Yearendyearend1140x150
Img 0571

កម្ពុជា-សហរដ្ឋអាម៉េរិកប្ដេជ្ញាជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ កម្ពុជា-សហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនជាពិសេស វិស័យសេដ្ឋកិច្ចឌីជីថល និងជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការប្ដេជ្ញានេះធ្វើឡើងនាឱកាសជួបពិភាក្សាការងាររវាងលោកជំទាវ Ambassador Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានឱ្យដឹងថា ជំនួបទ្វេភាគីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាពិសេស វិស័យសេដ្ឋកិច្ចឌីជីថល ដែលភាគីទាំងពីរកំពុងតែអនុវត្តស្ថិតក្រោមកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) រវាងរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក។ ភាគីទាំងពីរប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប លោកជំទាវ Ambassador Katherine Tai បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការផ្ដល់នូវគារវកិច្ចយ៉ាងកក់ក្ដៅជូនចំពោះលោកជំទាវ និងគណៈប្រតិភូអាមេរិក ព្រមទាំងបង្ករលក្ខណៈងាយស្រួលក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាងអាស៊ាន និងអាម៉េរិក ឱ្យទទួលបាននូវលទ្ធផលយ៉ាងត្រចះត្រចង់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង