Yearendyearend1140x150

ស្លាប_Dosslarb បើកឱកាសឱ្យយុវជនពិភាក្សាចែករំលែកអំពីអំពីការអប់រំសុខភាពផ្លូវភេទនិងបន្តពូជ

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រូបតំណាង Logo និងបេសកកម្មនៃដុះស្លាប_Dosslarb 

ភ្នំពេញ៖ «ដុះស្លាប» ប្រៀបប្រដូចយុវជនទៅនឹងសត្វស្លាបដែលត្រូវការការថែទាំ បណ្តុះបណ្តាលត្រឹមត្រូវទើបអាចមានសមត្ថភាពហោះហើរបានដោយសុវត្ថិភាព មានន័យថា យុវជននៅពេលមានការយកចិត្តទុកដាក់ បានបង្រៀនផ្តល់ចំណេះដឹង នោះនឹងអាចធ្វើការសម្រេចចិត្តធ្វើអ្វីមួយដោយមានសុវត្ថិភាពនិងមានសេចក្តីសុខ។ ដុះស្លាប_Dosslarb បង្កើតឡើងក្នុងគោលបំណងផ្ដល់នូវឱកាសដល់យុវជនបានច្រើន ក្នុងការទទួលបានចំណេះដឹងពាក់ព័ន្ធសុខភាពផ្លូវភេទ និងបន្ដពូជ ដែលភាគច្រើន គ្រប់គ្នា តែងតែមានភាពខ្មាសអៀនក្នុងការនិយាយចេញមកក្រៅ ពិភាក្សា ដែលតាមពិត វាជារឿងដែលគួរយកចិត្តទុកដាក់ទៅវិញសោះ។

ស្ថានិកដុះស្លាប ប្រាប់ថា គោលបំណងដែលពួកយើងបង្កើតដុះស្លាបដោយសារ យើងចង់ឃើញយុវជនបើកការពិភាក្សា និងចែករំលែកអំពីការអប់រំផ្លូវភេទ និងសុខុមាលភាពនៅក្នុងសហគមន៍របស់ពួកគេ។ លក្ខណៈពិសេសរបស់ដុះស្លាបគឺនាំមកនូវចំណេះដឹងពាក់ព័ន្ធនឹងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសចំណេះដឹងផ្លូវភេទនិងបន្តពូជ តាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការច្នៃប្រឌិត។ ជាងនេះទៅទៀត ចំនុចពិសេសនោះគឺ ទស្សនិកជន ឬសហគមន៍វ័យក្មេង សហការ និងអន្តរកម្ម និងសិទ្ធិស្ត្រី។


យុវនារីឆ្នើមទាំងបួនរូប ជាស្ថានិកនៃដុះស្លាប_Dosslarb (រូបភាពដោយ៖ ដុះស្លាប)

ដុះស្លាបអះអាងថា « ដុះស្លាប_Dosslarb មិនស្ថិតក្នុងការគ្រប់គ្រងរបស់អង្គភាពណាមួយឡើយ។ ដុះស្លាបមិនមែនត្រឹមតែជាវេទិការចែកចាយចំនេះដឹងទេ តែដុះស្លាបជាធុរកិច្ចបង្កើតថ្មី (Startup) ផ្តល់សេវាកម្មពាក់ព័ន្ធនឹងការផលិតវីដេអូ ការគ្រប់គ្រងយុទ្ធនាការលើបណ្តាញសង្គមជាដើម។ ត្រឹមរយៈពេល៥ខែមកនេះ ដុះស្លាបបានជួយសង្គមច្រើន ក្នុងនោះមានដូចជា ចំណេះដឹងផ្សេងៗ ដែលប្រជាជនត្រូវទទួលបាន ដើម្បីយកមកសិក្សា ទាំងក្មេងវ័យជំទង់ ឬមនុស្សពេញ។ យើងបានផលិតជាវីដេអូ និងអត្ថបទមួយចំនួនផ្សាយលើហ្វេសប៊ុក ដែលប្រធានបទទាំងនោះ សុទ្ធតែទាក់ទងពីការអប់រំផ្លូវភេទ និងបន្តពូជ ដែលទស្សនិកជនអាចយល់ដឹងច្រើនជាងមុន »។

ដុះស្លាប បន្ថែមថា «សុខភាពផ្លូវភេទ និងបន្តពូជ» ជាប្រធានបទមួយដែល ដុះស្លាបបានសង្កត់ធ្ងន់ ដែលជានេះជារឿងចំបងដែលគ្រប់គ្នា ចំពោះការទទួលបានព័ត៌មានពីសុខភាពផ្លូវភេទ និងបន្ដពូជ នៅកម្ពុជា។ពីព្រោះវាទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ការថែទាំសុខភាព ការសម្រេចចិត្ត ការមិនទទួលបានការបង្ខិតបង្ខំរំលោភបំពាន ការយល់ដឹងពីចំណង់អារម្មណ៍របស់ខ្លួន ជាដើម។ បើសិនជាយើងមានការពិភាក្សាពីប្រធានបទទាំងនេះ យើងជឿថាសង្គមនឹងមានការបើកចំហរ ការយោគយល់ ហើយយុវជនលែងប្រឈមនឹងបញ្ហាអៀនខ្មាសនិយាយពីសុខភាពផ្លូវភេទខ្លួនឯង និងលែងមានការប្រឈមដូចជា ចូលរួមសកម្មភាពផ្លូវភេទដែលខ្លួនមិនចង់ ការលោមលួងពីដៃគូ ការមានផ្ទៃពោះចៃដន្យជាដើម»។

រូបភាពដោយ៖ ដុះស្លាប_Dosslarb


ស្ថានិកដុះស្លាប ប្រាប់ទៀតថា វេទិកានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលផ្ដោតលើសុខុមាលភាពរបស់យុវជន ជាពិសេសសុខភាពផ្លូវភេទ និងបន្តពូជ របស់ដុះស្លាប បានផ្ដល់ប្រជាជនខ្មែរទាំងមូល។ តាមរយៈការមើលឃើញរបស់ដុះស្លាប យល់ថា យុវជនមួយចំនួនចាប់ផ្តើមចាប់អារម្មណ៍លើដុះសា្លប និងមានភាពវិជ្ជមានលើមាតិការដែលយើងបានផលិត។

ជាក់ស្ដែង សព្វថ្ងៃនេះ ដុះស្លាបនឹងខិតខំប្រឹងប្រែងផ្នែកការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ តាមបណ្ដេញសង្គម ដើម្បីជាទុនសម្រាប់យុវវ័យ យុវនារីជាច្រើននាក់ ក៏ដូចជាប្រជាជនខ្មែរ ក្នុងការទទួលបានចំណេះដឹងសុខុមាលភាពផ្លូវភេទ និងបន្តពូជនានា ដែលពួកគាត់គួរយកចិត្តទុកដាក់ទាំងអស់។ ហើយដុះស្លាប ធ្លាប់បានផ្សព្វផ្សាយពីខ្លួន តាមរយៈចុះតាមសហគមន៍ ឬតាមរយៈរូបភាព និងមធ្យោបាយនានា។ ជាក់ស្តែង កន្លងមក ដុះស្លាបធ្លាប់បានសម្ភាសន៍ដោយ ក្រុមប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា Thmey Thmey ទូរទស្សន៍ស៊ីធីអិន(CTN) WeduShare។ ដុះស្លាបនឹងបន្តផលិតមាតិការក្នុងទម្រង់ផ្សេងៗ ដែលមានវីដេអូ អត្ថបទ រូបភាពជាដើម ដែលនឹងផ្តោតលើប្រធានបទផ្សេងៗទៀត ក្រោមសុខភាពផ្លូវភេទនិងបន្តពូជ។

ជាចុងក្រោយ ដុះស្លាបមានសារខ្លីមួយសម្រាប់យុវជនកម្ពុជា គឺពួកយើងចង់ឲ្យយុវជនទាំងអស់ ជាពិសេសស្ត្រី រួមគ្នា បើកចំហរនិងបញ្ចេញមតិខ្លួនឯង កុំគិតថា វាជារឿងអាសអាភាសគិតថា វាជាចំណេះដឹងដែលអាចជារនាំការពារខ្លួន និងជាស្ពានទៅរកសុខុមាលភាព និងសេចក្តីសុខ។ លើសពីនេះ ដុះស្លាបសង្ឃឹមថា នឹងមានស្ថាប័នផ្សេងៗ គាំទ្រដុះស្លាប_Dosslarb ដើម្បីជួយជំរុញបន្តនូវឆន្ទៈរបស់យើង ដើម្បីយុវជនដើម្បីសង្គម។

សូមបញ្ជាក់ថា ដុះស្លាប_Dosslarb បានបង្កើតឡើងនៅចុងឆ្នាំ២០១៩ ត្រឹមរយៈពេល០៥ខែមានការគាំទ្រពីយុវជនយុវនារីជាច្រើន។ ស្ថានិកដុះស្លាប_Dosslarb ចំនួន ០៤នាក់ជាស្ត្រី ដែលក្នុងនោះ0៣នាក់បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ(DMC)នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) គឺ កញ្ញា ប៊ុន សៅសុភនាថ កញ្ញា សេង សូលីដែត កញ្ញា ហ៊ីង សុជាតា និងម្នាក់ទៀតទទួលបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៃសកលវិទ្យាល័យខេមអេដ(CamEd) គឺ កញ្ញា ជីញ រត្ថា។


រាប់ពីស្ដាំមក (រូបទី១ កញ្ញា ជីញ រត្ថា) (រូបទី២ កញ្ញា ប៊ុន សៅសុភនាថ), (រូបទី៣ កញ្ញា សេង សូលីដែត), (រូបទី៤ កញ្ញា ហ៊ីង សុជាតា)

(រូបភាពដោយ៖ ដុះស្លាប_Dosslarb)

កញ្ញា ប៊ុន សៅសុភនាថ គឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយមួយរូប ដែលចង់ប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីលើកទឹកចិត្តស្ត្រីវ័យក្មេងនិយាយ និងបញ្ចេញមតិខ្លួន។ ការលើកទឹកចិត្តមានច្រើនទម្រង់ ហើយនាថបានជ្រើសរើសវិធីសាស្រ្តនៃការលើកទឹកចិត្ត ការឱកាស និងសមត្ថភាព។ តាមរយៈវិធីសាស្រ្តនេះ កញ្ញា សុភនាថសង្ឃឹមថាស្ត្រីអាចភ្ជាប់ ចូលប្រើនិងអនុវត្តចំណេះដឹងរបស់ពួកគេទាក់ទងនឹងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជបានទូលំទូលាយ និងច្រើនជាងមុន។ ហេតុដូច្នេះហើយ ដុះស្លាបសង្ឃឹមថានឹងអាចក្លាយជាទ្វារ និងស្ពានភ្ជាប់យុវជនទៅនឹងព័ត៌មានដែលគួរឱ្យទុកចិត្តនិងគួរឱ្យជឿជាក់។

កញ្ញា ហ៊ីង សុជាតា ចូលចិត្តសរសេរនិងរចនារូបភាព។ បន្ទាប់ពីទទួលបានបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន ខ្លួនចាប់ផ្តើមមានគំនិតបើកចំហចំពោះប្រធានបទថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានបទមួយដែលខ្លួនចូលចិត្តជាងគេគឺ សុខភាពផ្លូវភេទ និងបន្តពូជ។ នោះហើយជាមូលហេតុដែលកញ្ញាបានចាប់ផ្តើមដំណើរជាមួយមិត្តភក្តិផ្សេងទៀតដើម្បីបង្កើតដុះស្លាប។ កញ្ញាសុជាតាបានបញ្ចប់ការសិក្សាពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញា សុជាតាត្រូវបានបំផុសគំនិតឱ្យលើកកម្ពស់សិទ្ធិនារី​ នោះហើយជាមូលហេតុដែលជាតានាំយកគំនិតថ្មីៗដែលផ្តល់ប្រយោជន៍ដល់ស្ត្រីជាមួយដុះស្លាប។

កញ្ញា សេង សូលីដែត គឺជានិស្សិតដែលបញ្ចប់ការសិក្សាពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ជំនាន់ទី១៥។ ដោយសារ ការនិយាយបើកចំហអំពីសុខភាពផ្លូវភេទ និង បន្តពូជនៅក្នុងសង្គមគ្រួសារខ្មែរមិនត្រូវបានអនុញ្ញាត អោយនិយាយចំៗ ដូចនេះហើយបានជា សូលីដែតមិនសូវទទួលបានចំណេះដឹងច្រើនដូចយុវជនដទៃ ជាពិសេសនារីៗ។

កញ្ញា ជីញ រត្ថា ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសកលវិទ្យាល័យខេមអេដ។ កញ្ញាក៏ទទួលបានអ្នកបច្ចេកទេសគណនេយ្យដែលបានបញ្ជាក់ (CAT) របស់ខ្លួនក្នុងកំឡុងពេលបញ្ចប់ការសិក្សា។ បច្ចុប្បន្ននេះកញ្ញា រត្ថា កំពុងស្ថិតនៅលើផ្លូវរបស់ខ្លួនឯង ដើម្បីបន្តការសិក្សាវិជ្ជាជីវៈ ACCA ។ កញ្ញាមានបទពិសោធន៏ ១ ឆ្នាំធ្វើការជាសវនកនៅ Deloitte (Cambodia) ដែលជាកន្លែងដែលខ្លួនមានឱកាសបំរើសេវាកម្មដល់អតិថិជនអាជីវកម្មចម្រុះដូចជាធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនទ្រព្យសម្បត្តិវិនិយោគ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង