Yearendyearend1140x150

អាយប៉ានិងអាស៊ានឯកភាពគ្នាជំរុញឱ្យមានយន្តការដោះស្រាយបញ្ហារួមនៅក្នុងតំបន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់អាស៊ាន បានឯកភាពគ្នា ជំរុញឱ្យមានយន្តការដោះស្រាយបញ្ហារួម ក្នុងតំបន់ឱ្យមានប្រសិទ្ធភាព សន្តិភាព ដើម្បីផលប្រយោជន៍ប្រជាជន និងប្រជាជាតិនីមួយៗ។

ថ្លែងក្នុងសន្និសីទកាសែត នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ឃុត ចាន់ដារ៉ា អ្នកនាំពាក្យនៃមហាសន្និបាតអាយប៉ាលើកទី៤៣ បានមានប្រសាសន៍ថា គណៈប្រតិភូនៃអន្តរសភាអាស៊ាន ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានជួបជជែកគ្នាជាមួយនឹងតំណាងអគ្គលេខាធិការដ្ឋានអាស៊ានដើម្បីស្វែងយល់ពីវឌ្ឍនភាពការងាររបស់ស្ថាប័ននីតិប្រតិបត្តិ និងជំរុញដោះស្រាយបន្ថែមទៅលើបញ្ហាដែលកើតមាននៅក្នុងតំបន់ដោយផ្តោតសំខាន់លើការកម្ពស់ និងកិច្ចសហប្រតិបត្តិការរបស់អាយប៉ា និងអាស៊ានសំដៅរក្សាស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

ឯកឧត្តម ឃុត ចាន់ដារ៉ា បានបន្តថា តំណាងសមាជិកនៃប្រទេសអាយប៉ាបានគាំទ្រពីសារៈសំខាន់ និងតួនាទីរបស់ អាយប៉ានិងសមាជិកអាស៊ាន ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែមានស្ថិរភាព និងសន្តិភាព ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ដើម្បីកសាងសហគមន៍អនាគត់រួមគ្នាដោយសន្តិភាព។

អ្នកនាំពាក្យអាយប៉ាបានបញ្ជាក់ថា ជាមួយគ្នានោះដែរ តំណាងអាយប៉ា ក៏ដូចជាតំណាងអាស៊ាន និងភាគីពាក់ព័ន្ឋទាំងអស់ បានប្តេជ្ញារួមគ្នាធ្វើយ៉ាងណារកដំណោះស្រាយសមស្របក្នុងការឆ្លើយតបបញ្ហាប្រឈមនានា ដែលកើតមាននាពេលបច្ចុប្បន្ននេះនិងថ្ងៃអនាគតឱ្យទទួលបានប្រសិទ្ធភាពដើម្បីលើកកម្ពស់សន្តិភាព ការរីកចម្រើន ការអភិវឌ្ឍដោយចីរភាព ភាពធន់ និងការសម្រេចបានចក្ខុវិស័យអាស៊ានតែមួយ និងអាយប៉ា ឱ្យកាន់តែមានកិត្យានុភាពនៅក្នុងតំបន់ និងសកលលោក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង