Cct850x100 1

វិស័យដឹកជញ្ជូននៅកម្ពុជាមានការធ្លាក់ចុះក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយ ក្រោមប្រធានបទវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន។ 

ភ្នំពេញ៖ វិស័យដឹកជញ្ជូននៅកម្ពុជាមានការធ្លាក់ចុះក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ ដោយកម្ពុជាទទួលបានអ្នកដំណើរចំនួន១,៩៥ លាននាក់ ធ្លាក់ចុះ៦៨% និងទំនិញចំនួន២៥.០០០ តោន ធ្លាក់ចុះ៣០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា មេរោគកូវីដ១៩បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូននៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ និងធ្វើឱ្យវិស័យនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កម្ពុជាទទួលបានអ្នកដំណើរចំនួន១,៩៥ លាននាក់ ធ្លាក់ចុះ៦៨% និងទំនិញចំនួន២៥.០០០ តោន ធ្លាក់ចុះ៣០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីជាមានឥទ្ធិពលអវិជ្ជមានពីមេរោគកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។

ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យប្រទេសដែលជាភាគីពាក់ព័ន្ធទាំងអស់សហការឲ្យបានជិតស្និទ្ធ មិនត្រូវចង្អុលដាក់គ្នា ឬស្ដីបន្ទោសគ្នាទៅវិញទៅមក ប៉ុន្តែចាំបាច់ត្រូវតែរួបរួមឯកភាពគ្នាជាធ្លុងមួយដើម្បីយកឈ្នះ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដើម្បីជំរុញសេដ្ឋកិច្ច និងគាំទ្រដល់វិស័យឯកជនក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ក្នុងនោះរួមមានការបង្កើតកម្មវិធីសង្គម ផ្សេងៗជាច្រើនដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ហើយរំពឹងថាអត្រាកំណើនផលិតផលក្នុងស្រុកសរុបនឹងកើនឡើងដល់ប្រហែល៥% នៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន ឯកឧត្ដម Dato Abdul Mutalib Yusof រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព័ត៌មាននិងដឹកជញ្ជូននៃប្រទេសព្រុយណេ និងឯកឧត្ដម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតជាសំខាន់លើវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន៕

Khcct banner

អត្ថបទទាក់ទង