Yearendyearend1140x150

រដ្ឋបាលខេត្តក្រចេះដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសត្វផ្សោតនៅក្នុងខេត្ដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ជាបន្ដបន្ទាប់ ដើម្បីធ្វើការយ៉ាងណាការពារសត្វផ្សោត ក្នុងមូលដ្ឋានរបស់ខ្លួនកុំឲ្យបាត់បង់បន្ដទៀត ដោយសារកត្តាមនុស្ស ខណៈបច្ចុប្បន្ននៅក្នុងខេត្តក្រចេះ មានជាង៥០ក្បាល និងខេត្តស្ទឹងត្រែង មានជាង៣០ក្បាល។ នេះបើតាមប្រធានមន្ទីរកសិកម្មខេត្តក្រចេះ បានបញ្ជាក់នៅថ្ងៃទី៣១មករា ក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តក្រចេះ»។ 

លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានោះ រដ្ឋបាលខេត្តបានដាក់ចេញវិធានការដូចជា បង្កើនឆ្មាំការពារ រហូតដល់៤៤នាក់ ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង, ប៉ុស្ដិ៍ត្រួតពិនិត្យចំនួន១១ នៅលើទន្លេមេគង្គ ដែលមានប្រវែងជាង៨០គីឡូម៉ែត្រក្នុងមូលដ្ឋានខេត្តក្រចេះ និងបំពាក់ម៉ាស៉ីនទូកដែលមានល្បឿនលឿនជាដើម។

លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ

លោក បានឲ្យដឹងទៀតថា តំបន់ប្រឈមដែលធ្វើឲ្យផ្សោតងាប់ គឺនៅកាំពីរ ដូច្នេះមន្ដ្រីបានប្រមូលផ្ដុំគ្នាទៅកាន់ទីនោះដើម្បីទប់ស្កាត់ ហើយកន្លងមកអាជ្ញាធរបានចុះស្រាយមង ដែលមានប្រវែងរហូតដល់រាប់ម៉ឺនម៉ែត្រ។ លោកបន្ថែមទៀតថា ថ្មីៗនេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានចុះទៅពង្រឹងគុណភាពឆ្មាំបន្ដទៀត សំដៅឲ្យការងារបង្ការ និងទប់ស្កាត់កុំឲ្យងាប់ផ្សោតនេះកាន់តែមានប្រសិទ្ធភាព។

លោក ទ្រី សុភក្ដិ បានគូសបញ្ជាក់ទៀតថា លោកក៏បានណែនាំឲ្យរដ្ឋបាលជលផល ចុះពិនិត្យការសាងសង់ផ្ទះទឹក និងចិញ្ចឹមត្រី នៅតំបន់អភិរក្សផ្សោត និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ព្រមទាំងរកឃើញអ្នកនេសាទខុសច្បាប់ជាច្រើនទៀតផងដែរ។ លោកគូសបញ្ជាក់ថា ការងារទប់ស្កាត់ និងបង្ការកុំឲ្យសត្វផ្សោតងាប់នេះ នឹងបន្ដធ្វើយ៉ាងសស្រាក់សស្រាំបន្ដទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង