Yearendyearend1140x150

រដ្ឋាភិបាលសម្រេចអនុម័ត«សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង់ល្បែងពាណិជ្ជកម្ម»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣ កក្កដានេះ បានសម្រេចអនុម័តទាំងស្រុងលើ«សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង់ល្បែងពាណិជ្ជកម្ម»។ច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។

សេចក្ដីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម” ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង ៩ឆ្នាំ ដោយមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងកិច្ចប្រជុំអន្តរក្រសួងនៅទីស្ដីការគណៈរដ្ឋមន្ត្រី សរុបទាំងអស់មានចំនួន ៥៥លើក។

បើតាមឯកឧត្តម ផៃ ស៊ីផាន សេចក្ដីព្រៀងច្បាប់នេះ ជាទិដ្ឋភាពគតិយុត្ត មាត្រា១ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ បានបើកផ្លូវជូនរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពនយោបាយ លើកកម្ពស់សន្តិសុខ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ដែលអំណោយផលដល់ការកើនឡើងជាលំដាប់ នូវទំនុកចិត្តរបស់វិនិយោគិនចំពោះរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ វិនិយោគិនជាតិ និងអន្តរជាតិមួយចំនួន ក៏បានដំណើរការវិនិយោគលើវិស័យកាស៊ីណូនៅតំបន់ដែលបានទទួលការអនុញ្ញាត។

ឯកឧត្តម ផៃ ស៊ីផាន បន្តថា ៖«បញ្ញត្តិកម្មលើវិស័យល្បែងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងដើម្បីជំរុញឱ្យវិស័យនេះអាចដំណើរការបាន ដោយជ្រកក្រោមដំបូលច្បាប់ប្រកបដោយតម្លាភាព»។ ពោលសេចក្ដីព្រាងច្បាប់នេះ និងលិខិតបទដ្ឋាន ព្រមទាំងគោលនយោបាយយុទ្ធសាស្ត្រពាក់ព័ន្ធ នឹងអនុញ្ញាតឱ្យមានកាគ្រប់គ្រងលើវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាងតឹងរ៉ឹង និងប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការកំណត់ចំនួនទុនវិនិយោគអប្បបរមា សម្រាប់អាជីវកម្មកាស៊ីណូ ការកំណត់តំបន់ដែលគួរអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម ឬមិនគួរអនុញ្ញាត ការពង្រឹងសមត្ថភាពស្ថាប័ន និងការបំពាក់នូវបច្ចេកវិទ្យាសមស្រមក្នុងការត្រួតពិនិត្យជាប្រចាំ លើកិច្ចដំណើរការរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្មជាដើម។

សូមបញ្ជាក់ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មផ្សេងៗឱ្យកាន់តែរឹងមាំ ដែលនឹងផ្ដល់ផលប្រយោជន៍ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា តាមរយៈការបង្កើតនូវយន្តការស្ថាប័នសមស្រប សំដៅពង្រឹងនូវសុវត្ថិភាព សន្តិសុខ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងចូលរួមធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូពាក់ព័ន្ធ។ ចំពោះសេចក្ដីព្រៀងច្បាប់នេះមាន ១២ជំពូក និង ៩៧មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានគោលបំណងធានាដល់ការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង