Yearendyearend1140x150

ក្រសួងការងារ៖ទោះគ្មាន EBA ក៏កម្ពុជានៅតែលើកកម្ពស់លក្ខខណ្ឌការងារជូនកម្មករបាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ នៅថ្ងៃទី១៧ កុម្ភៈនេះ បានសង្កត់ធ្ងន់ថា ទោះបីមាន ឬគ្មាន EBA ពីសហភាពអឺរ៉ុប ក៏កម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនដែលងាកចេញពីគោលនយោបាយនេះនោះទេ។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯងជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO) គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តបានល្អយ៉ាងណាខ្លះក្នុងរយៈពេល២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។

បើតាមឯកឧត្តម ហេង សួរ នៅពេលអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃ EBA វាមិនមែនដោយសារកម្ពុជាមិនបានផ្ដល់លក្ខខណ្ឌដល់ការងារកម្មករនិយោជិត រឺសិទ្ធសេរីភាពទៅឱ្យអង្គការវិជ្ជាជីវៈនោះទេ ប៉ុន្តែវាដោយសារបញ្ហានយោបាយ ដែលប្រទេសមួយចំនួនតម្រូវកម្ពុជាធ្វើតាមគោលនយោបាយការបរទេសរបស់ពួកគេ ដែលជាការអនុវត្តស្ដង់ដាពីរ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា «ជនជាតិកម្ពុជាទាមទារយុត្តិធម៌ កម្ពុជាមិនចង់បានលើសគេទេ ប៉ុន្តែសុំឱ្យមានសមភាពក្នុងការសម្រេចចិត្ត ហើយសូមឱ្យមានសុភវិនិច្ឆ័យនូវអ្វីដែលជាការខិតខំរបស់កម្ពុជា»។

ការថ្លែងបែបនេះរបស់ឯកឧត្តម ហេង សួរ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការរួមរបស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) ដែលបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ បានសម្រេចដកការអនុគ្រោះពន្ធក្រោមកម្មវិធីEBA លើទំនិញចំនួន៤០ប្រភេទរបស់កម្ពុជា។ មុខទំនិញទាំងនេះ គឺនៅក្នុងវិស័យកាត់ដេរ ផលិតផលធ្វើដំណើរ និង ស្ករ។ ទំនិញទាំងនេះ គឺមានតម្លៃនាំចេញទៅកាន់អឺរ៉ុបប្រមាណជាង១ពាន់លានដុល្លារអាមេរិកឯណោះ។ សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះ នឹងចូលជាធរមាន និងចាប់អនុវត្តចាប់ពីខែសីហាខាងមុខនេះតទៅ។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង