « សាខាទាំងអស់ហាងកាហ្វេគឺសុទ្ធតែមានទីតាំងនៅក្នុងធនាគារភ្នំពេញពាណិជ្ជកម្ម(PPC Bank) ដូច្នេះអតិថិជនទាំងឡាយ នឹងអាចរីករាយជាមួយនឹងរសជាតិកាហ្វេ ក៏ដូចជាភេសជ្ជៈជាច្រើនដែលមានតម្លៃសមរម្យហើយមានរសជាតិឆ្ងាញ់ជាប់ចិត្ត នៅខណៈពេលដែល ពួកគេធ្វើប្រតិបត្តិការធនាគារផងដែរ។ លក្ខណៈពិសេសចុងក្រោយនោះ គឺហាងកាហ្វេសង្គម មានទស្សនវិស័យក្នុងគោលបំណងផ្នែកការអប់រំគឺ “ទំនួលខុសត្រូវនៅក្នុងសង្គម និងការអភិរក្សថែរក្សាបរិស្ថានដោយចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក” បន្ថែមពីនេះទៅទៀតហាងកាហ្វេសង្គម មានការផ្តល់ជូននូវការបញ្ចុះតំលៃ ២០% សម្រាប់អតិថិជនណា ដែលយកបំពង់ទឹកក្ដៅ ដបទឹក ឬកែវផ្ទាល់ខ្លួនពីផ្ទះស្រាប់»។

ស្ថានិកនៃហាងកាហ្វេសង្គមរូបនេះ ក៏បានបង្កើតនូវបច្ចេកទេសក្នុងការទាក់ទងរវាងអ្នកធ្វើការជាមួយគ្នាដោយតម្រូវឱ្យបុគ្គលិកដែលអាចស្ដាប់បាននិយាយបាន ត្រូវតែរៀនភាសាសញ្ញា ដើម្បីអាចទំនាក់ទំនងជាមួយបុគ្គលិកពិការសម្បទាគថ្លង់។ ហាងកាហ្វេសង្គមបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍មនុស្សគថ្លង់និងសាលា«គ្រួសារថ្មី»សម្រាប់មនុស្សគថ្លង់ ហើយបានទទួលការបណ្តុះបណ្តាលភាសាសញ្ញាពីពួកគេ។

ការបណ្តុះបណ្តាលបុគ្គលិកទាំងទាំងអស់ទាំងការនិយាយ និងការធ្វើភាសាកាយវិការអំពីការងារទាំងអស់ដែលត្រូវការ ដើម្បីដំណើរការហាងកាហ្វេដូចជា ប្រភេទភេសជ្ជៈ( Latte, Cappuccino, Americano, Mocha, Coconut, Espresso, Egg Coffee, Avocado, Lemon Cooler, Mango, Passion Soda, Milk, Green Tea, Belly Detox, Chocolate, Juice, Orange,…) កម្រិតនៃភេសជ្ជៈ(ក្ដៅ ត្រជាក់ ស្ករតិច ស្ករធម្មតា ស្ករច្រើន) និងភាសាផ្សេងៗដូចជា រសជាតិឆ្ងាញ់ បន្ទប់ទឹក ទឹក គិតលុយ និងអរគុណ... ។

កិច្ចប្រជុំក្រុមការងារនៃហាងកាហ្វេសង្គម Socials Coffee ជាមួយលោក លោក Swapnil Deshmukh ក្នុងអំឡុងកូវីដ-១៩ (រូបភាព៖ Socials Coffee)

ហាងកាហ្វេសង្គមបានបណ្តុះបណ្តាលបុគ្គលិកទាំងអស់ឱ្យដឹងអំពីការធ្វើភេសជ្ជៈគ្រប់ប្រភេទដូចនៅកន្លែងផ្សេងទៀតដូចនៅ Barista ក៏ដូចជាសហការជាមួយស្ថានិកហាងកាហ្វេ និងអ្នកឧបត្ភម្ថមួយចំនួនទៀតតាមរយៈកម្មវិធីជជែកតាមអនឡាញ និងពីចម្ងាយ ដូច្នេះនៅថ្ងៃណាមួយ បុគ្គលិកទាំងអស់ ពួកគេអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ប្រសិនបើពួកគេចង់បានព្រោះពួកមានការបណ្ដុះបានគ្រប់ៗគ្នាផ្នែកសហគ្រិនភាព និងភាពជាអ្នកដឹកនាំ។

លោក Swapnil Deshmukh បានបញ្ជាក់ថា តាមការប្រមាណនៅប្រទេសកម្ពុជាមានមនុស្សថ្លង់មានប្រហាក់ប្រហែលជាង ៥ ម៉ឺននាក់។ គ្រប់ការងារទាំងអស់នៅលើទីផ្សារ មិនមែនសុទ្ធតែតម្រូវឲ្យមនុស្ស និយាយស្តាប់ ឬធ្វើសកម្មភាពទាំងអស់ឡើយ។ ប៉ុន្តែភាគច្រើន ក៏នៅតែមានភាពលំអៀងដោយមិនដឹងខ្លួននេះអាជីវកម្មនានា មិនរាប់បញ្ចូលកម្លាំងពលកម្មដែលមានជំនាញ និងទេពកោសល្យខ្ពស់ពីទីផ្សារការងារឡើយ។

ភាសាសញ្ញាក្នុងហាងកាហ្វេសង្គម (រូបភាព៖ Socials Coffee)
ភាសាសញ្ញាក្នុងហាងកាហ្វេសង្គម (រូបភាព៖ Socials Coffee)

ដូច្នេះលោក Swapnil Deshmukh ក៏បានសំរេចចិត្តផ្ដល់ឱកាសទៅដល់ពួកគាត់ដែលជាអ្នកគថ្លង់ឱ្យបានធ្វើការជាមួយគ្នា និងអ្នកផ្សេងៗទៀតបានដោយមិនមានការរើសអើងឡើយ។ ជាគោលសំខាន់ ពួកយើងចង់ធ្វើជាគំរូល្អដល់ហាងអាជីវកម្មផ្សេងទៀត ជាពិសេសហាងកាហ្វេនានាៗអាចសិក្សា និងអភិវឌ្ឍនៃគម្រោងនេះល្អឡើងៗ ក៏ដូចជាការចូលរួមសហការជាមួយគ្នា ដើម្បីបង្កើតការងារបន្ថែមទៀតសម្រាប់អ្នកគថ្លង់ និងការលើកទឹកចិត្តដល់អ្នកពួកគាត់ឱ្យទទួលបានការងារដូចអ្នកផ្សេងៗដូចគ្នា។

អ្វីដែលស្ថានិកនៃហាងកាហ្វេសង្គមរូបនេះ បានជួយសង្គមបន្ថែមពីលើការផ្ដល់ការងារជូនអ្នកពិការគថ្លង់ គឺនៅមានមួយផ្នែកទៀតនៃខួបគម្រប់ ០២ឆ្នាំរបស់ហាងកាហ្វេ ដោយបើកយុទ្ធនាការ“ បង់ប្រាក់តាមចង់បាន” ។ ចាប់ពីថ្ងៃទី ២២ ខែឧសភារហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ អតិថិជនអាចបង់ថ្លៃដូចដែលពួកគេចង់បានសម្រាប់ភេសជ្ជៈរបស់យើង ហើយយើងនឹងបរិច្ចាគប្រាក់នោះជូនទៅដល់មូលនិធិខ្មែរ Khmer Sight Foundation ដែលផ្តល់ការព្យាបាលភ្នែកដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា។ ហាងកាហ្វេសង្គមបានបរិច្ចាគ ២៥០០ដុល្លារ ដល់មូលនិធិ Khmer Sight Foundation ដើម្បីជួយប្រជាជនក្រីក្រឱ្យទទួលបានការព្យាបាលភ្នែកដោយឥតគិតថ្លៃ។

លោក Swapnil Deshmukh ក៏បន្ថែមទៀតថា ហាងកាហ្វេនឹងធ្វើការសន្យាលើកញ្ចប់ថវិកា និងប្រាក់ឈ្នួលជាមធ្យមដោយមានការផ្ដល់នូវសេវាកម្មធានារ៉ាប់រងផ្នែកសុខភាព និងឱ្យក្លាយជាសហគ្រាសដំបូងគេដែលណែនាំពីចំណេះដឹងនៃការធានារ៉ាប់រងសម្រាប់បុគ្គលិកក្រៅម៉ោងនៅកម្ពុជា និងអត្ថប្រយោជន៍ដ៏មានអត្ថន័យផ្សេងទៀតៗ ដល់បុគ្គលិកក្នុងហាងដើម្បីអភិវឌ្ឍសមត្ថភាព ទំនាក់ទំនង និងជំនាញនានាប្រកបដោយសីលធម៌វិជ្ជាជីវៈ និងមិនមានការរើសអើងរវាងគ្នានឹងគ្នាឡើយ។

ទន្ទឹមនឹងនេះដែរ ចក្ខុវិស័យនាថ្ងៃខាងមុខរបស់ស្ថានិកហាងកាហ្វេសង្គម លោកប្រាប់ថា ដំណាក់កាលដំបូងគឺនៅពេលបច្ចុប្បន្ននេះ លោកបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងដំណើរការហាងកាហ្វេនេះ ហើយក៏បានបង្កើតយីហោ(Brand Coffee)កាហ្វេដែលទាក់ទាញអតិថិជន និងផ្ដល់ការជឿទុកពីពួកគាត់ តាមរយៈបណ្តាញសង្គមនានា ប្រព័ន្ធឌីជីថលដទៃទៀតក្នុងការពង្រីកខ្លួនឱ្យបានទៅដល់អតិថិជនទូទាំងប្រទេស និងប្រទេសនានា។ នៅដំណាក់កាលទី ២ ហាងកាហ្វេគឺ ចង់ផ្តល់អទិភាពទៅដល់អ្នកអសមត្ថភាពផ្នែកនិយាយ និងស្ដាប់(គថ្លង់) ឱ្យក្លាយជាសហគ្រិន និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដោយផ្តល់ឱ្យពួកគេនូវការបណ្តុះបណ្តាលដោយឧបករណ៍ និងហិរញ្ញប្បទានចាំបាច់ទីបំផុត ផ្តល់ការគ្រប់គ្រងហិរញ្ញវត្ថុដល់ពួកគេផ្ទាល់។

លោក Swapnil Deshmukh ស្ថានិកបង្កើតហាងកាហ្វេសង្គម Socials Coffee (រូបភាព៖ Socials Coffee) ជាជនជាតិឥណ្ឌា 

ម្យ៉ាងទៀត ស្ថានិកហាងកាហ្វេសង្គមរូបនេះ លោក Swapnil Deshmukh សង្ឃឹមថា ហាងរបស់ខ្លួននឹងអាចចាប់ដៃគូជាមួយហាងកាហ្វេ និងអាជីវកម្មផ្សេងៗដទៃទៀត ដែលមានចក្ខុវិស័យ និងគោលដៅរួមជាមួយគ្នាក្នុងការជួយយុវជន និងសង្គមជាតិ។ ដូច្នេះយើងអាចបណ្តុះបណ្តាលអ្នកគថ្លង់ នៅពេលនោះពួកគាត់អាចធ្វើការនៅហាងកាហ្វេ និងអាជីវកម្មផ្សេងៗទៀតបាន។

បច្ចុប្បន្ននេះ ហាងកាហ្វេសង្គម មាន ០៤សាខាដែលសាខានីមួយៗ មានទីតាំងក្នុងធនាគារភ្នំពេញពាណិជ្ជកម្មទាំងអស់ ដែលសាខាដំបូងនៅបឹងត្របែក សាខាទីពីរនៅអូរឬស្សី សាខាទីបីនៅផ្លូវនរោត្តម និងសាខាទីបួននៅផ្លូវម៉ៅសេទុងក្បែរស្ថានទូតចិន ហើយបានបណ្តុះបណ្តាលពីសាលាបណ្ដុះបណ្ដាលផ្នែកសញ្ញា និងកាយវិការដូចជា«សាលាគ្រួសារថ្មី» និងសាលាឌីឌីភី «DDP (Deaf Development Programme)» បង្រៀនដល់បុគ្គលិកគថ្លង់ចំនួន ១០នាក់ដែលមកពីខេត្ត និងក្នុងក្រុងផងដែរ។ ហើយភាគច្រើនបុគ្គលិកទាំងនោះជានិស្សិតដែលកំពុងសិក្សានៅថ្នាក់សាកលវិទ្យាល័យដូចនិស្សិតនានាដែរ ដែលហាងកាហ្វេសង្គមនេះ មានគម្រោងបើកទីតាំងបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា និងនៅបរទេសបន្ថែមទៀត នាពេលឆាប់ៗនេះ។

ប្រភេទភេសជ្ជៈនៅក្នុងហាងកាហ្វេសង្គម (រូបភាព៖ Socials Coffee)
ប្រភេទភេសជ្ជៈនៅក្នុងហាងកាហ្វេសង្គម (រូបភាព៖ Socials Coffee)
ប្រភេទគ្រឿងផ្សំពីធម្មជាតិដើម្បីបញ្ចូលក្នុងមុខភេសជ្ជៈនៅក្នុងហាងកាហ្វេសង្គម (រូបភាព៖ Socials Coffee)
ប្រភេទភេសជ្ជៈរសជាតិផ្លែស្វាយទុំ នៅក្នុងហាងកាហ្វេសង្គម (រូបភាព៖ Socials Coffee)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង