Yearendyearend1140x150

ក្រសួងពាណិជ្ជកម្មជំរុញឱ្យលើកលែងពន្ធ៥ឆ្នាំទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានខិតខំជួយដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបន្តនូវការជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារលើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមប្រសាសន៍ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានលើកឡើងថា វិស័យស្រូវអង្ករ គឺជាវិស័យដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារ ទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងឆ្នាំ២០២២ នេះដែរក្រសួងពាណិជ្ជកម្មក៏បានខិតខំជួយដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបន្តនូវការជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារលើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមបន្ថែមថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងតែប៉ុណ្ណោះទេ តែក្រសួងបានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្ម រវាងកសិករខ្នាតតូច ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលការងារធ្វើឡើងតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុ ដោយរាជរដ្ឋាភិបាល និង IFAD ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង