Yearendyearend1140x150

ភ្ញៀវទេសចរចេញដើរកម្សាន្តកាន់តែច្រើនខណៈអ្នកជំនាញទេសចរណ៍ចូលបម្រើការងារនៅមានកម្រិត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ឆាយស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែមានទំនុកចិត្ត និងមិនមានអារម្មណ៍ថាភ័យខ្លាចក្នុងការចេញដើរកម្សាន្ត ហើយនៅតាមរមណីយដ្ឋាន ឬតំបន់ទេសចរណ៍នានាទាំងក្នុងស្រុក និងក្រៅស្រុកកាន់តែទទួលបានភ្ញៀវទេសចរច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងកម្ពុជាទទួលបានភ្ញៀវទេសចរច្រើន ប៉ុន្តែចំនួនអ្នកជំនាញទេសចរណ៍ដែលបានចូលបម្រើការងារគឺនៅមានចំនួនតិចនៅឡើយ។ នេះជាការលើកឡើងរបស់លោកជំទាវ ឆាយស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មកកាន់ស៊ីស៊ីថាមស៍។

ទោះជាយ៉ាងណា ក៏វិស័យទេសចរណ៍នៅកម្ពុជាពុះទាន់អាចវិលរកសភាពដើមវិញបាន១០០%នៅឡើយដែរ ប្រទេសមួយចំនួននៅតែបន្តរឹតបន្តឹងការចេញ-ចូល និងអនុវត្តវិធានការណ៍សូន្យកូវីដជាដើម ហើយកត្តាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ។

លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា ភ្ញៀវទេសចរជាតិមួយចំនួនធំ និងភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតមធ្យម កាន់តែមានទំនុកចិត្តក្នុងការដើរកម្សាន្តទាំងក្នុងស្រុកនិងក្រៅស្រុក ហើយសម្រាប់ចលនាភ្ញៀវទេសចរមកកាន់កម្ពុជា ឥឡូវសង្កេតឃើញថាមានការកើនឡើងវិញបន្ដិចម្ដងៗ ចំណែកឯការកក់សំបុត្រទេសចរណ៍មកកម្ពុជានាពេលអនាគតដូចជាខែក្រោយៗ ឬចុងឆ្នាំក្រោយ ក៏ខាងសមាគមទទួលបានជាហូរហែ ជារួមស្ថានភាពទេសចរណ៍នៅកម្ពុជា កំពុងមានភ្ញៀវច្រើនឡើងវិញជាបន្តបន្ទាប់ ខណៈប្រទេសដែលជាទីផ្សារទេសចរណ៍លំដាប់លេខ១របស់កម្ពុជា គឺប្រទេសចិន នៅតែបន្តរឹតបន្តឹងការចេញ-ចូល និងអនុវត្តវិធានការណ៍សូន្យកូវីដនៅឡើយ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍រូបនេះបានបន្ថែមថា ជាមួយនឹងភាពមមារញឹកនេះ កម្ពុជាកំពុងែខ្វះខាតអ្នកជំនាញទេសចរណ៍ ព្រោះចំនួនអ្នកជំនាញទេសចរណ៍ដែលបានចូលបម្រើការងារវិញគឺនៅតែចំនួនតិចតួចនៅឡើយ ហើយបច្ចុប្បន្នក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធកំពុងរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីបង្កើតធនធានមនុស្សផ្នែកទេសចរណ៍ឡើងវិញជាបណ្ដើរៗ ព្រោះវាជាផ្នែកមួយនៃដែនការស្ដារវិស័យទេសចរណ៍កម្ពុជា។

លោកជំទាវបន្តថា ក្រោយពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ វិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពល្បីល្បាញ ព្រោះកិច្ចប្រជុំនេះបានបញ្ចប់ទៅយ៉ាងរលូនដែលបញ្ជាក់ឱ្យឃើញថា កម្ពុជាជាគោលដៅសុវត្តិភាពមួយក្នុងការធ្វើធុរកិច្ច និងជាគោលដៅទេសចរណ៍សុវត្ថិភាពជាងបណ្ដាលប្រទែសនានា ហើយវាជាឱកាសមួយដែលបានជួយផ្សព្វផ្សាយប្រទេសកម្ពុជាឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា និងអាចពិចារណាក្នុងការមកកម្សាន្តជាដើម។

លោកជំទាវបានបញ្ជាក់ថា ទោះជារយៈពេលចុងក្រោយនេះ ភ្ញៀវទេសចរជាច្រើនទាំងភ្ញៀវជាតិ និងអន្តរជាតិ មានអារម្មណ៍ជឿជាក់ និងមានទំនុកចិត្តក្នុងការចេញដើរកម្សាន្តនៅកម្ពុជា ដែលបង្ហាញឱ្យឃើញថាវិស័យទេសចរណ៍កម្ពុជាកំពុងទទួលបានសញ្ញាវិជ្ជមានជាបន្តបន្ទាប់ក្ដី ក៏ស្ថានភាពទេសចរណ៍នៅកម្ពុជានៅពុំទាន់មានសភាពដូចដើមវិញទាំងស្រុងដែរ។ មួយវិញទៀត កម្ពុជាក៏ទើបតែបើកទទួលទេសចរឡើងវិញពីវិបត្តិកូវីដ-១៩ដូចបណ្ដាប្រទេសមួយចំនួនដែរ ដូចនេះភ្ញៀវទេសចរមិនអាចធ្វើការសម្រេចចិត្តមកកម្សាន្ដភ្លាមៗបានទេ ព្រោះភ្ញៀវទេសចរនីមួយៗត្រូវមានផែនការសម្រាប់ដើរកម្សាន្តឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តជ្រើសរើសប្រទេសដែលខ្លួនចង់មកកម្សាន្ត។

គួរបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប ១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១ ហើយក្នុងនោះ កម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិថៃច្រើនជាងគេគឺចំនួនជាង៥៩ម៉ឺននាក់ (៥៩០,៩៨៤នាក់)។ រីឯភ្ញៀវទេសចរជាតិមានចំនួន ៩,៤៧១,០៣៤នាក់ កើនឡើង២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១,៣៨៤,៤៩៨នាក់ កើនឡើង៦១៦.៧ភាគ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង