Yearendyearend1140x150

ស្វាយចន្ទីកម្ពុជាអាចនឹងមានទីផ្សារកាន់តែខ្ពស់ក្រោយការបង្កើត«សហព័ន្ធស្វាយចន្ទីកម្ពុជា»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ postkhmer.com)

ភ្នំពេញ៖ ក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា គ្រោងនឹងរៀបចំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” នៅដើមខែតុលាខាងមុខនេះ។ ភាគីពាក់ព័ន្ធទាំងអស់សង្ឃឹមយ៉ាងមុតមាំថា ក្រោយការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជានេះ វានឹងដើរតួនាទីប្រកបដោយបុរេសកម្ម និងច្នៃប្រឌិត រួមចំណែកលើកកម្ពស់ធនធានមនុស្សនិងបច្ចេកទេស និងបន្តទាក់ទាញដៃគូជាតិនិងអន្តរជាតិ ដើមី្បអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា បំពេញតម្រូវការទីផ្សារបញ្ជាទិញក្រៅប្រទេសបន្ថែមទៀត។

នាឱកាសនោះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា សមាគមសហព័ន្ធស្វាយចន្ទី គឺជាផ្នែកមួយតំណាងសំឡេងវិស័យឯកជនដ៏សំខាន់ក្នុងវិស័យស្វាយចន្ទី ដូចមានចែងក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងជាកម្លាំងចលករសំខាន់ក្នុងការអនុវត្តគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនិងពិភពលោក។ ដូចនេះ ទើបក្រសួងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំ ដើមី្បពិនិត្យសេចក្ដីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិងដំណើរការត្រៀមរៀបចំសន្និបាតដែលគ្រោងធ្វើឡើងនៅខែតុលាខាងមុខ និង ប្រឹក្សាសម្របសម្រួលអំពីនីតិវិធីចុះបញ្ជីសហព័ន្ធនៅក្រសួងមហាផ្ទៃ។

បន្ទាប់មកកិច្ចប្រជុំបានទទួលស្តាប់នូវបទបង្ហាញដែលធ្វើឡើងដោយតំណាងវិទ្យាស្ថានCIRD និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អំពីសារបានការរៀបចំសេចក្តីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីនៃការរៀបចំបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ និងដំណើរការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ល។ បន្ទាប់មកកិច្ចប្រជុំ បានបើកកិច្ចពិភាក្សាយ៉ាងផុលផុស លើចំណុចសំខាន់ៗតាមរបៀបវារៈ និងបានពិនិត្យលម្អិតលើសេចក្តីព្រាងលក្ខន្តិកៈដែលបានរៀបចំដោយតំណាងដៃគូអភិវឌ្ឍន៍។

មុននឹងបញ្ចប់ កិច្ចប្រជុំបានស្នើឱ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធបន្តសហការជាមួយនឹងក្រសួងពាណិជ្ជកម្ម និងសង្ឃឹមយ៉ាងមុតមាំថាក្រោយបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជានឹងដើរតួនាទីប្រកបដោយបុរេសកម្ម និងច្នៃប្រឌិត រួមចំណែកលើកកម្ពស់ធនធានមនុស្សនិងបច្ចេកទេស និងបន្តទាក់ទាញដៃគូជាតិនិងអន្តរជាតិ ដើមី្បអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា បំពេញតម្រូវការទីផ្សារបញ្ជាទិញក្រៅប្រទេសបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង