Yearendyearend1140x150

៦ខែឆ្នាំ២០២០កម្ពុជានាំចេញអង្ករជិត៤សែនតោន កើនឡើងជាង៤១ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជានាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យសម្រេចបាន៣៩៧ ៦៦០តោន ក្នុងរយៈពេល ៦ខែឆ្នាំ២០២០។ លទ្ធផលនៃការនាំចេញអង្ករនេះ បានកើនឡើងប្រមាណ១១៦ ១២២តោន ស្មើនឹង ៤១,២៥% ដែលធៀបទៅនឹងរយៈពេល៦ខែដើមឆ្នាំ២០១៩ មានចំនួនសរុប២៨១ ៥៣៨តោន។ នេះបើតាមរបាយការណ៍ការនាំចេញអង្កររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើយោងតាមរបាយការណ៍សម្រាប់ខែមិថុនាឆ្នាំ២០២០នេះ កម្ពុជាសម្រេចការនាំចេញអង្ករបាន ចំនួន ៤១ ៥៦៣ តោន កើនឡើងចំនួន ១០ ១៩៧ តោន ស្មើនឹង ៣២,៥១% ធៀបទៅនឹងខែឧសភាឆ្នាំ២០១៩ ដែលក្នុងនេះមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១ ៨៦៤ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨ ៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤ តោន និងអង្ករក្រហមមានចំនួន២៣ តោន។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ខែនេះ មានចំនួន ៥៦ប្រទេស នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៥ ប្រទេស ។

ក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេរួមមានក្រុមហ៊ុន Amru Rice (Cambodia)Co.,LTD បាននាំចេញចំនួនជិត៧ពាន់តោន ក្រុមហ៊ុន Primalis Corporation LTD ចំនួនជាង៥ពាន់តោន ក្រុមហ៊ុន Apsara Rice (Cambodia) ចំនួនជិត៤ពាន់តោន ក្រុមហ៊ុន T.O.T (Trust Our Trade).Co.,LTD ចំនួនជាង៣ពាន់តោន និងក្រុមហ៊ុន International Rice Trading Co.,LTD ចំនួនជិត៣ពាន់តោន។

គួរបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩%, ប្រទេសចិនកើនចំនួន ២៥,២០%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,២៦%៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង