Yearendyearend1140x150

ស្រ្តីខ្មែរសញ្ជាតិអាមេរិករត់ចេញពីមណ្ឌលចត្តាឡីស័កនឹងទទួលការពិន័យតាមច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ចាម៖ ស្រ្តីខ្មែរសញ្ជាតិអាមេរិកដែលបានរត់ចេញពីមណ្ឌលចត្តាឡីស័កនឹងរងការពិន័យតាមអនុក្រឹត្យស្តីពីការគេចវេសមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជា ខណៈដែលអាជ្ញាធរខេត្តកំពុងអនុវត្តតាមវិធានការផ្លូវច្បាប់។ នេះបើតាមលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះ។

លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកដែលបានរត់ចេញពីមណ្ឌលចត្តាឡីស័កនឹងរងការពិន័យជាអន្តរកាល ខណៈដែលអាជ្ងាធរខេត្តកំពុងអនុវត្តតាមវិធានការផ្លូវច្បាប់។ តែទោះបីជាយ៉ាងណា លោក អ៊ុន ចាន់ដា មិនអាចបញ្ជាក់ប្រាប់អ្នកសារព័ត៌មានស៊ីស៊ីថាមស៍លម្អិតពីកម្រិតទោស និងនីតិវិធីច្បាប់បន្តក្នុងការដាក់ពិន័យទៅលើស្រ្តីខ្មែរសញ្ជាតិអាមេរិករូបនោះ ដោយឱ្យរង់ចាំលទ្ធផលពិភាក្សាសម្រេច។

គួរបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរ-អាមេរិក បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា បន្ទាប់ពីគាត់បានធ្វើដំណើរពីសហរដ្ឋអាមេរិកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា។ គាត់គឺជាអ្នកដំណើរក្នុងជើងហោះហើរ KE689 ជាមួយជនជាតិអាមេរិកកាំងពីរនាក់ ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។

បន្ទាប់ពីបានរត់គេចខ្លួនពីរាជធានីភ្នំពេញ ស្ត្រីជនជាតិខ្មែរ-អាមេរិក រូបនេះបានធ្វើដំណើរទៅខេត្តកំពង់ចាម ហើយត្រូវបានអាជ្ញាធរខេត្តរកឃើញនៅក្នុងផ្ទះសំណាក់មួយក្នុងកុ្រងកំពង់ចាម កាលពីថ្ងៃទី១៨ ខែកក្កដា។ បើតាមលោកអភិបាលខេត្ត មនុស្ស១០នាក់ ដែលបានប៉ះពាល់នឹងស្ត្រីខ្មែរ-អាមេរិក ដែលរត់ពីកន្លែងចត្តាឡីស័កនៅរាជធានីភ្នំពេញ ទៅខេត្តកំពង់ចាមនោះ ត្រូវបានត្រួតពិនិត្យសុខភាពហើយ។ ពួកគេទាំងនោះ គ្មានរោគសញ្ញាកូវីដ-១៩ នោះទេ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នេះជាករណីដែលបានចាកចេញពីកន្លែងធ្វើចត្តាឡីស័ក ដោយមិនបានស្នើសុំត្រឹមត្រូវ ដែលជាទង្វើលួចចេញដោយមិនគោរពតាមវិធានការចត្តាឡីស័កសម្រាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានការរាតត្បាតជំងឺឆ្លងជាអន្តរជាតិនេះ។ ករណីនេះទាមទារពេលវេលាបន្តិចសិន ដើម្បីក្រុមការងារថ្នាក់ក្រោមជាតិដែលមានអាជ្ញាធរខេត្តដឹកនាំ កំពុងធ្វើការងារបន្តទៀតសិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង