Yearendyearend1140x150

វិទ្យាល័យបុរីអូរស្វាយសែនជ័យរួមចំណែកទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្សវិទ្យាល័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក យី គីមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា

ស្ទឹងត្រែង៖ វិទ្យាល័យបុរីអូរស្វាយសែន ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣១ មករា ។ វិទ្យាល័យនេះ ត្រូវបានសាងសង់ឡើងក្រោមកិច្ចសហការរវាងអង្គការភ្លែនអន្តរជាតិកម្ពុជា ជាមួយមន្ទីរអប់រំខេត្តស្ទឹងត្រែង ក្នុងគោលបំណង ទប់ស្កាត់ការបោះបង់ចោលការសិក្សារបស់សិស្សានុសិស្សនៅកម្រិតវិទ្យាល័យ ខណៈហេដ្ឋារចនាសម្ព័ន្ធសិក្សានៅក្នុងតំបន់ដាច់ស្រយាលនេះនៅមានភាពខ្វះខាតនៅឡើយ។

ដោយមើលឃើញពីកត្តារារាំងដល់ការទទួលបានការអប់រំរបស់កុមារ និងយុវជន អង្គការភ្លែនអន្តរជាតិកម្ពុជា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង សាងសង់អគារសិក្សានៃវិទ្យាល័យបុរីអូរស្វាយសែនជ័យ ចំនួន០១ខ្នង ស្មើនឹង ០៦បន្ទប់ របងប្រវែង១០៦ម៉ែត្រ បន្ទប់ទឹក ព្រមទាំងតារាងបាល់ទះ បាល់ទាត់ និងបាល់បោះផងដែរ។

ចាន់ទិ ជាសិស្សម្នាក់រៀននៅអនុវិទ្យាល័យមួយនៅក្នុងតំបន់នេះ បាននិយាយថា គេអាចនឹងត្រូវជួលកន្លែងស្នាក់ដើម្បីបន្តការសិក្សានៅក្នុងវិទ្យាល័យនៅក្នុងទីរួមខេត្តស្ទឹងត្រែង ខណៈមិត្តភក្តិមួយចំនួនអាចនឹងត្រូវបោះបង់ការសិក្សា ដោយសារមិនមានលទ្ធភាពរៀនបន្ត។ នៅពេលមានវិទ្យាល័យនេះ គេនិងសិស្សផ្សេងទៀតអាចបន្តរៀនថ្នាក់វិទ្យាល័យ ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅទីរួមខេត្ត ហើយអាចជំរុញឲ្យសិស្សដែលបោះបង់ការសិក្សាបានចូលរៀនឡើងវិញ។

ក្នុងពិធីសម្ពោធអគារសិក្សា និងបង្គន់អនាម័យ១៧ កន្លែងផ្សេងទៀត លោក យី គីមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា អង្គការភ្លែនអន្តរជាតិកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធសិក្សា រួមមានអគារសិក្សា និងប្រព័ន្ធអប់រំកាន់តែចូលកៀកតំបន់ដែលជួបការខ្វះខាត ធ្វើយ៉ាងណាឲ្យកុមារា កុមារី និងកុមារីជំទង់ដែលមានហានិភ័យក្នុងការបោះបង់ចោលការសិក្សាអាចបន្តការសិក្សា ឬអាចរៀនសូត្រជំនាញសម្រាប់ជីវិត។

យោងតាមស្ថិតិអប់រំនៅឆ្នាំ២០២១-២០២២ នៅខេត្តស្ទឹងត្រែង អត្រារួមចុះឈ្មោះចូលរៀនកម្រិតមធ្យមសិក្សាទុតិយភូមិ មានចំនួនត្រឹមតែ ៣១.៩%ប៉ុណ្ណោះ ។ បច្ចុប្បន្ន នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល មានវិទ្យាល័យចំនួន០៩ កន្លែង ស្មើនឹង៦៥បន្ទប់ ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង