Yearendyearend1140x150

គ្រឹះស្ថានអប់រំឯកជនគាំទ្រការរៀបចំឥណទានឡើងវិញ ខណៈសាលាឯកជនកំពុងរងផលប៉ះពាល់ពីកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សា បានគាំទ្រចំពោះប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចហ៊ុន សែន ដែលបានលើកឡើងថា ធនាគារជាតិនៃកម្ពុជាគួរពិភាក្សាជាមួយនិងធនាគារឯកជន ដើម្បីស្នើឲ្យមានការរៀបចំឡើងវិញនូវឥណទានសម្រាប់គ្រឹះស្ថានអប់រំឯកជនដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ។

លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ក្នុងនាមលោកជាអ្នកបម្រើក្នុងវិស័យអប់រំ លោកពិតជាត្រេកអរ និងសូមសម្តែងនូវការគាំទ្រចំពោះប្រសាសន៍របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចហ៊ុន សែន ដែលបានលើកឡើងថា ពីការស្នើឲ្យមានការរៀបចំឡើងវិញនូវឥណទានសម្រាប់គ្រឹះស្ថានអប់រំឯកជនដែលកំពុងរងផលប៉ះពាល់ពីកូវីដ១៩។

បើតាមលោក ហេង វ៉ាន់ដា បច្ចុប្បន្ននេះ គ្រឹះស្ថានអប់រំឯកជនមួយចំនួនកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ១៩ ពោលសាលាឯកជនខ្លះនៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំប្រព័ន្ធបង្រៀនតាមអនឡាញនៅឡើយ។ ចំណែកសាលាឯកជនខ្លះទៀត កំពុងបាត់បង់ចំណូល និងមិនមានលទ្ធភាពសម្រាប់សងទៅខាងធនាគារវិញ។

លោក ហេង វ៉ាន់ដា បានបន្តថា ការលើកឡើងរបស់សម្តេចហ៊ុន សែន ពិតជាអាចជួយដល់គ្រឹះស្ថានអប់រំឯកជនដែលកំពុងជួបការលំបាកនេះប្រាកដមែន ដោយសម្តេចបានមើលឃើញថាការរៀបចំឥណទានឡើងវិញនឹងអាចសម្រួលដល់ការសងទៅខាងធនាគារវិញ ហើយចំពោះគ្រឹះស្ថានអប់រំឯកជនអាចពង្រីកប្រាក់កម្ចីបន្ថែម ដើម្បីមានលទ្ធភាពបើកបង្រៀនថ្នាក់អនឡាញ។

គួរបញ្ជាក់ដែរថា កាលពីដើមខែមីនាកន្លងមកនេះ សម្តេចហ៊ុន សែនក៏ធ្លាប់បានស្នើទៅខាងធនាគារជាតិនិងធនាគារឯកជនឲ្យមានការរៀបចំឲ្យឥណទានឡើងវិញ មានន័យថាក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ ស្នើខាងធនាគារសូមកុំឲ្យអ្នកខ្ចីបង់ប្រាក់ដើមក្នុងរយៈពេលប្រហែល៧ទៅ៨ខែ ដោយរង់ចាំស្ថានភាពធូរស្បើយពីកូវីដ១៩នឹងមានការទូទាត់សងតាមក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង