Yearendyearend1140x150

សៀមរាបនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេ៣៨ខ្សែដូចខេត្តព្រះសីហនុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប នឹងត្រូវសិក្សារៀបចំផែនការមេក្នុងការអភិវឌ្ឍផ្លូវមេ៣៨ខ្សែ ឱ្យដូចក្រុងព្រះសីហនុ ដែលសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងដំណើរនៃកិច្ចប្រជុំលើការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លើការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែង ៩៨,៣៤គ.ម ក្នុងក្រុងសៀមរាប ត្រូវបានសិក្សាក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គ.ម ក្នុងនោះ ផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកាដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនេះ ។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប៕

ប្រភពរូបភាព៖ Fresh News


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង