Cct850x100 1

ក្រសួងអប់រំស្នើសម្តេច ហ៊ុន សែន«បើកសាលាដំណាក់កាលទី១»នៅខែសីហា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យបើកដំណើរការសាកល្បងសាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូចដំណាក់កាលទី១ក្នុងកំឡុងខែសីហាខែក្រោយនេះ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ស៊ីស៊ីថាមស៍ថា ក្រសួងអប់រំបានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ ជាពិសេសក្នុងការរៀបចំសំណើរជូនសម្តេចហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យបើកដំណើរការសាកល្បងសាលារៀនដំណាក់កាលទី១ក្នុងកំឡុងខែសីហាខែក្រោយនេះ។

បើតាមលោក រស់ សុវាចា យោងតាមស្មារតីប្រជុំអន្តរក្រសួង ក្រសួងអប់រំស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់សម្រាប់ការបើកដំណើរការសាលារៀនដំណាក់កាលទី១រួមមាន÷ ចំណុចទី១ គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

រីឯចំណុចទី២ គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី÷ រៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។ ចំណុចទី៣ គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។ ចំណុចទី៤ គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស។ ចំណុចទី៥ គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។

លោក រស់ សុវាចាបានសង្កត់ធ្ងន់ថា ក្រសួងអប់រំ យុវជន និងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា។ ផ្អែកតាមបទពិសាធន៏ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕

Khcct banner

អត្ថបទទាក់ទង