Yearendyearend1140x150

វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីកើនឡើង២០,៣៩% ក្នុងឆ្នាំ២០១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
 អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង

ភ្នំពេញ៖ ខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានសកត្តានុពលទេសចរណ៍ដែលមានគោលដៅទេចរណ៍ជាច្រើនកន្លែង ជាហេតុធ្វើឱ្យកំណើនទេសចរណ៍ក្នុងឆ្នាំ២០១៩ កើនឡើងរហូតដល់២០,៣៩%។ នេះបើតាមអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងបទបង្ហាញស្តីអំពី «វឌ្ឍនភាព និង ទិសដៅការងារអនុវត្តបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី» អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានឱ្យដឹងថាកំណើនទេសចរណ៍ក្នុងឆ្នាំ២០១៩ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងឆ្នាំ២០១៩ មានការកើនឡើងដល់២០,៣៩%។

លោកអភិបាលបានបន្តថា ដោយមើលឃើញពីសន្ទុះនៃការកើនឡើងនៃវិស័យទេសចរណ៍ អាជ្ញាធរ ក៏បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យនេះ តាមរយៈការបណ្តុះ បណ្តាលធនធានមនុស្សលើវិស័យទេសចរណ៍ ការកែលម្អរតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ ការថែរក្សា និងអភិរក្សតំបន់រមណីយដ្ឋានទេចណ៍ ការជួយសម្របសម្រួលដល់ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ និងការចុះបញ្ជីអាជីវកម្មទេសចរណ៍ ជាដើម។

ឯកឧត្តមមានប្រសាសន៍ថា ៖«នៅទូទាំងខេត្តមណ្ឌលគិរីមានធនធាន និងងតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរណ៍ អាចទៅដល់មានចំនួន ៣៦កន្លែង ក្នុងនោះមានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់»។

ទន្ទឹមនឹងនេះ នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍ ក្នុងនោះ សណ្ឋាគារ ១១កន្លែង,ផ្ទះសំណាក់ ៥១កន្លែង ,ម៉ូតែល ០២កន្លែង, បឹងកាឡូ ០១កន្លែង ភោជនីយដ្ឋាន និងអាហារដ្ឋាន ៣៤កន្លែង និងខារ៉ាអូខេ ១៣កន្លែង ,កន្លែងម៉ាស្សា ០៤កន្លែង និងមគ្គុទេសក៍ទេសចរណ៍សហគមន៍សរុប ៧៥នាក់។ ជាមួយគ្នានេះដែរ មានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ដោយឯកជនសរុបមានចំនួន ១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, រមនា២, ជ្រៃយស់, ចំការកាហ្វេ , អូររមីស , ជ្រៃធំ,ដំណាក់ស្តេច,ក្បាលព្រះ។

ឯកឧត្តមបញ្ជាក់ថា នៅមានគម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អភិរក្សធនធានធម្មជាតិ សរុបចំនួន ៤០គម្រោងទៀត ក្នុងនោះមាន ដែនជម្រកសត្វព្រៃកែវសីមា ១០គម្រោង, ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ០២គម្រោង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ ២៨គម្រោង ហើយថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលដៅ និងផែនការអភិវឌ្ឍន៍ខេត្តកែប និងខេត្តមណ្ឌលគិរី ផែនការនេះ ត្រូវបាន និងកំពុងសិក្សាដោយក្រុមការងារ ក្រសួងទេសចរណ៍ នឹងត្រូវបានអនុវត្តនាពេលខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង