Cct850x100 1
1800px x h300px kh

រដ្ឋាភិបាលសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី«ការគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសម្បតិ្តរដ្ឋ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣ កក្កដា ឆ្នាំ២០២០។

ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣ កក្កដានេះ បានសម្រេចអនុម័តទាំងស្រុងលើ“សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ”។ច្បាប់នេះ មានគោលបំណងគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព សង្គតិភាព នីត្យនុកូលភាព និងចីរភាព ដោយកំណតក្របខ័ណ្ឌច្បាប់និងស្ថាប័នជាគោល សំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៍ នៃព្រះរាជាណាចក្រកម្ពុជា។នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ខាងលើត្រូវបានរៀបចំឡើងលើមូលដ្ឋានមាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ និងដោយផ្អែកលើកិច្ចប្រតិបតិ្តជាក់ស្ដែង ព្រមទាំងក្របខណ្ឌគតិយុត្តជាធរមានពាក់ព័ន្ធនឹងទ្រព្យសម្បតិ្តរដ្ឋ ក៏ដូចជាធាតុចូលពីឧត្តមានុវត្តន៍នៃប្រទេសអភិវឌ្ឍ ជាអាទិ៍ ប្រទេសបារាំង ក្នុងគោលដៅធានាសង្គតិភាព, បង្កើនប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព នៃការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតេយ្យភាព និង/ឬយុត្តាធិការ នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមឯកឧត្តម ផៃ ស៊ីផាន សេចក្ដីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តគោលមួយចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចល្អ ដែលអាចជួយសម្រួលដល់ការបំពេញមុខងារបស់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នរដ្ឋ សំដៅលើកំម្ពស់ប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងកាចចាត់ចែងលើទ្រព្យត្តិរដ្ឋ ស្របតាមឧត្តមានុវត្តន៍ជាអនុរជាតិ និងតថភាពជាក់ស្ដែងនៃកម្ពុជា។

ឯកឧត្តម ផៃ ស៊ីផាន បន្តថា មូលដ្ឋានចម្បងសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ គឺផ្អែកលើ មាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលចែងថា៖«ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទី ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ មជ្ឍមណ្ឌលសេដ្ឋកិច្ចវប្បធម៍ មូលដ្ឋានកាពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ នឹងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។

គួរបញ្ជាក់ថា​ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនេះ ត្រូវបានរៀបចំតាក់តែងឡើង ក្នុងគោលដៅពង្រឹងក្របខណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋជាអាទិ៍៖ ការកំណត់អំពីប្រភព ប្រភេទទ្រព្យសម្បតិ្តរដ្ឋ របបគតិយុត្តគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋច្បាប់លាស់ជាក់, ការរៀបចំបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋ, ការផ្ទេរសិទ្ធិកាន់កាប់, ការអភិវឌ្ឍ, ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ, ការធ្វើអធិការកិច្ច និងសវនកម្ម និងការកំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពីល្មើសច្បាប់ ជាដើម។ល។ ព្រមទាំង ពង្រឹងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព និងចីរភាព ទន្ទឹមនឹងការបង្កើនចំណូលពីទ្រព្យសម្បត្តិរដ្ឋ ឲ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធានសាធារណៈ ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកាជាតិ និងកំណើនសេដ្ឋកិច្ចជាតិសម្រាប់គាំទ្រដល់ការបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឲ្យកាន់តែមនាការរីកចម្រើនឈានឡើងក្នុងជំហានស្វាហាប់ប្រកបដោយវិបុលភាព និងចីរភាពក្នុងបរិការណ៍ថ្មី សម្រាប់រយៈពេលមធ្យម និងវែងតទៅមុខទៀត៕

Khcct banner

អត្ថបទទាក់ទង