Yearendyearend1140x150

អ្នកសម្ដែងល្ខោន កញ្ញា វ៉ន ឆវី៖ធ្វើការងារមួយដែលខ្លួនស្រលាញ់ វាពិតជាមានអត្ថន័យណាស់ក្នុងជីវិត

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
កញ្ញា វ៉ន ឆវី អ្នកខេត្តកំពង់ធំ មានជំនាញសម្ដែងក្នុងល្ខោនបាសាក់ មានបទពិសោធន៍រយះពេល ០៤ហើយ
ពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍

ភ្នំពេញ៖ កញ្ញា វ៉ន ឆវី មានអាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ។ រយះពេល ០៤ឆ្នាំហើយ ដែលកញ្ញាបានប្រឡូកក្នុងវិស័យល្ខោនបាសាក់នេះ គិតចាប់តាំងពីចុងឆ្នាំ២០១៦ ដោយសារមានអ្នកស្គាល់គេហៅឱ្យចូលសម្ដែងជាមួយពួកគាត់។ តាមការផ្ដល់កិច្ចសម្ភាសន៍របស់ស៊ីស៊ីថាមស៍ កញ្ញា ឆវី ថ្លែងថា មានឈ្មោះជាអ្នកសិល្បះនឹងគេដែរ តែត្រឹមតែអ្នកសិល្បះជាអ្នកសម្ដែងល្ខោនកម្សត់ និងមិនសូវកាក់កបឡើយ។ តែយ៉ាងណាក៏ដោយ វាជាអ្វីដែលខ្លួនស្រលាញ់ និងដាក់ចិត្តក្នុងការធ្វើការងារនេះ វាជាការខិតខំប្រឹងប្រែងមួយដ៏មានអត្ថន័យក្នុងជីវិត។

ដំណើរដើមទងនៃការសម្ដែងរបស់កញ្ញា វ៉ន ឆវី កាលពីដំបូង កញ្ញាមិនចេះអ្វីឡើយពីជំនាញនៃការសម្ដែងល្ខោននេះ ក៏ប៉ុន្តែកញ្ញាមានខ្សែស្រលាយជាអ្នកសិល្បៈផងដែរ គឺជីតារបស់កញ្ញាជាអតីតអ្នកសម្ដែងយីកេ និងម្ដាយរបស់កញ្ញាជាអ្នកប្រគំលេងតន្ត្រីប្រពៃណីតាមភូមិស្រុក។ តែដល់ពេលត្រូវរៀនសម្ដែងផងធ្វើការផង ជាតួបន្ទាប់បន្សំដូចជាតួភីលៀង តួដទៃផ្សេងៗទៀត ដែលផ្ស៊ាំខ្លួននឹងឆាក ទស្សនិកជន គឺនិយាយរួម កុំឱ្យភ័យ កុំឱ្យខ្លាចមនុស្ស និងមានភាពក្លាហានក្នុងការសម្ដែងនៅចំពោះមុខប្រជាជនព្រោះជាធម្មតានៅតាមស្រុកភូមិ និងតំបន់គឺតែងតែមានអ្នកមកទស្សនាផ្ទាល់ជាច្រើនជាមិនខាន។

កញ្ញា ឆវី បានបន្តថា បន្ទាប់ពីមានភាពជិតស្និទ្ធ និងមានភាពក្លាហានគ្រប់គ្រាន់ក្នុងការសម្ដែង ដោយមិនភ័យ មិនញ័រជើង អាចសម្ដែងនៅមុខទស្សនិកជនច្រើននាក់ហើយ កញ្ញាក៏បានរៀនហាត់ច្រៀងខ្លួនឯងតាមរយៈធូយូប វីដេអូខារ៉ាអូនានាតាមទូរសព្ទ ដោយកត់ត្រាប៉ារ៉ូបទចម្រៀងដើម្បីច្រៀងតាម រហូតដល់ចេះចាំចម្រៀងទាំងមូលហើយ កញ្ញាក៏សុំការអនុញ្ញាតលោកគ្រូ«ទ្រខ្មែរ»ក្នុងវង់ល្ខោនបាសាក់នាយប៉េងប៉ោះ ដើម្បីហាត់ច្រៀង ហើយលោកគ្រូ«ទ្រខ្មែរ»ជាមនុស្សចិត្តល្អ គាត់តែងតែបង្ហាត់បង្រៀនខ្ញុំច្រៀងរៀងរាល់ថ្ងៃនៅពេលគាត់ទំនេរក្នុងគោលបំណងបណ្ដុះបណ្ដាលរូបកញ្ញា ឆវី ដែលមានការខិតខំប្រឹងផងនោះ។

កញ្ញា វ៉ន ឆវី ផាត់មុខតួយក្សក្នុងពេលសម្ដែងល្ខោនបាសាក់

បន្ថែមពីនេះទៅទៀត កញ្ញា ឆវី ប្រាប់ថា សម្រាប់ក្បាច់បាត កញ្ញាព្យាយាមខំមើលគេអំពីរបៀបរបបនៃការសម្ដែង និងតិចនិកក្នុងការសម្ដែងរបស់តួអង្គនៃសាច់រឿងនីមួយៗ តួយក្ស តួមនុស្ស តួកូន តួចៅ តួម្ដាយឪពុក និងតួកាច តួឆ្នាស់អី គឺត្រូវតែសិក្សាពីភាពប៉ិនប្រសប់របស់ពួកគាត់ទាំងអស់នោះ ហើយពួកគាត់ទាំងអស់ លោកគ្រូអ្នកគ្រូ ក៏បើកចិត្តទូលាយ និងផ្ដល់ភាពកក់ក្ដៅក្នុងការផ្ដល់ជាមតិ បង្ហាត់ និងពន្យល់ណែនាំនូវរបៀបនៃការសម្ដែងតួទាំងនោះ។


តួសម្ដែងរូបនេះ ថ្លែងថា ការហាត់សម្ដែងពីដំបូងមក គឺការហាត់រហូតមក គឺអាចនិយាយថា ខុសពីការហាត់រៀននៅតាមបណ្ដាសាលាសិល្បៈនៃការសម្ដែងល្ខោន ពួកគាត់អាចហាត់ រៀនសម្ដែងសិនទើប សម្ដែងតាមក្រោយ។ តែសម្រាប់វង់មហាជន គឺវង់ល្ខោនបាសាក់នាយប៉េងប៉ោះខេត្តកំពង់ចាម គឺកញ្ញាហាត់ផងរៀនផង មានន័យថា ពេលកំពុងសម្ដែងគឺជាពេលដែលហាត់រៀនផងដែរក្នុងពេលតែមួយ ហើយវាក៏ជាវិធីរបស់កញ្ញាមួយដែលត្រូវធ្វើបែបនេះ វាជាវិធីល្អម្យ៉ាងដែរសម្រាប់ការហាត់របស់កញ្ញាមកដល់សព្វថ្ងៃនេះ គឺកញ្ញានៅតែហាត់រៀនសម្ដែងមិនឈប់ឈរឡើយ ព្យាយាមស្វែងរកនូវតិចនិកក្នុងការសម្ដែងប្រកបដោយភាពច្នៃប្រឌិត និងប៉ិនប្រសប់។

ពេលសម្ដែងតួល្ខោនយក្សស្រីក្នុងវង់ល្ខោនបាសាក់វង់នាយប៉េងប៉ោះប្រចាំខេត្តកំពង់ចាម

កញ្ញា វ៉ន ឆវី ថា « ដំបូងឡើយ ខ្ញុំមិនទាន់អាចសម្ដែងជាតួយក្សបានទេ ទោះបីជាខ្ញុំចង់សម្ដែងក៏ដោយ។ រយះពេល ០២ឆ្នាំក្រោយ ទើបខ្ញុំបានចូលប្រឡូកក្នុងវិស័យនេះ បានខ្ញុំបានឱកាសបានសម្ដែងជាតួយក្សផងដែរ។ ទោះបីជាមិនបានសម្ដែងតួយក្ស គ្រប់ពេលវេលាក៏ដោយ តែវាជាអ្វីដែលខ្ញុំខិតខំប្រឹងប្រែងដើម្បីបានសម្ដែងបាន ហើយ០២ឆ្នាំបន្តទៀតនេះ ខ្ញុំអាចអភិវឌ្ឍសមត្ថភាពច្រើនទាំងការច្រៀង ការសម្ដែងតួផ្សេងៗទៀត ដែលលោកគ្រូបានផ្ដល់ឱ្យ»។

កញ្ញា ឆវី បានស៊ីស៊ីថាមស៍ក្នុងកិច្ចបទសម្ភាសន៍ថា កញ្ញាអាចផាត់មុខតួសម្ដែងបានច្រើនប្រភេទ ក្នុងនោះដែរទាំងតួយក្សប្រុស ទាំងមុខយក្សស្រី ដែលសមត្ថភាពផាត់មុខ ឬគូររូបនោះកើតចេញពីការខិតខំយកសន្លឺករូបថតរបស់យក្សដែលគេធ្លាប់សម្ដែង ហើយយកមករៀនគូរម្ដងបន្តិចៗ រហូតដល់ថ្នឹកដៃហើយអាចគូរបាន។ ការគូររូប ឬផាត់មុខតួយក្ស វារាងពិបាកដែរ ហើយការសម្ដែងក៏ពិបាកផងដែរ។

មុខរបរជាអ្នកសម្ដែងល្ខោននេះ គឺខ្លួនកញ្ញាផ្ទាល់ចង់ធ្វើ ដែលតាមពិតទៅ គ្រួសាររបស់កញ្ញា មិនសូវជាគាំទ្រពេញទំហឹងឱ្យកញ្ញាទៅសម្ដែងឡើយ ព្រោះមិនមានបងប្អូនសាច់ញាតិនៅក្នុងវង់សម្ដែងឡើយ ណាមួយនៅក្នុងខេត្តកំពង់ចាមទៀតឆ្ងាយពីម៉ែឪនៅខេត្តកំពង់ធំតាមស្រុកជនបទ ខ្លួនជាស្រីទៀត អត់ដែលស្គាល់អ្នកណាទាំងអស់។ ទោះបីជាយ៉ាងណា ដោយសារកញ្ញា ឆវី បានសិក្សាត្រឹមថ្នាក់ទី៨ ហើយមិនមានមុខរបរអ្វីឡើយ ហើយមានចំណង់ចំណូលចិត្តខាងសម្ដែងល្ខោន ហើយពេលនោះក៏ជាឱកាសមួយដែលកញ្ញាត្រូវសម្រចចិត្តថា គួរតែហ៊ានសាកល្បង និងយកឱកាសនេះដើម្បីពិសោធន៍ខ្លួនថា ខ្លួនឯងអាចធ្វើបាន នៅពេលមានគេសួរខ្លួនថា ធ្វើការអ្វីដែរ ហើយកញ្ញាក៏ចង់ប្រាប់គេថា ខ្ញុំសម្ដែងល្ខោនជាចំណង់ចំណូលចិត្ត។ ក្នុងពេលនោះដែរ ដោយសារហេតុផលរបស់ខ្លួន ក៏ម្ដាយរបស់កញ្ញា ឆវី បានអនុញ្ញាតឱ្យទៅរៀនហាត់សម្ដែងក្នុងវង់ល្ខោនបាសាក់នោះ ត្រឹមតែរយះពេល ០៣ឆ្នាំ បើមិនអាចសម្ដែងបានទេ និងមិនមានអ្វីជាដុំកំភួនទេនោះ គាត់នឹងឱ្យកញ្ញា ឆវី ត្រលប់មកស្រុកវិញ និងឈប់សម្ដែងជាមិនខាន។

កត្តាចម្បងៗ ដែលធ្វើឱ្យកញ្ញាសមដូចការប៉ងប្រាថ្នាក្នុងវិស័យសិល្បៈសម្ដែងល្ខោនបាសាក់វង់នាយប៉េងប៉ោះប្រចាំខេត្តកំពង់ចាមនោះគឺ ការតស៊ូរៀន តស៊ូហាត់ គ្រប់យ៉ាងពីលោកគ្រូអ្នកគ្រូដែលស្ថិតក្នុងវង់សម្ដែងជាមួយគ្នា ហើយការប្រឹងប្រែងដោយខ្លួនឯង ដោយយកគោលការណ៍សម្រាប់ខ្លួនឯងចង់ចេះ សម្ដែងល្ខោន និងហាត់ច្រៀងឱ្យបានស្ទាត់ល្អ មិនថាតាមរយះស្ដាប់មើលការសម្ដែងរឿងល្ខោនតាមយូធូប និងការសម្ដែងដោយផ្ទាល់របស់វង់ល្ខោនផងដែរ ទោះបីវាលំបាកក្ដី ហើយហាត់ច្រៀងដោយកត់បារ៉ូ តាមគេពីសាច់រឿងបានច្រើនដង ដែលច្រើនជាងការសម្ដែងទៅទៀត។

ផ្ដោតទៅលើផលវិបាកក្នុងការសម្ដែងល្ខោនបាសាក់វង់នាយប៉េះប៉ោះប្រចាំខេត្តកំពង់ចាម កញ្ញាបានរៀបរាប់ថា ការសម្ដែងជាតួយក្ស កញ្ញាត្រូវការស្រែកផង ច្រៀងផង មើលទៅពោរពេញដោយអំណាចសម្លេងត្រូវតែខ្ពស់ហើយស្អក ត្រូវតែកាច ឆ្នាស់ ហើយពេលសម្ដែងនោះត្រូវធ្វើយ៉ាងណាឱ្យទិដ្ឋភាពនោះដូចជាយើងជាយក្សមែនទែន វាមិនមែនជាការងាយស្រួលឡើយថា ឡើងមកដល់ឆាកហៅខ្លួនឯងថា យក្សរួចខ្លួនទេ នេះជាសិល្បៈនៃការសម្ដែងល្ខោនបាសាក់។ ពេលខ្លះរាងប៉ះពាល់ដល់សុខភាពបំពង់ក តែយ៉ាងណាវាជាតួនាទីក្នុងសម្ដែង វាត្រូវការស្រែកឱ្យសាកសមនឹងសាច់រឿង ហើយជួនកាលត្រូវសម្ដែងដាច់យប់ គេងមិនបានគ្រប់គ្រាន់។ រឿងដែលពិបាកមួយទៀតនោះ គឺពេលអាកាសធាតុមិនអំណោយផល មានភ្លៀង ខ្យល់ខ្លាំង ឬក៏បញ្ហាខាងបច្ចេកទេសភ្លើង អគ្គិសនីផ្សេងៗដែលមិនអាចដំណើរការ វាអាចរាំងស្ទះដល់ការសម្ដែងរបស់ក្រុមល្ខោនបាសាក់ផងដែរ។

ដែលក្នុងនោះមានសមាជិកអ្នកសម្ដែងទាំងអស់ប្រហែល ៣០នាក់ ហើយពេលខ្លះចេញសម្ដែងម្ដង មានឥវ៉ាន់សំពីងសំពោង ហើយមនុស្សអង្គុយលើឡាន ដែលកាលពីមុននោះមានប៉ូលីសផាកឡានល្ខោនទៀត រហូតដល់លោកសម្ដេច ហ៊ុន សែន បានប្រកាសអនុញ្ញាតចំពោះអ្នកសម្ដែងល្ខោន និងលើកលែងវិន័យច្បាប់ចរាចរណ៍ មិនដូច្នេះប្រហែលជាពិបាកហើយ។ ជីវិតអ្នកសម្ដែងល្ខោនបាសាក់សម្រាប់មហាជនតាមភូមិស្រុកបែបនេះ សម្រាប់ការស្នាក់នៅ គឺក្រាលកន្ទេលដេកតាមម្លប់ ដី ដើមឈើ ផ្ទះអ្នកស្រុកក៏មាន វាលស្រែមានដំបូលមេឃធំធេងតែម្ដងក៏មាន ឬតាមវិហារវត្តអារាមផ្សេងៗដោយអាចហាលទឹកសន្សើមផងក៏មាន។ ទឹកប្រើប្រាស់ក៏មិនមានគ្រប់គ្រាន់ផងដែរ ព្រោះត្រូវដើរសម្ដែងពីកន្លែងមួយទៅកន្លែងមួយទៀត ដែលជាអ្នកសិល្បៈនឹងគេដែរតែអ្នកសិល្បះជាអ្នកសម្ដែងល្ខោនរាងកម្សត់ និងមិនសូវកាក់កបឡើយ សម្រាប់កញ្ញា ឆវី គឺក្នុងជាអ្នកសម្ដែងល្ខោនវាពិតជាបទពិសោធន៍ដ៏គួរឱ្យកម្សត់ណាស់ ហើយចូលដល់សម័យកូវីដទៀត វាកាន់តែធ្វើឱ្យពួកគាត់កាន់តែរងគ្រោះថែមមួយកម្រិតទៀត។

ល្ខោនបាសាក់ ភាគច្រើនការសម្ដែងចាប់ពីយប់រហូតដល់ព្រឹកម៉ោង ៤ឬ៥ព្រឹក អ្នកសម្ដែងចាប់ផ្ដើមរកកន្លែងសំរាន្តហើយដើម្បីយកកម្លាំង នៅខណៈពេលក្រុមការងារផ្សេងៗទៀត ចាប់ផ្ដើមរ៉ើឆាក រ៉ើរោង រួចលាង និងបោសសម្អាតទីធ្លាសម្ដែង រួចហើយក៏បន្តដំណើរទៅកន្លែងមួយទៀតដែលត្រូវសម្ដែង។ កញ្ញាបានបញ្ជាក់ថា កន្លែងខ្លះ សម្ដែង ១យប់ កន្លែងខ្លះ ២យប់ និងកន្លែងខ្លះទៀត ត្រូវសម្ដែង ៣យប់ វាអាស្រ័យទៅស្រុកទេស។ លុះដល់ពេលហូបអាហារ វង់ល្ខោនរបស់កញ្ញា គឺវង់ល្ខោននាយប៉េងប៉ោះប្រចាំខេត្តកំពង់ចាម គឺមានចុងភៅប្រចាំវង់ម្នាក់ គឺគាត់មានតួនាទីចម្អិនម្ហូបអាហារសម្រាប់សមាជិកអ្នកសម្ដែងល្ខោនទាំងអស់គ្នា ហើយជួនកាលនៅតាមវត្តមួយចំនួនធំ គណៈកម្មាធិកាវត្តអារាមក៏ផ្ដល់ជាម្ហូបឧបត្ថម្ភក៏មាន និងហៅទៅហូបជាមួយផងដែរ។

យើងបានដឹងរួចមកហើយថា ពេលវេលាក្នុងរដូវប្រាំង ជាពិសេសចាប់ពីខែវិចិ្ឆកា-ធ្នូ រហូតដល់ខែឧសភាអី ជាថ្ងៃខែដែលបណ្ដាវង់ល្ខោនបាសាក់ទាំងឡាយនៅស្រុកខ្មែរ តែងតែចេញទៅសម្ដែង ស្រុកភូមិប្រជាពលរដ្ឋផ្សេងៗ និងនៅតាមតំបន់ក្នុងសហគមន៍នានា។ ចំណែកក្នុងរដូវវស្សាវិញ ការសម្ដែងល្ខោនបាសាក់ក៏នឹងត្រូវបានសម្រាកទាំងអស់ ដោយមិនមានការសម្ដែងឡើយ។ ម្យា៉ងវិញទៀត ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ជាពិសេសក្នុងខែដើមខែមករា កុម្ភះ និងមីនា ក្រុមសម្ដែងនៃវង់ល្ខោនបាសាក់នាយប៉េងប៉ោះប្រចំាខេត្តកំពង់ចាម កញ្ញា ឆវី ក៏ដូចជាក្រុមអ្នកសម្ដែងរួមវង់ទាំងអស់គ្នា បានត្រលប់ទៅភូមិរបស់ខ្លួនរៀងៗខ្លួន បន្ទាប់ពីបានសម្ដែងវង់ចុងក្រោយកំឡុងកូវីដ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០កន្លងទៅ ដោយសារមិនមែនការប្រគំ រៀបចំពិធី ការជួបជុំហូរហែរដែលជាអ្វីដែលក្រសួងសុខាភិបាលបានណែនាំរួចមក អ្វីដែលក្រុមសម្ដែងគ្រប់ៗរូប គឺត្រូវតែរង់ចាំចប់កូវីដសិន ទោះបីខណៈពេលនេះមិនមែនប្រាក់ចំណូលពីការសម្ដែង តែត្រូវបង្ខំចិត្តមួយរយះពេលក្នុងការស្វែងរកការងារផ្សេងៗទៀត តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីរកប្រាក់ចិញ្ចឺមគ្រួសារ និងទប់ទល់ជីវភាព ការចាយវាយប្រចាំថ្ងៃបាន។

មិនតែប៉ុណ្ណោះ ជីវភាពអ្នកសម្ដែងល្ខោនតាមភូមិស្រុកបែបនេះ វាមិនឋិតថេរឡើយ មិនដូចជាអ្នកសិល្បៈដែលសម្ដែងតាមបណ្ដាផលិតកម្ម ឬតាមក្រសួង ឬរដ្ឋឡើយ ដែលមានប្រាក់ខែជាប្រចាំ។ ហើយសម្រាប់កញ្ញា វ៉ន ឆវី ផ្ទាល់ កាលពីដើមដំបូងពេលចូលប្រឡូកក្នុងវិស័យល្ខោនបាសាក់នេះ កញ្ញាទទួលបានប្រាក់កម្រៃត្រឹមតែ ៤ម៉ឺនរៀលតែប៉ុណ្ណោះ បើធៀបទៅនឹងសាហ៊ុយធ្វើដំណើរពីផ្ទះរបស់ខ្លួនមកកន្លែងសម្ដែងត្រូវចំណាយលើសពី ៤ម៉ឺនរៀលទៅទៀត។ យ៉ាងនេះក្ដី កញ្ញា ឆវី មិនគិតពីប្រាក់ចំណូលទេ គឺអ្វីដែលសំខាន់ក្នុងពេលនោះ កញ្ញាចង់ហ្វឹកហាត់សមត្ថភាពខ្លួនឱ្យបានស្ទាត់ជំនាញ និងសម្ដែងល្អ។ បើសិនជាខ្លួនចេះសម្ដែងហើយ នោះខ្លួននឹងអាចរកប្រាក់ចំណូលបានតាមក្រោយ ដូចនេះកញ្ញាអត់ធ្មត់ និងជំនះរាល់បញ្ហាដែលមានចំពោះមុខខ្លួនជាញយដង គឺខំតស៊ូ ទំរាំចេះសម្ដែងបានដូចសព្វថ្ងៃនេះ និងអាចទទួលបានប្រាក់កម្រៃប្រចំាថ្ងៃបានគួរសមជាងមុន។

ក្នុងនាមជាតួសម្ដែងល្ខោនតាមវង់ល្ខោនបាសាក់នាយប៉េះប៉ោះប្រចាំខេត្តកំពង់ចាម កញ្ញា វ៉ន ឆវី យល់ឃើញថា ការគាំទ្ររបស់ទស្សនិកជន ក៏ដូចជាប្រជាពលរដ្ឋតាមតំបន់ និងស្រុកទេស គឹមានលក្ខណៈខុសពីមុន ព្រោះដោយសារបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈទំនើបច្រើនជាងពីមុន ដែលពួកគាត់មិនសូវចំណាយទៅទស្សនាការសម្ដែងផ្ទាល់ឡើយ ដោយហេតុរវល់ការងារផង ត្រូវអង្គុយមើលក្រោមទឹកសន្សើម មូសខាំផង វារាងពិបាកដែរ ទើបបែរជារង់ចាំទស្សនាតាមវីដេអូបង្ហោះក្នុងយូធូប និងបណ្ដេញសង្គមផ្សេងៗទៀត។ ម្យា៉ងវិញទៀត វាងាយស្រួល ហើយពួកគាត់មិនចំណាយពេល និងខាតការងាររបស់ពួកគាត់ផងដែរ។

កញ្ញា ឆវី រៀបរាប់ថា តាមបទពិសោធន៍របស់ខ្លួនផ្ទាល់ ភាគច្រើននៅជាយៗក្រុងភ្នំពេញ ត្រឹមម៉ោង១២ រំលងអាធ្រាតអី មនុស្សមិនសូវនៅទស្សនា និងបន្តតាមដានសាច់រឿងនៃការសម្ដែងល្ខោនបាសាក់ទាល់តែចប់បានច្រើននាក់ទេ មិនដូចចាស់ៗពីដើម មិនទាន់បច្ចេកវិទ្យាច្រើន ពួកគាត់ចូលចិត្ត និងគាំទ្រខ្លាំងណាស់។ ទោះបីយ៉ាងនេះក្ដី ក៏នៅតាមបណ្ដាខេត្ត និងជនបទមួយចំនួនធំ ដូចជាខេត្តត្បូងឃ្មុំ និងខេត្តដទៃៗទៀត នៅតែពេញនិយមការទស្សនាការសម្ដែងល្ខោន មកទស្សនាផ្ទាល់ និងគាំទ្រ លើកទឹកចិត្តដល់ក្រុមសម្ដែងល្ខោនបាសាក់នានា ដោយតាមដានរហូតដល់សាររោងតែម្ដង។ កញ្ញានៅតែស្រលាញ់ការងារមួយនេះ ហើយដាក់ចិត្តដើម្បីបានធ្វើការងារដែលខ្លួនស្រលាញ់មួយនេះ ព្រោះទំរាំបានក្លាយជាអ្នកសម្ដែងល្ខោនម្នាក់ កញ្ញាឆ្លងកាត់ឧបសគ្គច្រើនគួរសមដែរ ការប្រឹងប្រែងកន្លងមក ពិតជាមានអត្ថន័យណាស់ក្នុងជីវិត។ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង