Yearendyearend1140x150

ក្រុមហ៊ុនជប៉ុនចំនួន១០ប្រកាសជួយកម្ពុជាដើម្បី«ផលិតផលបន្លែសុវត្ថិភាព»តាមស្តង់ដារអន្តរជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រុមហ៊ុនជប៉ុនចំនួន១០បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជាកំពុងជួបប្រទះ។ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Dr. Nabeshima Katsuhito តំណាងក្រុមហ៊ុនជប៉ុននៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០។

នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាលោក Dr. Nabeshima បានគូសបញ្ជាក់ថា កសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពនៅឡើយតាំងពីចំណុចចាប់ផ្តើម (ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន) និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ។

បើតាមលោក Dr. Nabeshima ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។ ឃើញច្បាស់អំពីចំណុខ្វះខាតទាំងអស់នេះ ក្រុមហ៊ុនជប៉ុនចំនួន ១០ ប៉ុន្តែថ្ងៃនេះមានវត្តមានតែ ៥ គឺតំណាក្រុមហ៊ុន IT លើវិស័យផលិតកម្មបន្លែ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត ឧបករណ៍ និងសម្ភារបម្រើឱ្យវិស័យផលិតកម្មបន្លែ ក្រុមហ៊ុន Nippon Express (Cold Chain Logistics) ក្រុមហ៊ុនផលិតជី និងក្រុមហ៊ុនគ្រាប់ពូជ និងចែកចាយ បានអញ្ជើញមកជួបឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ។

លោក Dr. Nabeshima បានបន្តថា តាមរយ:តំណាងក្រុមហ៊ុននីមួយៗ បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថានឹងចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជាកំពុងជួបប្រទះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងទិសដៅរួមគ្នាមួយគឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគាំទ្រនូវរាល់ចំណុចសំខាន់ៗដែលក្រុមហ៊ុនបានលើកឡើង ដោយបានបញ្ជាក់ថា នេះជាចំណុចចាប់ផ្តើមប្រកបដោយ មោទន:ភាពសម្រាប់ក្រសួង ដ៏ដូចជារាជរដ្ឋាភិបាល ជាពិសេសកសិករផលិតបន្លែផ្ទាល់តែម្តងតាមរយ:ផ្ញើក្តីសង្ឃឹមថានឹងទទួលបាននូវបច្ចេកវិទ្យាថ្មីៗសម្រាប់អភិវឌ្ឍវិស័យផលិតកម្មបន្លែនៅកម្ពុជានាពេលអនាគតដ៏ខ្លី ហើយលោកសង្ឃឹម និងជឿជាក់ថាគម្រោងដ៏មានអត្ថប្រយោជន៍មួយនេះវានឹងទទួលបានជោគជ័យនាពេលអនាគត ដូចដែលក្តីស្រមៃរបស់រាជរដ្ឋាពិបាល។

តែយ៉ាងណាក៏ដោយ ដើម្បីឱ្យទាន់សភាពការណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មបង្កើតក្រុមការងាររៀបចំឯកសារ MOU ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមន្ទីរកសិកម្មខេត្តបាត់ដំបង និងខេត្តមណ្ឌលគីរីត្រូវត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីផ្តល់កិច្ចសហការឱ្យបានពេញ លេញជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង