Cct850x100 1
1800px x h300px kh

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលកម្ពុជាធ្វើជាផ្ទះត្រូវប្រកាសលើកពេលទៅឆ្នាំក្រោយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបទាំងអស់បានឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣នេះ ដោយទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១វិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប តាមប្រព័ន្ធវីដេអូ ដែលបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ០២ ដល់ ថ្ងៃទី ០៣ កក្កដា ហើយត្រូវបានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី ០៤ កក្កដា នេះ។

កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរុបលើកទី១៣ បានស្នើប្រទេសដៃគូASEMទាំងអស់ សុំលើកពេលរៀបចំកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តនៅពាក់កណ្ដាលឆ្នាំ២០២១វិញ ដោយសារតែបញ្ហាវិបត្តិកូវីដ១៩។

បើតាមសេចក្ដីប្រកាសបានឱ្យដឹងទៀតថា ដើម្បីធានាឱ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃ១៦-១៧វិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ« ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» តែដោយសារតែបញ្ហាកូវីដ១៩ កិច្ចប្រជុំនេះ នឹងត្រូវពន្យាពេលទៅពាក់កណ្ដាលឆ្នាំក្រោយវិញ។

បើយោងតាមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃ ០៣-០៤ កក្កដាកន្លងទៅ ក៏បានបញ្ជាក់ដែរថា សេចក្ដីត្រូវការនៃការលើកកម្ពស់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និង ការឆ្លើយតបរួមទៅលើបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ មិនមែនគ្រាន់តែបង្កជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាលសាធារណៈនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

គួរជំរាបជូនថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបចំនួន៥៣ប្រទេសនិងដៃគូ។ តាមរយៈកិច្ចប្រជុំនេះ កម្ពុជាបានត្រៀមកងកម្លាំងប្រមាណជា ១២.៧២៦នាក់ ដើម្បីការពារ។

តាមគម្រោងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅកម្ពុជា គ្រោងធ្វើនៅថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា”។ យ៉ាងណាក្តី តាមរយៈកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបកាលពីថ្ងៃទី ០២និងទី០៣ កក្កដា លោក សុក ស៊ីផាន់ណា បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរៀបចំទាំងផ្នែកឡូជីស្ទីក និងខ្លឹមសារ ដើម្បីធានាឲ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលនេះ៕

Khcct banner

អត្ថបទទាក់ទង