Yearendyearend1140x150

ប្រតិភូអន្តរជាតិជាង១៣០នាក់នឹងចូលរួមបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេនាខែធ្នូនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ ប្រតិភូអន្តរជាតិរហូតដល់ជាង១៣០នាក់ មកពី២១ប្រទេសជុំវិញពិភពលោកបាននិងកំពុងធ្វើដំណើរចូលមកកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៤ ធ្នូ នៅខេត្តព្រះសីហនុ។

ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងថាថា គិតត្រឹមថ្ងៃទី៧ ធ្នូ ប្រតិភូអន្តរជាតិដែលបញ្ជាក់ ពីការធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះ គឺកើនឡើងរហូតដល់ជាង១៣០នាក់ហើយ។

ឯកឧត្តម ជំនោរ បានបន្តថា ប្រតិភូអន្តរជាតិទាំងនោះគឺតំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក(នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះផងដែរ។ ក្រៅពីនេះក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀត រួមមានមកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។

ការដែលមានប្រតិភូអន្តរជាតិចូលរួមច្រើនយ៉ាងដូច្នេះ ដោយសារថ្នាក់ដឹកនាំនិងប្រតិភូតំណាងឆ្នេរសមុទ្រទាំងនោះមើលឃើញពីការខិតខំរៀបចំរបស់កម្ពុជា បូករួមទាំងស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល និងគ្រប់គ្រងបានយ៉ាងច្បាស់លាស់។ កម្ពុជាក៏គ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិខាងលើទៅកាន់គោលដៅទីក្រុងនៅភ្នំពេញនិងព្រះសីហនុ គោលដៅឆ្នេរសមុទ្រ បណ្ដាកោះល្បីៗ សហគមន៍អេកូទេសចរណ៍ពាមក្រសោបនៅខេត្តកោះកុង ព្រមទាំងសកម្មភាពជាច្រើនទៀត។ នេះបើតាមការបន្ថែមរបស់ឯកឧត្តម ជុក ជំនោរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កាលណាកម្ពុជារៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ទាំងនោះបានល្អ នោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទាំងមូលយ៉ាងប្រសើរបំផុត ពីព្រោះក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោក គឺមានសមាជិក និងប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ ហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរបានមានប្រសិទ្ធភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង