Yearendyearend1140x150

រដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុចុងឆ្នាំនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 កិច្ចប្រជុំស្តីពីគ្រោងកំណត់យកការរៀបចំបុណ្យសមុទ្រឆ្នាំ២០២០នេះ ។

ព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០នេះ។ការរៀបចំនេះ ដើម្បីផ្សព្វផ្សាយប្រាប់អន្តរជាតិថាកម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និង គុណភាពសេវាកម្មប្រសើរជាងមុន។

«ក្នុងករណីដែលសភាពការណ៍កូវីដបានធូរស្រាល ហើយរាជរដ្ឋាភិបាលអនុញ្ញាត ក្រសួងទេសចរណ៍គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០នេះ ជាយុទ្ធនាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធានាបានសុវត្ថិភាពទេសចរណ៍ ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិថា កម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានគុណភាពសេវាកម្មទេសចរណ៍ល្អប្រសើជាងមុន»។នេះជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ការលើកឡើងរបស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០។

ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឱ្យបាននូវបង្គន់អនាម័យសាធារណៈឱ្យបានច្រើនកន្លែង និងមានស្ដង់ដាត្រឹមត្រូវ ដើម្បីដាក់បម្រើជូនភ្ញៀវទេសចរ កែលម្អឡើងវិញនូវបញ្ជរព័ត៌មានទេសចរណ៍ ពិសេសត្រូវរៀបចំឱ្យមានសៀវភៅបង្ហាញផ្លូវទេសចរណ៍ (Book Guide) និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ក្រៅពីការណែនាំរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យបន្តបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍បន្ថែម អំពីភាពទាក់ទាញនានាដែលបាន និងកំពុងកើតឡើងថ្មីៗនេះ ដូចជាចំណេះដឹងពាក់ព័ន្ធនឹងមហាវិថី និងវិថីមួយចំនួនដែលរាជរដ្ឋាភិបាលបាននិងកំពុងកសាងជិតរួចរាល់។ បណ្ដុះបណ្ដាលដល់បុគ្គលនិយោជិតក្នុងវិស័យទេសចរណ៍ ដែលបាត់បង់ការងារក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ដើម្បីឱ្យពួកគេមានជំនាញកាន់តែល្អជាងមុន សំដៅត្រៀមទទួលវត្តមានភ្ញៀវទេសចរដែលនឹងត្រលប់មកទស្សនាខេត្តព្រះសីហនុវិញ ក្រោយពេលចប់វិបត្តិកូវីដ-១៩។

គួរបញ្ជាក់ថា នៅក្រុងព្រះសីហនុ ការរៀបចំទីក្រុងទំនើបបាននិងកំពុងធ្វើប្រកបដោយភាពទាក់ទាញប្លែកភ្នែក រីឯប្រព័ន្ធហេដ្ឋារចនាសម្ពន្ធក៏ជិតបង្ហើយការរៀបចំដែរ។ ប៉ុន្តែគុណភាពសេវាកម្មទេសចរណ៍ និងការរៀបចំកែលម្អរមណីយដ្ឋាន ឆ្នេរសមុទ្រ ក៏ត្រូវបន្តការរៀបចំឱ្យល្អប្រសើរផងដែរ ដើម្បីត្រៀមឱ្យបានរួចស្រេចនៅពេលកំណើនភ្ញៀវទេសចរងើបឡើងវិញ ពិសេសនៅពេលភ្ញៀវទេសចរក្នុងស្រុកកំពុងមានសកម្មភាពងើបឡើងវិញ បូករួមនឹងការដាក់ឱ្យអនុវត្តក្រមប្រតិបត្តិ និងវិធានសុវត្ថិភាពទេសចរណ៍ថ្មី (New Normal) ដែលមាននៅក្នុងសេវាកម្មទេសចរណ៍នានា។នេះជាការបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: បុណ្យសមុទ្រ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង