Cct850x100 1

ក្រសួងសុខាភិបាល៖«កម្ពុជាមិនទាន់គេចផុតពីកូវីដ១៩»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១៧ ខែកក្កដានេះ បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ចំនួន៥ករណីបន្ថែមទៀត។ ការរកឃើញករណីវិជ្ជមានថ្មីនេះ គឺបញ្ជាក់ច្បាស់ហើយថាកម្ពុជាមិនទាន់រួចផុតពីហានិភ័យនៃការឆ្លងវីរុសកូវីដ១៩នោះទេ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានថ្លែងថា ថ្វីត្បិតតែកន្លងមកនេះ ចំនួនករណីវិជ្ជមាននៃវីរុសកូវីដ១៩ ដែលក្រសួងបានរកឃើញនេះសុទ្ធតែជាចំនួននាំចូលមកខាងក្រៅប្រទេសក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋមានការធ្វេសប្រហែសដោយមិនមានការយកចិត្តទុកដាក់ខ្លួនឲ្យបានត្រឹមត្រូវទេនោះ ហានិភ័យនៃការចម្លងកូវីដ១៩នៅតែមាន។

លោកជំទាវបានបញ្ជាក់ថា ដោយសារយើងមិនដឹងថាតើបុគ្គលណាខ្លះដែលមានផ្ទុកនូវវីរុសកូវីដ១៩ ក្នុងកំឡុងពេលដែលបុគ្គលនោះធ្វើដំណើរ ក៏ដូចជានៅក្នុងពេលចល័តពីកន្លែងមួយទៅកន្លែងមួយ។ ដូច្នេះហើយបានជាវិធានការនៃការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋដែលមានការប៉ះពាល់ផ្ទាល់ក្តី ឬការប៉ះពាល់ដោយប្រយោលក្តី ដែលចាំបាច់ត្រូវតែដាក់ខ្លួនឲ្យនៅដោយឡែកឲ្យបានត្រឹមត្រូវនៅក្នុងរយៈពេល១៤ថ្ងៃនេះ ដើម្បីតាមដានសុខភាពផ្ទាល់ខ្លួន និងដើម្បីជៀសវាងនូវការការចម្លងចូលទៅក្នុងសហគមន៍។

ជាមួយគ្នានេះ លោកជំទាវបានបន្តថា ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែកក្កដានេះ បានចេញនូវសេចក្តីណែនាំសម្រាប់ប្រជាពលរដ្ឋយកទៅអនុវត្តនៅក្នុងកំឡុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យឈប់សម្រាកសងថ្ងៃឈប់សម្រាកនាពេលខាងមុខនេះគឺមានរយៈពេលយូរ ដូច្នេះប្រជាពលរដ្ឋមួយចំនួនអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើត ហើយប្រជាពលរដ្ឋមួយចំនួនប្រហែលជាមានផែនការដើម្បីធ្វើដំណើរទៅកម្សាន្តនៅទីនានា។ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តឲ្យបានខ្ចាប់ខ្ជួននូវវិធានការការពារ ហើយសូមអនុវត្តទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញដាក់ចេញ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការចេញសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ ធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបានរកឃើញជាបន្តបន្ទាប់នូវករណីឆ្លងនៃវីរុសកូវីដ១៩ ដែលសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស៕

ពាក្យទាក់ទង: កូវីដ១៩
Khcct banner

អត្ថបទទាក់ទង