Yearendyearend1140x150

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក«ថយចុះ២៥%»នៅឆមាសទី១ឆ្នាំ២០២០

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា បានថយចុះប្រមាណ២៥% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី២៤កក្កដាកន្លងទៅថា តាមរយៈការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមវិធីសាស្ត្រ និងយុទ្ធនាការនានារបស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើឲ្យមានថយចុះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ស្វែងយល់ពីច្បាប់ចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ឱ្យបានច្បាស់លាស់ និងចូលរួមគោរពឱ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីឃាតករលាក់មុខនោះឱ្យបាន និងសូមរៀបចំខ្លួននិងរស់នៅក្នុងនាមជាពលរដ្ឋស៊ីវីល័យក្នុងសង្គម ដោយត្រូវចងចាំថា៖ សុវត្ថិភាពចរាចរណ៍ផ្ដើមចេញពីមនុស្សម្នាក់ៗ ដោយហេតុថាគ្មានអ្នកណាម្នាក់អាចគេចផុតពីការប្រើប្រាស់ផ្លូវថ្នល់បានឡើយ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន១.៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង