Yearendyearend1140x150

បណ្ឌិត រ៉ូ វណ្ណៈ និពន្ធសៀវភៅ“ទស្សនវិជ្ជានយោបាយកៅឌីល្យៈ”ផ្តោតលើទស្សនវិជ្ជាឥណ្ឌាបុរាណ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកបណ្ឌិត រ៉ូ វណ្ណៈ បានចងក្រងស្នាដៃសៀវភៅមួយក្បាលដែលមានចំណងជើងថា“ទស្សនវិជ្ជានយោបាយកៅឌីល្យៈ”។ សៀវភៅនេះត្រូវបានរៀបរៀង និងសរសេរឡើងសម្រាប់ជាវិភាគទានដ៏សំខាន់មួយក្នុងគោលបំណងចូលរួមចំណែកដល់ការសិក្សាស្រាវជ្រាវ និងការពង្រីកចំណេះដឹងលើទស្សនវិជ្ជាឥណ្ឌាបុរាណ ដែលគុណតម្លៃរបស់វានៅតែមានអត្ថិភាពក្នុងសង្គមមនុស្សនៅឡើយសម្រាប់សិស្សនិស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកប្រាជ្ញ(scholars) និងអ្នកអានទាំងឡាយអាចក្រេបជញ្ជក់ដើម្បីគោលដៅកម្សាន្ត(entertainment)ផង និងការអប់រំ(education)ផង។

ជាមួយគ្នានេះដែរ ស្នាដៃនេះអាចជួយបំពេញដល់សេចក្តីត្រូវការរបស់សិស្សនិស្សិត អ្នកសិក្សា បញ្ញវន្ត អ្នកអាន សាធារណជនទាំងឡាយដែលចង់ឈ្វេងយល់ និងចង់ចេះចង់ដឹងគំនិតនយោបាយ និងទស្សនវិជ្ជានយោបាយឥណ្ឌាបុរាណ ដែលជាមែកធាងមួយនៃមុខវិជ្ជាប្រវត្តិគំនិតនយោបាយដែលមាននៅក្នុងការសិក្សាវិទ្យាសាស្ត្រនយោបាយ។“ទស្សនវិជ្ជា ជាការស្វែងរកគតិបណ្ឌិត, ជាការស្វែងរក ចំណេះដឹងសកល”(Strauss, 1988, p. 343)។ សម្រាប់ទស្សនវិទូស្ត្រូសស៍ទស្សនវិជ្ជានយោបាយ គឺជាការព្យាយាមពិតប្រាកដដើម្បីយល់ដឹងពីធម្មជាតិ(សារជាតិ)នៃរឿងនយោបាយ, សិទ្ធិ, ឬសណ្តាប់ធ្នាប់នយោបាយល្អ(Strauss, 1949)។

ជាឧត្តមគតិ លោកបណ្ឌិត រ៉ូ វណ្ណៈ គិតថាទស្សនវិជ្ជា ជាមុខវិជ្ជាមួយគួរឱ្យរំភើបរីករាយសម្រាប់មនុស្សទូទៅក៏ដូច សម្រាប់អ្នកជំនាញទស្សនវិជ្ជា ហើយលោកសង្ឃឹមថាលោកមានលទ្ធភាពនិងមានកោសល្ល ក្នុងការបកស្រាយពន្យល់នូវគំនិតរបស់ទស្សនវិទូដែលលោកកំពុងសរសេរនេះឡើង ក្នុងគោលបំណងចែករំលែកជាពុទ្ធិ ការយល់ដឹងនិងគតិបណ្ឌិតដែលមាននៅក្នុងសៀវភៅនេះឡើងសម្រាប់មនុស្សខ្មែរជារួម ។

ជាការកត់សម្គាល់ ទស្សនវិជ្ជានយោបាយកៅឌីល្យៈពុំទាន់ មានអ្នកសិក្សាស្រាវជ្រាវ សរសេរ ឬចងក្រងយ៉ាងទូលំទូលាយជាភាសាខ្មែរក៏ដូចជាភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជានៅឡើយនោះទេ។ ដោយសង្កេតឃើញថាមិនទាន់មានការរៀបរៀងស្នាដៃបែបនេះជាភាសាខ្មែរនៅឡើយនោះ ទើបស្នាដៃមួយនេះ ត្រូវបានចងក្រងជាភាសាខ្មែរ ដើម្បីឆ្លើយតបទៅនឹងការចង់អានចង់ចេះដឹងរបស់សិស្សនិស្សិត អ្នកសិក្សា អ្នកស្រាវជ្រាវ អ្នកអានដែលមិនមានលទ្ធភាពឬសមត្ថភាពអានឯកសារជាភាសាបរទេស។

មួយវិញទៀត ក្នុងគោលបំណងចូលរួមវិភាគទាននិងចូលរួមចំណែកដល់ការលើកកម្ពស់អក្សរសាស្ត្រជាតិ ក៏ដូចជាចូលរួមផ្តល់និងចែករំលែកទស្សនទានបែបទស្សនវិជ្ជានយោបាយ និងចំណេះចេះដឹង ឬពុទ្ធិដល់សិស្ស និស្សិត អ្នកសិក្សាទាំងឡាយ ស្តីពីទស្សនវិជ្ជានយោបាយកៅឌីល្យៈ ដែលមានឥទ្ធិពលលើសណ្តាប់ធ្នាប់នយោបាយខ្មែរកាលសម័យមហានគរដោយអន្លើ និងលើមុខវិជ្ជាប្រវត្តិគំនិតនយោបាយក្នុងសហសម័យ ជារួមអ្នករៀបរៀងមិនមានបំណងអូសទាញ សិស្សនិស្សិត អ្នកសិក្សាឱ្យឈ្លក់វង្វេង ថាតាម ប្រកាន់ខ្ជាប់ រឹងត្អឹង ចំពោះទស្សនវិទូរូបនេះនោះឡើយ។

គួរបញ្ជាក់ថា ទស្សនវិទូរបស់ឥណ្ឌា ចាន់ណាក្យៈ ឬកៅឌីល្យៈ ឬវិស្ណុគុប្តៈ( ៣៥០-២៧៥ មុនគ.ស.) ជាព្រះរាជគ្រូ ជាអ្នកយុទ្ធសាស្ត្រ និងជានាយករដ្ឋមន្រ្តីក្នុងរជ្ជកាលចន្ទ្រគុប្តៈ(៣២១-២៩៧ មុនគ.ស.) ដែលជាស្ថាបនិកនៃចក្រភពមោរយ្យ (Mauryan)(៣២២-១៨៥ មុនគ.ស.)។ ចាន់ណាក្យៈត្រូវគេស្គាល់យ៉ាងច្បាស់ថាជាអ្នកនិពន្ធអភិក្រមនយោបាយអត្ថសាស្ត្រដែលជាសៀវភៅណែនាំស្តីពីសេដ្ឋកិច្ចនយោបាយសម្រាប់យុវក្សត្រចន្ត្រាគុប្តៈ (ChandraguptaMaurya) ដើម្បីគ្រប់គ្រងរដ្ឋប្រកបដោយប្រសិទ្ធភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង