Yearendyearend1140x150

ក្រសួងវប្បធម៌សម្រេច​ទិញ​«ផ្ទះសសរ​១០០»​ដើម្បីរុះរើ​ប្តូរទីតាំង​ថ្មី​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្ទះសសរ១០០ ដែលមានអាយុជាង១០០ឆ្នាំ នៅភូមិកោះកណ្តុរ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្រចេះ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចទិញផ្ទះសសរ១០០ ដែលមានអាយុជាង១០០ឆ្នាំ នៅភូមិកោះកណ្តុរ ស្រុកឆ្លូង ខេត្តក្រចេះ។ការសម្រេចទិញផ្ទះនេះ គឺដើម្បីរុះរើប្តូរទីតាំងយកទៅសាងសង់ឡើងវិញនៅក្នុងវត្តរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា បន្ទាប់ពីការសម្រួលពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ម្ចាស់ផ្ទះសសរ១០០ បានយល់ព្រមលក់ផ្ទះជូនក្រសួងវប្បធម៌ ហើយបន្ទាប់ពីមានកិច្ចព្រមព្រៀងក្រសួងបានខិតខំស្វះស្វែងរកថវិកាដើម្បីដោះស្រាយជាមួយម្ចាស់ផ្ទះ ខណៈម្ចាស់ផ្ទះរំអុកស្នើសុំឱ្យក្រសួងរុះរើផ្ទះសសរ១០០ជាបន្ទាន់ ព្រោះត្រូវយកដីចែកឲ្យកូនៗបន្តទៀត។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្មានជម្រើសអ្វីក្រៅពីសម្រេចចិត្តផ្តល់ថវិកា ហើយស្វះស្វែងរកជាង ដើម្បីរុះរើផ្ទះសសរ១០០ជាបន្ទាន់។សម្រាប់ក្រសួងការរុះរើនេះ គឺដើម្បីបញ្ជៀសការខូចខាតគ្រឿឈើឱ្យបានតិចតួចបំផុត ព្រោះក្រសួងយកទៅសាងសង់ឡើងវិញនៅក្នុងវត្តរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌ។

គួរបញ្ជាក់ថា ផ្ទះសសរ១០០ មិនមានការបរិច្ឆេទច្បាស់លាស់ថាបានសាងសង់នៅថ្ងៃណានោះទេ។ប៉ុន្តែ ម្ចាស់ផ្ទះដែលកំពុងរស់នៅបច្ចុប្បន្ននេះ គឺជាកូនចៅជំនាន់ទី៧ ហើយ។ ដោយសារតែផ្ទះរស់នៅតកូនចៅជំនាន់ទី៧នេះហើយ ទើបមន្ទីរវប្បធម៌ខេត្តក្រចេះ សន្មត់ថា ផ្ទះនេះ មានអាយុកាលជាង១០០ឆ្នាំហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង