Yearendyearend1140x150

កម្ពុជា-កូរ៉េនឹងចុះហត្ថលេខាលើគម្រោងសាងសង់ស្ពានពីជ្រោយចង្វារ-អរិយក្សត្រនៅថ្ងៃស្អែក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបតំណាង

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលនោះទេ កម្ពុជានិងកូរ៉េ នឹងចុះហត្ថលេខារួមគ្នាលើគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ និង ជ្រោយចង្វារ-អរិយក្សត្រ) នៅថ្ងៃស្អែកនេះ ដែលនឹងត្រូវចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាម៉េរិក។ ពិធីចុះហត្ថលេខានេះ គ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខាលើគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ និង ជ្រោយចង្វារ-អរិយក្សត្រ) នឹងត្រូវធ្វើឡើងរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។

បើតាមសេចក្ដីប្រកាសដដែល គម្រោងស្ពាននេះជាឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលត្រូវរំពឹងថានឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ គឺជាស្ពានមិត្តភាពដំបូងសម្រាប់ប្រទេសកូរ៉េនៅកម្ពុជា។ ភាគីទាំងពីរយល់ឃើញថា គម្រោងនេះនឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង