Yearendyearend1140x150

កម្ពុជាទទួលជ័យលាភី១៧ ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ឥណ្ឌូណេស៊ី៖ កម្ពុជាទទួលជ័យលាភីនិងពានរង្វាន់សរុបចំនួន១៧ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ កុម្ភៈ នាទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣ ក្នុងនោះមានរង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥ រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥ និងរង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៤។

លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ក៏បានប្រគល់ជូនម្ចាស់ទីតាំងទេសចរណ៍នៅកម្ពុជានូវជ័យលាភីចំនួន១៧ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្តចំនួន៨។ តំណាងជ័យលាភីកម្ពុជាដែលបានឡើងទទួលពានរង្វាន់មាន តំណាងម្ចាស់សហគមន៍ ម្ចាស់គម្រោង មន្ត្រីមន្ទីរទេសចរណ៍ មន្ត្រីរាជធានី-ខេត្ត ក្រោមការដឹកនាំដោយលោកអភិបាលរងមកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។

លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ថា ជ័យលាភីនិងពានរង្វាន់ដែលម្ចាស់ទីតាំងនៅកម្ពុជាទទួលបាននោះ រួមមាន រង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥ មាន ផ្ទះស្នាក់ Eagle ផ្ទះស្នាក់ Black Bear និងផ្ទះស្នាក់ Mien Mien ក្នុងខេត្តកោះកុង ផ្ទះស្នាក់ត្រពាំងសង្កែ ក្នុងខេត្តកំពត និងផ្ទះស្នាក់សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ មាន សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ក្នុងខេត្តកំពត សហគមន៍អេកូទេសចរណ៍កោះហាន ក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍អន្លង់ធំ ក្នុងខេត្តសៀមរាប។

រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥ មាន បង្គន់អនាម័យសាធារណៈ Aeon Mall Phnom Penh ក្នុងរាជធានីភ្នំពេញ បង្គន់អនាម័យសាធារណៈលេខ៤ ក្នុងខេត្តព្រះសីហនុ បង្គន់អនាម័យសាធារណៈស្រះស្រង់ ក្នុងគ្រឹះស្ថានអង្គរ បង្គន់អនាម័យសាធារណៈ PTT ក្នុងខេត្តកោះកុង និងបង្គន់អនាម័យសាធារណៈស្តុបពេជ្រនិល ក្នុងខេត្តកំពង់ស្ពឺ។

រង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៤ មាន សេវាស្ប៉ា SPA Temple ក្នុងសណ្ឋាគារកាំបូឌា រាជធានីភ្នំពេញ សេវាស្ប៉ា JIVAPITA SPA ក្នុងសណ្ឋាគារ Royal Residence ភ្នំពេញ សេវាស្ប៉ា SO SPA with LÓCCITANCE ក្នុងសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ខេត្តសៀមរាប និងសេវាស្ប៉ា SPA at Naga World ក្នុងសណ្ឋាគារ Naga World ភ្នំពេញ។

លោក ថោង រដ្ឋសក្តិ បានបន្តទៀតថា តាមរយៈការទទួលជ័យលាភីរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣នេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថាកម្ពុជាមានផលិតផល និងគោលដៅទេសចរណ៍ទាក់ទាញច្រើនសម្រាប់ទៅលេងកម្សាន្តប្រកបដោយភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង។

គួរបញ្ជាក់ថា ក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី អាស៊ានបានផ្តល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣ ចំនួន១៥៨ លើការអនុវត្តស្ដង់ដា រួមមាន ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៤៣ សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន២៩ បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៤៨ និង សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៣៨៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង