Yearendyearend1140x150

វៀតណាមស្នើកម្ពុជាជួយសម្រួលជីវភាពប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបឆ្វេង ឯកឧត្តម ង្វៀន ភូ ត្រុង និងរូបស្តាំ សម្តេច ហ៊ុន សែន។

ភ្នំពេញ៖ រដ្ឋាភិបាលវៀតណាមស្នើឲ្យខាងភាគីកម្ពុជាបន្តការជួយសម្រួល និងបង្កលក្ខណៈងាយស្រួល ដើម្បីប្រជាជនមានដើមកំណើតវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា អាចមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងប្រកបមុខរបរយូរអង្វែង។ នេះបើតាមកិច្ចសន្ទនាតាមរយៈទូរសព្ទរវាង ឯកឧត្តម ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្ស និងជាប្រធានរដ្ឋវៀតណាម ជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងកិច្ចសន្ទនាជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋវៀតណាម បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃកិច្ចសន្ទនាជាមួយសម្តេច ហ៊ុន សែន ដោយបានសម្តែងនូវអំណរគុណចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងភាគីប្រទេសទាំងពីរកន្លងមក។

ទន្ទឹមនឹងការវាយតម្លៃឯកឧត្តម ង្វៀន ភូ ត្រុង តំណាងឱ្យរដ្ឋាភិបាលវៀតណាមបានស្នើឲ្យភាគីកម្ពុជាបន្តការជួយសម្រួល និងបង្កលក្ខណៈងាយស្រួល ដើម្បីប្រជាជនមានដើមកំណើតវៀតណាមអាចមានជីវភាពរស់នៅប្រកបដោយស្ថិរភាព បានរៀនសូត្រ ដើម្បីរួមចំណែកដ៏សកម្មចូលក្នុងការអភិវឌ្ឈន៍របស់ប្រទេសកម្ពុជា ក៏ដូចជារួមចំណែកចូលក្នុងការពង្រឹង និងបង្កើនចំណងទំនាក់ទំនងកម្ពុជា-វៀតណាម។

ជាការឆ្លើយតបជាមួយនឹងសំណើររបស់ភាគីវៀតណាម សម្តេច ហ៊ុន សែន បានសន្យាថា កម្ពុជានឹងបន្តការជួយសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ប្រជាជន មានដើមកំណើតវៀតណាម ដើម្បីមានលំនឹងចិត្តបន្តការរស់នៅក្នុងប្រទេសកម្ពុជា។ សម្តេចក៏បានសម្តែងនូវការជឿជាក់ថាក្រោមការដឹកនាំរបស់គណបក្សកុម្មុនីស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលថ្មីដ៏ធំធេងជាងនេះក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ក៏ដូចជាក្នុងការរៀបចំមហាសន្និបាតបក្សលើកទី១៣។

គួរបញ្ជាក់ថា ក្រៅពីការងារខាងលើកកម្ពុជានិងវៀតណាម ក៏បានឯកភាពគ្នាបន្តសហការ ដើម្បីអនុវត្តឲ្យបានល្អបណ្តាសេចក្តីប្រកាសរួម កិច្ចព្រមព្រៀង ការព្រមព្រៀងសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ដែលក្នុងនោះមានការជំរុញអោយខ្លាំងថែមទៀតនូវការផ្សព្វផ្សាយអោយបានទូលាយដល់ប្រជាជន ជាពិសេសស្រទាប់យុវវ័យឲ្យបានយល់ដឹងអំពីទំនាក់ទំនងកម្ពុជា-វៀតណាម និងបន្តសហការគ្នារៀបចំបណ្តាកម្មវិធីប្រកបដោយអត្ថន័យប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា-វៀតណាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង