Cct850x100 1

ធនាគារអភិវឌ្ឍន៍ជនបទផ្តល់កម្ចីដល់កសិករជិត១០លានដុល្លារក្នុងអំឡុងកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម កៅ ថាច ប្រធានធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អះអាងថា បានផ្តល់ប្រាក់កម្ចីដល់កសិករជិត១០លានដុល្លារអាមេរិក ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ដើម្បីជាការរួមចំណែកបំពេញនូវកង្វះខាតរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតកម្មកសិកម្ម ។

ឯកឧត្តម កៅ ថាច ប្រធានធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានឲ្យដឹងថា មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានទទួលពាក្យសុំខ្ចីរបស់កសិករ ក្រុមសហគ្រាសធុនតូចនិងមធ្យម ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៣០លានដុល្លារ ប៉ុន្តែធនាគារអនុម័តផ្តល់ប្រាក់កម្ចីជូនអតិថិជនបានតែជិត១០លានដុល្លារប៉ុណ្ណោះ ដោយផ្តោតសំខាន់ទៅលើវិស័យកសិកម្ម៤ប្រភេទដូចជាការដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងសហគ្រាសធុនតូចនិងមធ្យមលើការកែច្នៃផលិតផលកសិកម្ម ។

បើតាមឯកឧត្តម កៅ ថាច សំណើប្រាក់កម្ចីផ្សេងទៀត ដែលមិនបានផ្តល់ការអនុម័ត ដោយសារអតិថិជនមួយចំនួនមិនបានបំពេញតាមលក្ខខណ្ឌកំណត់របស់ធនាគារ ។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការទម្លាក់ឥណទានសម្រាប់ជួយដល់កសិករ ដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់និងបំពេញបានតាមលក្ខខណ្ឌរបស់ធនាគារ ។

គួរបញ្ជាក់ដែរថា កាលពីចុងខែមីនាឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីជួយដល់ប្រជាកសិករក្នុងការពង្រឹង និងពង្រីកផលិតកម្មដាំដុះ និងកែច្នៃផលិតផល សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងអាចនាំចេញ ក្នុងពេលកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕

Khcct banner

អត្ថបទទាក់ទង