Yearendyearend1140x150

កម្ពុជាដាក់សំណើទៅម៉ាឡេស៊ីឱ្យបំភ្លឺឱ្យច្បាស់ពីការរកឃើញ“កូរ៉ូណា”លើស្ត្រីអាមេរិកដែលចាកចេញពីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសំណើទៅក្រសួងសុខាភិបាលម៉ាឡេស៊ី ដើម្បីផ្តល់ព័ត៌មានជាក់លាក់ ជាផ្លូវការតាមរយៈក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ពាក់ព័ន្ធករណីធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19)លើស្ត្រីជនជាតិអាមេរិកកាំងនៅម៉ាឡេស៊ីក្រោយចាកចេញពីនាវា Westerdam នៅកម្ពុជា។

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា នៅតែទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ធ្វើការត្រួតពិនិត្យឡើងវិញ យ៉ាងហ្មត់ចត់នូវលទ្ធផលដែលបានប្រកាស នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ថាមានស្ត្រីជនជាតិអាមេរិកាំងម្នាក់ អាយុ៨៣ឆ្នាំ មានវីរុសកូរ៉ូណាថ្មី (COVID-19) ក្រោយពីបានចាកចេញពីនាវាខ្នាតយក្ស Westerdam ចូលចតនៅកម្ពុជា។

បច្ចុប្បន្នក្រសួងកំពុងធ្វើសកម្មភាពស្រាវជ្រាវរកករណីសង្ស័យបុគ្គលដែលមានវីរុសកូរ៉ូណាថ្មី (COVID-19)ក្នុងចំណោមអ្នកទេសចរណ៍ដែលនឹងត្រូវបន្តដំណើរជើងហោះហើរនៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២០នេះ។ការស្រាវជ្រាវនេះធ្វើឡើងយ៉ាងហ្មត់ចត់តាមស្តង់ដារប្រតិបត្តិ និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (IHR)របស់អង្គការសុខភាពពិភពលោកមានជាអាទិ៍ ការត្រួតពិនិត្យកំដៅ ការធ្វើតេស្តអ្នកសង្ស័យ និងការផ្តល់ការអប់រំសុខភាព ព្រមទាំងបន្តពិភាក្សាជាមួយអង្គការសុខភាពពិភព(WHO) មជ្ឃមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសហរដ្ឋអាមេរិក(USCDC) វិទ្យាស្ថានបាស្ទ័រកម្ពុជា (IPC) ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19)នៅក្នុងប្រទេសកម្ពុជា។

ទាក់ទងនឹងករណីធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19)លើស្ត្រីជនជាតិអាមេរិកកាំងនៅម៉ាឡេស៊ីក្រោយចាកចេញពីនាវា Westerdam នៅកម្ពុជា ក្រសួងសុខាភិបាលនៅតែទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ធ្វើការត្រួតពិនិត្យឡើងវិញ យ៉ាងហ្មត់ចត់នូវលទ្ធផល ហើយមកដល់ម៉ោងនេះ ក្រសួងបានធ្វើសំណើទៅក្រសួងសុខាភិបាលម៉ាឡេស៊ី ដើម្បីផ្តល់ព័ត៌មានជាក់លាក់ ជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

គួរបញ្ជាក់ថា ស្រ្តីជនជាតិអាមេរិកាំងអាយុ៨៣ឆ្នាំម្នាក់ ត្រូវក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី ធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺ COVID-19 ។ក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រីជនជាតិអាមេរិកាំងអាយុ៨៣ឆ្នាំម្នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺCOVID-19 ហើយគាត់គឺស្ថិតក្នុងចំណោមអ្នកដំណើរដែលជិះលើនាវាទេសចរណ៍ដែលចូលចតនៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍។

តែយ៉ាងណា លទ្ធផលតេស្តនេះ ក្រសួងសុខាភិបាលកម្ពុជាបដិសេធ ហើយទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ធ្វើការត្រួតពិនិត្យឡើងវិញ។ក្រសួងសុខាភិបាលកម្ពុជាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់កុំមានការភ័យខ្លាចហួសហេតុចំពោះវីរុសកូរ៉ូណាថ្មី (COVID-19) ហើយណែនាំឱ្យបុគ្គលគ្រប់រូបត្រូវបន្តអនុវត្តន៍វិធានការការពារខ្លួនជាចាំបាច់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង