Yearendyearend1140x150

ក្រុមហ៊ុនមួយវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី២០០ទីតាំងនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន BYD Auto Industry បានបង្ហាញនូវផែនការចំពោះការបណ្ដាក់ទុនវិនិយោគដ៏សន្ធឹកសន្ធាប់លើវិស័យយានយន្តអគ្គិសនី ដោយការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ប្រមាណ ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជា។ ផែនការនេះត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុមហ៊ុន BYD Auto Industry ដែលដឹកនាំដោយលោក Henry Yip ជានាយកថ្នាក់តំបន់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry ផងដែរ ក្នុងការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

ក្នុងនោះដែរ តំណាងក្រុមហ៊ុន BYD បានលើកឡើងពីគោលដៅក្នុងការចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ2022 ដល់ឆ្នាំ2023 (Green New Energy and Green Plan of 2022-2023)។ ក្រុមហ៊ុនបានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ ដែលតាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួងក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជួសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការ។

ឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមហ៊ុន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ ដោយក្នុងនោះក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង