Yearendyearend1140x150

កម្ពុជាប្រកាសគាំទ្រ«វិថីសូត្រសុខភាព»ដើម្បីដោះស្រាយវិបត្តិសុខភាពសាធារណៈ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ប្រមុខការទូតនៃប្រទេសកម្ពុជាបានប្រកាសគាំទ្រចំពោះ «វិថីសូត្រសុខភាព»ដែលបង្កើតឡើងដោយប្រទេសចិន ហើយប្រទេសកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដឹកនាំ និងការរួមចំណែករបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ នៅទូទាំងសកលលោក។ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំថា កម្ពុជាសំដែងការកោតសរសើរដល់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការរៀបចំកិច្ចប្រជុំដ៏សំខាន់នេះឡើង ដែលនឹងបង្កើតឱ្យមានការប្តេជ្ញាចិត្តជាអន្ដរជាតិ ដើម្បីជំនះលើការរីករាលដាលនៃជំងឺរាតត្បាតនេះនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជម្ងឺកូវីដ-១៩។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះ «វិថីសូត្រសុខភាព»។ សម្រាប់ឯកឧត្តម ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិទេ ពិភពលោកមិនអាចឈ្នះការប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតនេះទេ។ការធ្វើនយោបាយណាមួយទៅលើការផ្ទុះឡើងនៃជម្ងឺរាតត្បាត ឬការ លេងល្បែងស្តីបន្ទោសដាក់គ្នា គឺបានត្រឹមតែកាត់បន្ថយនូវកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំង នឹងជម្ងឺរាតត្បាតសកលនេះ តែប៉ុណ្ណោះ។

បើតាមប្រមុខការទូតនៃប្រទេសកម្ពុជា ពិភពលោកចាំបាច់ត្រូវផ្តោតលើការពង្រឹងសមត្ថភាពរួម ដើម្បីដោះស្រាយវិបត្តិសុខភាព សាធារណៈនេះ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍និងជំនាញបច្ចេកទេស ការចែករំលែក ឧត្តម្មានុវត្តន៍ ហើយនឹងរិះរកការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នា លើថ្នាំព្យាបាលនិងវ៉ាក់សាំង។ បរិបទបច្ចុប្បន្នដែលពហុភាគីនិយមនៃវិស័យសុខាភិបាលកំពុងរងការវាយប្រហារ ពិភពលោកគួរតែ បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់តួនាទីរបស់អង្គការសុខភាព ពិភពលោក។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩អង្គប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួមដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួមនៃសាមគ្គីភាពរបស់អ្នកចូលរួមប្រជុំទាំងអស់ និងបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេស ក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ លើកកម្ពស់ការស្តារសេដ្ឋកិច្ចសង្គម និងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការកសាងសហគមន៍នៃអនាគតរួម ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង