Yearendyearend1140x150

តើសិស្សគួររៀបចំខ្លួនបែបណាក្នុងដំណើរការនៃការប្រឡងបាក់ឌុប?

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាពក្នុងដំណើរការនៃការប្រឡងបាក់ឌុប ឆ្នាំ២០២១

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៦ ធ្នូ ខាងមុខនេះ។ នៅក្នុងដំណើរការនៃប្រឡងនេះ បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការប្រឡង ជាពិសេសបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និង បេក្ខជនដែលមានកម្ដៅលើសពី ៣៧,៥អង្សាសេ ត្រូវឆែកឆេរសំណៅឯកសារមុនបេក្ខជនទូទៅ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឱ្យដឹងថា បេក្ខជន ដែលប្រឡងបាក់ឌុប ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការប្រឡង និងត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនបេក្ខជនទូទៅ ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និង បេក្ខជនដែលមានកម្ដៅលើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ដើម្បីទទួលការស្ទង់កំដៅ និងឆែកឆេរសំណៅឯកសារមុនគ និងដាច់ដោយឡែកពីគេ។

បន្ថែមពីនេះទៀត បេក្ខជនត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ សំពត់ពណ៌ខៀវ ឬខ្មៅ ដាក់ក្នុងខោ ឬសំពត់ឱ្យបានត្រឹមត្រូវ ។ បេក្ខជនត្រូវយកប័ណ្ណសម្គាល់ខ្លួនថ្នាក់ទី១២ ដែលមានបិទរូបថត និងមានចុះហត្ថលេខានាយក នាយិកាសាលាបានត្រឹមត្រូវច្បាស់លាស់ ចំពោះបេក្ខជនចំណេះទូទៅ និងបេក្ខជនបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិនចំណេះទូទៅ និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ត្រូវយកសលាកបត្រឯកត្តជន ឬ ប័ណ្ណសម្គាល់ខ្លួនសិស្ស ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។

រូបភាពក្នុងដំណើរការនៃការប្រឡងបាក់ឌុប ឆ្នាំ២០២១

ជាមួយគ្នានោះ បេក្ខជនត្រូវយកចូលក្នុងបន្ទប់ប្រឡងនូវសម្ភារៈប្រើប្រាស់ ដែលក្រសួងអប់រំ អនុញ្ញាត ឱ្យប្រើ ដូចជា ប៊ិចពណ៌ខៀវ ខ្មៅដៃ បន្ទាត់ដែកឈាន រ៉ាព័រទ័រ និងសម្ភារៈអនាម័យដូចជា ម៉ាស់ អាល់កុល ឬជែលលាងដៃ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅពេលដំណើរការប្រឡង និងត្រូវអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ និងអ្នកមានសមត្ថកិច្ចថែរក្សាសណ្ដាប់ធ្នាប់ក្នុងការដកហូតសំណៅឯកសារ និងសម្ភារៈផ្សេងៗ ដែលក្រសួងមិនអនុញ្ញាតឱ្យយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង។

បេក្ខជនត្រូវគោរពតាមការណែនាំរបស់អនុរក្សដូចជាអង្គុយឱ្យចំតាមលេខតុដែលអនុរក្សបានបង្ហាញបំពេញលើក្បាលសន្លឹកកិច្ចការដែលអនុរក្សបានចែកឱ្យ និងប្រគល់សន្លឹកកិច្ចការជូនអនុរក្សវិញពេលដល់ម៉ោងទោះបីកិច្ចការនោះបានធ្វើ ឬពុំបានធ្វើក៏ដោយ។

គួរបញ្ជាក់ថា ដំណើរការសំណេរ ប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី០៥-០៦ ធ្នូ ហើយក្រសួងកំណត់យកថ្ងៃទី២៧ ធ្នូ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី២៨ ធ្នូ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស។ ហើយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១ នាក់៕

រូបភាពក្នុងដំណើរការនៃការប្រឡងបាក់ឌុប ឆ្នាំ២០២១


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បាក់ឌុប២០២២
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង