Yearendyearend1140x150

ក្រសួងសាធារណៈការ បដិសេធមិនទទួលយកគុណភាពកំណាត់ផ្លូវជាតិលេខ៣កំពត-វាលរេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


កំពត៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបដិសេធមិនទទួលយកគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ដែលស្ថិតនៅខេត្តកំពត និងខេត្តព្រះសីហនុ ដែលសាងសង់ដោយគម្រោងរបស់ក្រុមហ៊ុនសាងសងSichuan Road & Bridge និង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៤ មានការខូចខាតច្រើនដោយសារតំបន់នេះជាតំបន់លិចទឹក ហើយដីខាងក្រោមភាគច្រើនគឺជាដីស្អុយ ដោយត្រូវខួងយកដីស្អុយ១៥ម៉ែត្រចេញទើបជាប់។គម្រោងចាប់ផ្ដើមជួសជុលនេះមិនបានទំាងអស់ទេ ដោយគម្រោងទី១ គឺជួសជុល ចាក់អេស៊ីពីផ្លូវចាស់ទាំងអស់មានប្រវែង៥៤គីឡូម៉ែត្រ ដោយជាក់ស្ដែងមាន៣៤គីលូម៉ែត្រពីកំពត មកទំពាំងអំពិលគឺថាខូចគួរសម និងមានប្រវែង ២០គីឡូទៀតមានការខូចខាតច្រើន។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា៖«មកដល់ពេលនេះខាងក្រសួងមិនទាន់ទទួលយកផ្លូវនេះនៅឡើយទេ ដោយក្រុមហ៊ុនសាងសង់ត្រូវការពេលប្រហែល១៨ខែ នឹងត្រូវថែទាំផ្លូវនេះរយៈពេល៣ឆ្នាំ ក្រោយក្រសួងចេញលិខិតទទួលស្គាល់គុណភាពផ្លូវនេះ ដោយសារតែពេលនេះ ក្រសួងទទួលយកគុណភាពផ្លូវនេះមិនទាន់បាន ព្រោះគុណភាពនៅមិនទាន់ល្អនៅឡើយទេ»។

បើតាមឯកឧត្តមរដ្ឋមន្ត្រី បច្ចុប្បន្នក្រសួងបានពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស រកថវិការបន្ថែមពីធនាគារពិភពលោក ដោយសារគម្រោងនេះជាគម្រោងធនាគារពិភពលោក ដាក់បន្ថែមជិត៤លានដុល្លារ ដើម្បីកាយផ្លូវដែលខូចចេញទាំងអស់ ហើយធ្វើឡើងវិញ។

នៅចំពោះមុខក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖«បើធ្វើ ធ្វើឱ្យស្រេចបាច់រួចរាល់ កុំឱ្យខាតពេលទាំងអស់គ្នា និងកុំធ្វើឱ្យរួចពីដៃ ហើយក្រសួងទទួលមិនបានដាច់ខាតចំពោះគុណភាពផ្លូវនាពេលនេះ ហើយក្រសួងបានបង្កើតក្រុមពិសេស២ក្រុម ដើម្បីចុះទៅខួង ចុះទៅវៃគ្រឹះថាមាំឬមិនមាំតាមដានរហូតថាវាត្រឹមត្រូវឬមិនត្រឹម ផងដែរ»។

សូមបញ្ជាក់ដែរថា គម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង ៥៤,៣០គម ចែកជាពីរកំណាត់គឺពីគម១៤៧+១០០ ដល់គម ១៨១+០០០ ប្រវែង៣៤គម ត្រូវបានជួស ជុល និងក្រាលកៅស៊ូAC ហើយ គម១៨១+០០០ ដល់គម២០១+៤០០ ប្រវែង២០គម ត្រូវធ្វើការជួសជុល ពង្រឹងឡើងវិញដោយធ្វើការលើកកម្ពស់តួផ្លូវចំនួន៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួផ្លូវ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។

កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ គ្រោងចំណាយថវិកាប្រមាណ១២.០៦១.៦៨៨,០៥ ដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានIDA Credit លេខ.៥៧៨៩-Kh បច្ចុប្បន្នគម្រោងផ្លូវនេះសម្រេចបាន៧៩,៦០% ក្នុងនោះរួមមានការសាងសង់ប្រព័ន្ធប្រឡាយរំដោះទឹក ការងារដាក់ប្រព័ន្ធលូ បំពាក់ស្លាកសញ្ញាសុវត្តិភាព និងគំនូសសញ្ញាចរាចរណ៍ផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យនៅថ្ងៃទី ១៩ មិថុនានេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកគោល ការណ៍ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ (ធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងមុខហើយធ្វើ ខាងក្រោយម្ដងទៀត)។ឯកឧត្តមទេសរដ្ឋមន្ត្រី អំពាវនាវដល់ប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធី ថែទាំផ្លូវ(Road Care Mobile App) ដើម្បីចូលរួមថែទាំផ្លូវថ្នល់យើងឱ្យបានគង់វង្សជាប់បានយូរ និង សំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន កុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់បណ្តាលឱ្យផ្លូវឆាប់ខូច មិនត្រូវប្រើប្រាស់ចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្ម រំលោភបំពានដីចំណីផ្លូវ និងសូមចូលរួមគោរពច្បាប់ ចរាចរណ៍ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង