Yearendyearend1140x150

វត្តឈើខ្មៅជាទួលសក្តិសិទ្ធិ និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅស្រុកឯកភ្នំ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

បាត់ដំបង៖ សម្លេងកាណូតបើកកាត់ផ្ទៃទឹកបង្កើតបានជារលកតូចៗរត់ប្រដេញគ្នាតាមដងស្ទឹងសង្កែឆ្ពោះទៅកាន់ ភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានចម្ងាយពីទីរួមខេត្តប្រមាណជា ៥៤ គីទ្បូម៉ែត្រ ។ នៅចំពីមុខផ្លូវធ្វើដំណើរគេប្រទះឃើញវត្តបុរាណមួយហាក់ដូចជាប្រាសាទផុសចេញពីក្នុងផ្ទៃទឹក នៅកណ្តាលតំបន់ព្រៃរនាមបឹងទន្លេសាបនោះ គឺជាវត្តឈើខ្មៅដែលជាទួលសក្តិសីទ្ធិ ឬ ទួលអណ្តែតដែលសម្បូរដោយដើមឈើខ្មៅ វត្តនេះសាងសង់ទ្បើងនៅឆ្នាំ ១៨៨៧ ហើយព្រះវិហារវត្តឈើខ្មៅធ្វើទ្បើងពីរុក្ខជាតិឈើខ្មៅសុទ្ធសាធ ។

វត្តឈើខ្មៅ ជាទួលសក្តិសិទ្ធិ និង ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាគ្រប់រដូវកាលមុននឹងទៅទស្សនាជុំរុំសត្វស្លាបទឹកព្រែកទាល់ ។ វត្តឈើខ្មៅសាងសង់លើទីទួលមួយ ដែលពីដើមសម្បូរទៅដោយដើមឈើខ្មៅ ហើយគេបានកាប់ឈើនោះយកមកធ្វើព្រះវិហារ ទើបគេឱ្យឈ្មោះថា វត្តឈើខ្មៅ ។ កាលដើមទ្បើយទួលនេះគឺជាទួលសក្តិសិទ្ធិនៅក្នុងកណ្តាលតំបន់ព្រៃរនាមដៃបឹងទន្លេសាប ។

ទោះបីជាមានទឹកជំនន់ធំប៉ុណ្ណា ក៏ទួលដែលសាងសង់ព្រះវិហារនោះពុំដែលលិចទ្បើយ ។ ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមវត្តនេះថា «ទួលអណ្តែត»។ នៅរដូវប្រាំង ព្រះវិហារនេះមើលទៅដូចជាប្រាសាទមួយស្ថិតនៅកណ្តាលព្រៃរនាម ហាក់ដូចជាអណ្តែតពីក្នុងផ្ទៃទឹក ហើយនៅលើទួលនេះមានសល់ទូកងមួយធ្វើពីឈើគគីរដែលដុះនៅលើទួលនោះ ដែលគេកសាងទ្បើង តាំងពីពេលកកើតវត្ត ហើយមានបារមីខ្លាំងពូកែពេលប្រកួតម្តងៗមិនដែលចាញ់គេទេ។

វត្តឈើខ្មៅនេះមានអាយុកាលប្រមាណជា ១៣១ ឆ្នាំមកហើយ ពីអតីតកាលរហូតបច្ចុប្បន្នមានប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះអណ្តែតទឹកស្ថិតក្នុង ឃុំព្រៃចាស់ និង ឃុំកោះជីវាំង ស្រុកឯកភ្នំ តែងតែនាំគ្នាធ្វើបុណ្យគោរពបូជា និង នៅតែមានជំនឿលើបារមីរបស់ព្រះពុទ្ធរូបនៅក្នុងព្រះវិហារវត្តឈើខ្មៅឬទួលអណ្តែតនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង