Yearendyearend1140x150

កម្ពុជាមាន«សត្វត្រយងចង្កំកស»ច្រើនជាងគេលើពិភពលោក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ លទ្ធផលជំរឿនសត្វត្រយងចង្កំកសចុងក្រោយធ្វើឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០២១ ដោយក្រសួងបរិស្ថាន និងអង្គការដៃគូ បានបង្ហាញថាសត្វត្រយងចង្កំកសមានចំនួនដល់ទៅ ៧៥៤ក្បាល ខណៈនៅទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថា មានសត្វត្រយងចង្កំកសប្រមាណជាង១០០០ក្បាល ។ នេះជាការបង្ហាញថា កម្ពុជានៅតែជាទីជម្រកដ៏រឹងមាំរបស់សត្វត្រយងចង្កំកសដោយសារតែកម្ពុជាមានសត្វត្រយងចង្កំកសច្រើនជាងគេលើពិភពលោក។

នៅប្រទេសកម្ពុជា មានសត្វត្រយងចង្កំកសចំនួន ៧៥៤ក្បាល ខណៈនៅទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថា មានសត្វត្រយងចង្កំកសប្រមាណជាង១០០០ក្បាល ។ នេះបើតាមលទ្ធផលជំរឿនសត្វត្រយងចង្កំកសចុងក្រោយធ្វើឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០២១ ដោយក្រសួងបរិស្ថាន និងអង្គការដៃគូ។ នេះជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើងបន្តិចម្តងៗនៃចំនួនប្រភេទសត្វដែលជិតផុតពូជមួយនេះ។

សត្វត្រយងចង្កំកសគឺ ជាអំប្បូរសត្វស្លាបត្រយងមួយដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមIUCN។ សត្វប្រភេទនេះមានដើមកំណើតនៅតំបន់មួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។ បច្ចុប្បន្ន ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថាមាន ប្រមាណជាង១០០០ក្បាប៉ុណ្ណោះ ក្នុងនោះមានប្រមាណជាង ៦៧០ក្បាល ជាសត្វពេញវ័យ។

មកដល់ពេលនេះ ប្រទេសកម្ពុជាបានផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស ដោយសារប្រទេសកម្ពុជាមានវត្តមានសត្វប្រភេទនេះច្រើនជាងគេនៅទូទាំងពិភពលោក។ សត្វត្រយងចង្កំកសដែលរស់នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វត្រយងកម្ពុជា ដោយបានចាប់ផ្តើមធ្វើជំរឿនសត្វត្រយងចង្កំកសជារៀងរាល់ឆ្នាំនៅទីតាំងសំខាន់ៗចំនួនបួនចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ លទ្ធផល ជំរឿន ដំបូង មានសត្វត្រយងចង្កំកស ចំនួន ៣១០ ក្បាល ប៉ុណ្ណោះ។ តាមរយៈការធ្វើជំរឿនបួនឆ្នាំបន្ទាប់ទៀត ចំនួនសត្វនេះបានកើនឡើងដល់ ៩៧៣ក្បាល ក្នុងឆ្នាំ២០១៣។ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់មកតិចជាង ៥០០ក្បាល ក្នុងកំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ និងបានកើនមកវិញនៅឆ្នាំ២០២១ មានចំនួន ៧៥៤ ក្បាល។

ក្នុងនោះដែរ តាមរយៈលទ្ធផលជំរឿនខាងលើ ដែនជម្រកសត្វព្រៃសៀមប៉ាងជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្រយងចង្កំកស ដោយកត់ត្រាបានចំនួនសរុប ៣៧៣ក្បាល។ ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ ជាទីតាំងសំខាន់បន្ទាប់ដោយកត់ត្រាបានចំនួន ២៥២ក្បាល។ ដោយឡែកនៅដែនជម្រកសត្វព្រៃផ្សេងទៀតបានបង្ហាញពីលទ្ធផលកើនឡើងផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង