Yearendyearend1140x150

ក្រុមហ៊ុនចិនបង្កើត«រោងចក្រដុតសំរាមផលិតឋាមពលអគ្គីសនី»នៅខេត្តសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចពិភាក្សារវាងតំណាងក្រុមហ៊ុនចិន និង អភិបាលខេត្តសៀមរាប។

សៀមរាប៖ក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីគម្រោងបង្កើត«រោងចក្រដុតសំរាមផលិតឋាមពលអគ្គីសនី» នៅខេត្តសៀមរាប ដើម្បីក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរីយធម៌ទីក្រុងអនាម័យ នាពេលអនាគត។

ក្រុមហ៊ុន MIZUDA ជាក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន បានសាង​សង់រោង​ចក្រដុតសំរាម ដើម្បីផលិតនិងផ្គត់ផ្គង់ឋាមពលអគ្គីសនីនៅខេត្តសៀមរាបនឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរីយធម៌ទីក្រុងអនាម័យ នាពេលអនាគត បន្ទាប់ពីគម្រោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ អស់រយៈពេលជាងកន្លះឆ្នាំ ដែលបានបញ្ចប់កាលពីមុនខែធ្នូឆ្នាំ២០១៩កន្លងទៅ ។

លោក Zhang Xiaozhong ប្រធានការិយាល័យតំណាងប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា តាមរបាយការណ៍របស់ក្រុមហ៊ុន MIZUDA បានរកឃើញថា សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ដូចនេះក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១.០០០តោន ខណៈក្នុង១ឆ្នាំ រោងចក្រនេះ ត្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចបំលែងជាឋាមពលអគ្គិសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺនគីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន ។

បើតាម លោក Zhang Xiaozhong ការបង្កើតរោងចក្រដុតសំរាម ដើម្បីផលិតឋាមពលអគ្គិសនីនៅខេត្តសៀមរាបនេះ គឺជាកម្មវត្ថុសំខាន់ក្នុងស្វែងរកដំណោះស្រាយ ការពារបរិស្ថានសម្រាប់ទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តមួយនេះ និង ដើម្បីបង្កើតអរិយធម៌ទីក្រុងអនាម័យ ដោយការកែប្រែសំរាមចេញពីកាកសំណល់ ឲ្យទៅជាធនធានដែលមានតម្លៃក្នុងការកែច្នៃ និងប្រើប្រាស់ឡើងវិញ ដែលវាមានគុណភាពមិនបន្សល់ផលប៉ះពាល់បរិស្ថានក្រោយការផលិតឋាមពលអគ្គិសនីនោះ ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគំរោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតឋាមពលអគ្គីសនីបានត្រឹមតែ១០ភាគរយនៃត្រូវការយ៉ាងណាក៏ដោយ ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថាន ។

គួររំលឹកថា បញ្ហាប្រមូលសំរាម , ការកំណត់តម្លៃលក់ឋាមពល និង ការកំណត់ទីតាំងសាងសង់រោងចក្រ នឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជំរុញល្បឿននៃកិច្ចដំណើរការ តាមតែលទ្ធភាពដែលអាចធ្វើទៅបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង