Yearendyearend1140x150

អគារ​ស្នាក់ការ​«គណបក្ស​ប្រជាជន​»តម្លៃជាង៣០លានដុល្លារត្រូវសូត្រមន្តដាក់ឱ្យប្រើប្រាស់នៅ​ថ្ងៃស្អែក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អគារ​ស្នាក់ការ​កណ្ដាល​​គណបក្ស​ប្រជាជន​កម្ពុជា​

ភ្នំពេញ៖អគារ​ស្នាក់ការ​កណ្ដាល​​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចំណាយ​ថវិកា​សាងសង់​អស់​ជាង​ ៣០ ​លាន​ដុល្លារ​នឹងត្រូវសូត្រមន្តដាក់ឱ្យប្រើប្រាស់នៅ​ថ្ងៃទី​ ២៨ មិថុនា​ ២០២០ស្អែកនេះ បន្ទាប់ពី​បាន​សាងសង់​រួចរាល់​។អគារទីស្នាក់ថ្មីរបស់របស់គណបក្សប្រជាជនកម្ពុជានេះ គឺបានបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា។

អគារ​ស្នាក់ការ​បក្សកាន់អំណាចនេះ​ត្រូវបាន​បញ្ចប់​ការសាងសង់​កាលពី​ថ្ងៃទី​ ២០ ​មិថុនា​ ដោយ​ចំណាយពេល​ជិត​ ២០ ​ខែ គិត​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ មក​។អគារ​ទីស្នាក់ការ​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​វិថី​ព្រះនរោត្តម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ជាប់​នឹង​អគារ​វិមាន​ព្រឹទ្ធសភា​។ វា​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទីតាំង​អគារ​ចាស់​មាន​ទំហំ​ប្រមាណ​ ១,៦ ​ហិកតា និង​មាន​កម្ពស់​ ៥ ​ជាន់ ទំហំ​សំណង់​អគារ​ជាង ៥០ ០០០ ​ម៉ែត្រក្រឡា​។ការសម្ពោធ​នៅ​ថ្ងៃ​ ២៨ មិថុនា ធ្វើឡើង​ស្រប​នឹង​ខួប​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ថវិកាដែលសាងសង់អគារនេះ បានយកពី​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា មាន​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​តាំងពី​កម្មករ តាំងពី​កសិករ តាំងពី​ពាណិជ្ជករ តាំងពី​សេដ្ឋី និយាយ​អីចឹង​ទៅ​ចុះ កូន​សេដ្ឋី​។

សម្តេចបានថ្លែងថា «​គេ​ថា​បាន​លុយ​ពី​ណា​? ​ចម្លើយ​​របស់​ខ្ញុំ​ប្រាប់​ទៅ​អ្នកឯង​វិញ ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា មាន​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​តាំងពី​កម្មករ តាំងពី​កសិករ តាំងពី​ពាណិជ្ជករ តាំងពី​សេដ្ឋី និយាយ​អីចឹង​ទៅ​ចុះ កូន​សេដ្ឋី​។ អ៊ីចឹង​មានអី​ពិបាក​ត្រឹម​ជាង​ ៣០ ​លាន​ដុល្លារ​យក​ទៅ​សាងសង់​សម្រាប់​អគារ​គណបក្ស​មួយ​ដែល​ជា​បក្ស​កាន់​អំណាច​។ ​ឯ​ពួកអ្នកឯង​ដើរ​រៃ​លុយ​ធ្វើ​នេះ​ធ្វើ​នោះ​ពី​សមាជិក​របស់​អ្នកឯង រឿង​របស់​អ្នកឯង​»​។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលកាលណោះមានឈ្មោះថា បក្ស​ប្រជាជនបដិវត្តកម្ពុជា។ បក្សនេះមានប្រភពចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាក្នុងបុព្វហេតុប្រឆាំងនឹងពួកអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ។ ឆ្លងកាត់ស្ថានការនយោបាយជាបនុ្តបន្ទាប់ គណបក្សនេះបានប្រែឈ្មោះមកជាគណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ១៩៩១ ដែលស្ថិតក្រោមការដឹកនាំដោយលោកជា ស៊ីម។ ក្រោយពីលោកជា ស៊ីម បានទទួលមរណភាពក្នុងឆ្នាំ២០១៥ លោកនាយរកដ្ឋមន្រ្តីហ៊ុន​ សែន បានទទួលតំណែងប្រធា​នគណបក្សនេះរហូតមដល់ពេលបច្ចុប្បន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង