Yearendyearend1140x150

កម្ពុជាគ្រោងស្នើចិនឱ្យជួយបណ្ដុះបណ្ដាលលើវិស័យអាកាសចរស៊ីវិល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវចិនចូលមកកម្ពុជាកាលពីពេលថ្មីៗនេះ

ភ្នំពេញ៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរស៊ីវិលរវាងកម្ពុជា និងចិន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជួយពិនិត្យនិងស្នើសុំភាគីចិន ដើម្បីផ្តល់អាហារូបករណ៍រយៈពេលវែងលើមុខវិជ្ជាវិស្វកម្មឧតុនិយមអាកាសចរណ៍ និងវិស្វកម្មអាកាសយានដ្ឋាន ដល់កម្ពុជា។ ការស្នើសុំនេះធ្វើឡើងក្រោយ សម្តេច ហ៊ុន សែន បានប្រកាសនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អាជ្ញាធរអាកាសចរស៊ីវិលរវាងប្រទេសទាំងពីរ បានឯកភាពគ្នាដាក់ដំណើរការជើងហោះហើរជាប្រក្រតីឡើងវិញ ដោយអនុវត្តតាមកិច្ចព្រមព្រៀងទ្វភាគីឡើងវិញ និងពុំមានការរិតត្បិត ឬកំណត់ចំនួនជើងហោះហើរទៀតឡើយ។ ជាមួយគ្នានេះ កម្ពុជាគ្រោងស្នើសុំភាគីចិន ដើម្បីផ្តល់អាហារូបករណ៍រយៈពេលវែងលើមុខវិជ្ជាវិស្វកម្មឧតុនិយមអាកាសចរណ៍ (Aeronautical MET Engineering)ចំនួន៤រូប និងវិស្វកម្មអាកាសយានដ្ឋាន ( Airport Engineering) ចំនួន២រូប ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរស៊ីវិលរវាងប្រទេសទាំងពីរ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ កម្ពុជារំពឹងទុកថា ដំណើរការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរនឹងមានភាពប្រក្រតីឡើងវិញក្នុងរង្វង់៣០% ទៅ៤០% បើធៀបនឹងមុនវិបត្តិជំងឺកូវីដ-១៩ ឬឆ្នាំ២០១៩។

លោក ស៊ីន ចាន់សិរិវុត្ថា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួនធំ បានស្នើសុំម៉ោង និង កន្លែងចុះចតនៅតាមអាកាសយានដ្ឋាននានានៅក្នុងប្រទេសកម្ពុជា ហើយជើងហោះហើរកម្ពុជា-ចិន អាចនឹងមានការកើនឡើងក្នុងកម្រិតធម្យមមួយជាបន្តបន្ទាប់។

សូមរំលឹកថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយទស្សនកិច្ចនេះជាការរៀបចំមួយ ដើម្បីរំលឹកទៅដល់ពេលវេលាដល់លំបាក ដែលជាខួបលើកទី៣ នៃថ្ងៃដែលសម្ដេចទស្សនកិច្ច ក្នុងពេលវេលា ដែលគេទាំងឡាយរត់ចោលចិន ដោយសារតែខ្លាចនូវជំងឺកូវីដ-១៩ ប៉ុន្ដែសម្ដេចនៅតែទៅប្រទេសចិន។ សម្ដេចសង្ឃឹមថា ទស្សនកិច្ចរបស់សម្ដេច នាពេលខាងមុខ នឹងមានគម្រោងថ្មីៗ បន្ថែមទៀត ដែលត្រូវពឹងពាក់ពីមិត្ដចិត្ដ ដើម្បីអភិវឌ្ឍន៍កម្ពុជា ដោយក្នុងនោះ ប្រហែលជាត្រូវរៀបចំ អំពីគម្រោងទាក់ទិន ជាមួយនឹងផ្លូវរត់ភ្លើងល្បឿនលឿនផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅនេះ សន្ទុះកើនឡើងនៃអ្នកធ្វើដំណើរតាមផ្លូវអាកាសមានសរុបជិត២.៤លាននាក់ កើនឡើងជិត៩០០% បើធៀបឆ្នាំ២០២១ និង មានចំនួនស្មើនឹង២៥%នៃឆ្នាំ២០១៩។ ជាមួយគ្នានេះ ជើងហោះហើរពិតប្រាកដក៏មានចំនួនកើនឡើងដែរ គឺមានចំនួនជិត៣ម៉ឺនជើង កើនឡើងជាង២៦០%ធៀបនឹងឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង