Yearendyearend1140x150

ក្រសួងកសិកម្មចុះMOUជាមួយក្រុមហ៊ុនជប៉ុនក្នុងគម្រោងអភិវឌ្ឍបន្លែសុវត្ថិភាពនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ក្រសួងកសិកម្មបានចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពី "ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុកនិងការនាំចេញ" ជាមួយក្រុមហ៊ុន Yamato Green Co., Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ក្នុងពិធីចុះហត្ថលេខាដ៏មានសារសំខាន់នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង Dr. Nabeshima Katsuhito (ស្ថាបនិក និងជានាយកក្រុមហ៊ុន) ដៃគូអភិវឌ្ឍ វិស័យឯកជនជប៉ុននិងកម្ពុជា ព្រមទាំងឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនបានអញ្ជើញផ្តល់កិត្តិយសជាសក្ខីភាពក្នុងពិធីនេះផងដែរ។

យោងលើខ្លឹមសារនៃសេចក្តីថ្លែងការបានរំលេចឲ្យឃើញពីគោលបំណងសំខាន់ៗនៃឯកសារអនុស្សរណនេះមានដូចជា១.ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ទី២.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។

ចំណែកទី៣.ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយ តបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ។ ទី៤.លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ) និងការប្រើប្រាស់ធាតុចូល។

ឆ្លៀតក្នុងពិធីនោះ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ព្រឹត្តការណ៍នាពេលនេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍផលិតកម្មបន្លែកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ ការចាប់យកកាលានុវត្តភាព ជាពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាឯកសារMOU ដែលបានចុះហត្ថលេខានាថ្ងៃនេះមានលក្ខណ:គ្រប់គ្រាន់ក្នុងការបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកយ៉ាងប្រទាក់ក្រឡាក្នុងខ្សែច្រវាក់ផលិតកម្មបន្លែដោយចាប់ផ្តើមពីការដាំ ការថែរក្សា (ទឹក ជី ថ្នាំ ជំងឺ និងសត្វល្អិត) ការប្រមូលផល ការវេចខ្ចប់ ការរក្សាទុកក្នុងទូត្រជាក់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូល ការ ស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេស។

ជាមួយគ្នានោះ Dr. Nabeshima Katsushito តំណាងឲ្យនាយកក្រុមហ៊ុន និងដៃគូពាក់ព័ន្ធក្នុងគម្រោងបានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពលនិងធនធានដែលខ្លួនមាន នាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ មកអនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា ធានាបរិមាណផ្គត់ផ្គង គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ។

គួរបញ្ជាក់ថាក្រុមហ៊ុនជប៉ុនចំនួន១០ នឹងមកចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មបន្លែនេះទៅតាមជំនាញនីមួយៗ ហើយពិតណាស់កសិករជាអ្នកផលិតគឺជាដៃគូមិនអាចខ្វះបានក្នុងការឈានទៅសម្រេចជោគជ័យតាមផែនការ។ នេះបើតាមលោក Nabeshima ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង