Yearendyearend1140x150

កញ្ញាម៉េង ហ៊ុយទាង៖និស្សិតគួរចាប់ឱកាសទៅសិក្សាក្រៅប្រទេស ដើម្បីបានចំណេះដឹងមកអភិវឌ្ឍជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/


កំពង់ចាម៖ បើនិយាយទៅដល់ការបន្ដការសិក្សានៅឯប្រទេសក្រៅ អ្នកណាៗ ក៏ប្រាថ្នាចង់បាន ព្រោះវាជាឱកាសមួយសម្រាប់សិស្ស និស្សិតគ្រប់គ្នា អាចទទួលបានចំណេះដឹងថ្មីៗបន្ថែមពីខាងក្រៅ រួមទាំងទទួលបានការឧបត្ថម្ភថ្លៃការសិក្សា និងការស្នាក់នៅ ចាយវាយប្រចាំថ្ងៃផងដែរ។ កញ្ញា ម៉េង ហ៊ុយទាង គាត់និស្សិតម្នាក់មានបទពិសោធន៍ទៅសិក្សានៅក្រៅប្រទេស។សម្រាប់កញ្ញា ការសិក្សានៅក្រៅប្រទេសអាច ទទួលបានបទពិសោធន៍ថ្មី និងនាំអ្វីដែលថ្មីដើម្បីយកមកអភិវឌ្ឍប្រទេសជាតិយើង។ 

កញ្ញា ម៉េង ហ៊ុយទាង បានថ្លែងថា៖ « ខ្ញុំចាប់អារម្មណ៍ចង់រៀននៅបរទេស ចង់ដើរក្រៅនិងស្វែងរកនូវអ្វីដែលថ្មី ដែលពាក់ព័ន្ធនឹងការអប់រំ ភាសា វប្បធម៌ ការរស់នៅ និងអាចទទួលបានឱកាសច្រើន។ ហើយមួយវិញទៀត ក៏ជាឱកាសក្នុងការសិក្សាពីប្រព័ន្ធអប់រំនៅបរទេសផងដែរ» ។

យោងតាមមតិរបស់កញ្ញា ហ៊ុយទាង កញ្ញាមិនមែនចង់មានន័យថា កញ្ញាមិនឱ្យតម្លៃការអប់រំនៅប្រទេសយើងឡើយ តែជាក់ស្ដែងការសិក្សាក្រៅប្រទេស យើងទទួលបានចំណេះដឹងយ៉ាងច្រើន ដើម្បីយកមកអភិវឌ្ឍន៍វិស័យអប់រំនៅមាតុប្រទេសវិញ។

កញ្ញានិយាយថា៖ « ការសិក្សានៅបរទេស តួយ៉ាងនៅប្រទេសកូរ៉េ នាងខ្ញុំទទួលបានអត្ថប្រយោជន៍ដូចជា ការសិក្សាដោយឥតគិតថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការចាយវាយប្រចាំថ្ងៃ និងគុណភាពសិក្សាប្រកបដោយចំណេះដឹងថ្មីៗ ដែលមិនដែលសិក្សាពីមុន ដូចជាវប្បធម៌ អរិយធម៌ របៀបរស់នៅ វិធីសាស្រ្តការបង្រៀន ការអប់រំប្រកបដោយប្រសិទ្ធិភាព ។ ហើយទទួលបានឱកាសការងារច្រើន បន្ទាប់ពីបញ្ចប់ការសិក្សានៅបរទេសហើយ »។

ជាមួយគ្នានេះ ការសិក្សានៅក្រៅប្រទេសក៏ជួបបញ្ហាមួយចំនួនដែរ។កញ្ញា ម៉េង ហ៊ុយទាង បានលើកឡើងពីបទពិសោធន៍របស់កញ្ញាផ្ទាល់ថា ក្នុងអំឡុងពេលសិក្សានៅប្រទេសកូរ៉េ កញ្ញាទៅតែឯង រងសម្ពាធការបាក់ទឹកចិត្ត និងនឹកគ្រួសារនឹកផ្ទះ របៀបការសិក្សាថ្មី មិត្តភក្ដិបរទេសដែលមកពីប្រទេសផ្សេងៗគ្នា អាកាសធាតុត្រជាក់ពេក ក្ដៅពេក មុខម្ហូបជាដើម។

តែយ៉ាងណាក៏ដោយ ហ៊ុយទាងនៅតែលើកទឹកចិត្តដល់សិស្សានុសិស្ស និស្សិត មន្រ្តីគ្រប់រូប គួរស្រវាចាប់ឱកាសសិក្សានៅបរទេសតាមមធ្យោបាយផ្សេងៗ ដើម្បីទទួលបានបទពិសោធន៍ថ្មីមានជាអាទិ៍ ចំណេះដឹង ចំណេះធ្វើ និងឥរិយាបថនៃការរស់នៅខុសពីប្រទេសកម្ពុជា ហើយនាំយកចំណេះដឹងទាំងអស់នោះ ដើម្បីអភិវឌ្ឈន៍មាតុភូមិខ្លួនឱ្យរីកចំរើន ។

គួរបញ្ជាក់ថា កញ្ញា ម៉េង ហ៊ុយទាង មានអាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃជាគ្រូបង្រៀនកម្រិតមូលដ្ឋានផ្នែកគណិតវិទ្យានៅវិទ្យាល័យហ៊ុនសែនកំពង់ចាម។ឆ្នាំ២០១៨ កញ្ញាបានទៅបន្ដការសិក្សានៅប្រទេសកូរ៉េ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកការដឹកនាំនៃការអប់រំជាសាកល (Global Educational Leadership)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង