Yearendyearend1140x150

ក្រសួងពាណិជ្ជកម្មបានទទួលបានការចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្មជិត៥ពាន់ម៉ាកក្នុងឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម ចំនួន ៦,១៣៥ ក្នុងនោះបានចុះបញ្ជីចំនួន ៤,៨៤៧ ម៉ាក ក្នុងនោះមានដូចជា ការចុះបញ្ជីម៉ាក“បង្កងតាកែវ” “ទឹកត្រីកំពតកែប” “SKO & Device” លើប្រភេទអង្ករសែនក្រអូប “DSMK & Device”លើប្រភេទអង្ករដំណើបស្បៃមង្គល ជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

របាយការណ៍បានបង្ហាញថា ក្រសួងពាណិជ្ជកម្មបានសហការជាមួយភាគីពាក់ព័ន្ធក្នុងការកសាង និងផ្សព្វផ្សាយម៉ាកសញ្ញាពាណិជ្ជកម្ម ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដែលក្នុងនោះកម្ពុជាបានសហការសម្របសម្រួលលើការចុះបញ្ជីម៉ាកនេះដូចជា “បង្កងតាកែវ” “ទឹកត្រីកំពតកែប” “SKO & Device” លើប្រភេទអង្ករសែនក្រអូប “DSMK & Device” លើប្រភេទអង្ករដំណើបស្បៃមង្គល “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” “នំបញ្ចុកសៀមរាប” “ដូងខ្ទិះបាត់ដំបង” ជាដើម បន្ថែមពីលើម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាពល្បីៗជាច្រើនដែលយើងបានចុះរួចមកហើយ។

ក្រសួងពាណិជ្ជកម្មក៏បាននឹងកំពុងសិក្សាស្រាវជ្រាវ និងចងក្រងផលិតផលសក្តានុពល ដើម្បីត្រៀមរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “ក្តាមថ្មកោះកុង” “បង្គាក្រៀមកំពង់សោម” “បង្គាក្រៀមកោះកុង” និង “ប្រហុកសៀមរាប” ក៏ដូចជាម៉ាកសមូហភាព រួមមាន សូត្រខ្មែរ អង្ករស្មាច់ស្វាយរៀង ធុរេន សំឡូត មៀនប៉ៃលិន អង្ករនាងអំ ស្មូនឆ្នាំងដីកំពង់ឆ្នាំង និងចម្លាក់ថ្មកែវខេត្តពោធិ៍សាត់ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង