Yearendyearend1140x150

រដ្ឋាភិបាល៖ ពលរដ្ឋដែលដឹងខ្លួនក្រីក្ររួសរាន់ទៅឃុំ-សង្កាត់ ជៀសវាងការប្រមូលផ្តុំតវ៉ា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាស្នើឲ្យប្រជាពលរដ្ឋណាដែលដឹងខ្លួនក្រីក្រសូមរួសរាន់ទៅឃុំ-សង្កាត់ ដើម្បីទទួលបានប័ណ្ណសមធម៌ និងទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ជៀសវាងការប្រមូលផ្តុំតវ៉ា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងផែនការ។

យោងតាមសេចក្តីបំភ្លឺរបស់ក្រសួងផែនការ បានគូសបញ្ជាក់ថា ក្រោយពីរដ្ឋាភិបាលប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក្រសួងផែនការសង្កេតឃើញមានប្រជាជនមួយចំនួន និងមានការប្រមូលផ្ដុំតាមរយៈអ្នកបំផុសឲ្យតវ៉ា ដើម្បីទទួលបានប័ណ្ណសមធម៌ និងទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលនៅខេត្តបន្ទាយមានជ័យ ប៉ៃលិន និងស្វាយរៀង។

ក្រសួងផែនការបានចាត់តាំងក្រុមការងារចុះដោះស្រាយដល់ទីកន្លែងដែលបានបំផុសការតវ៉ាភ្លាមៗ និងទទួលបានលទ្ធផលដូចជា គ្រួសារខ្លះកាន់ប័ណ្ណសមធម៌ដែលហួសសុពលភាព, គ្រួសារភាគច្រើនជាគ្រួសារមានជីវភាពប្រសើរ, សមាជិកគ្រួសារកំពុងរស់នៅជាមួយគ្រួសារកូនដែលមានជីវភាពប្រសើរ, គ្រួសារខ្លះឮការប្រកាសរបស់រាជរដ្ឋាភិបាល និងក្រុមគ្រួសារក្រីក្រទទួលបានការឧបត្ថម្ភក៏ចង់បានដូចគេដែរ។

ក្រសួងផែនការបានបំភ្លឺថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ គឺប្រើជូនតែគ្រួសារក្រីក្រដែលកំពុងកាន់បណ្ណសមធម៌មានសុពលភាពប៉ុណ្ណោះ។ ដូចនេះបើគ្រួសារណាគិតថាខ្លួនក្រ ឬងាយរងគ្រោះ ក្រសួងស្នើឲ្យទៅសាលាឃុំសង្កាត់របស់ខ្លួន ដើម្បីស្នើសុំដាក់ពាក្យសម្ភាសធ្វើប័ណ្ណសមធម៌។

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៤ មិថុនា បានដាក់ចេញនូវវិធានការណ៍ផ្តល់ជំនួយសាច់ប្រាក់ ដល់ពលរដ្ឋក្រីក្រ និង ងាយរងគ្រោះដោយកូវីដ១៩។ លក្ខខណ្ឌទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជា គឺប្រជាពលរដ្ឋជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងដែលបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះនៅតាមសាលាឃុំ/សង្កាត់រួចរាល់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: គ្រួសារក្រីក្រ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង