Yearendyearend1140x150

អាជ្ញាធរជាតិអប្សរាធ្វើកំណាយខឿនតម្កល់លិង្គនៅលើភ្នំបូកដើម្បីជួសជុលសំណង់បុរាណឡើងវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ថៃ យ៉ាម៉ង់

សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងកំណាយស្រាវជ្រាវ ខឿនតម្កល់លិង្គទំហំធំនៅលើភ្នំបូក និងមានតែមួយគត់នៅតំបន់អង្គរ ដែលរងការខូចខាត ក្នុងគោលបំណងជួសជុលលើកតម្លៃខឿនតម្កល់លិង្គឱ្យលេចរូបរាងល្អប្រសើរឡើងវិញ។ បច្ចុប្បន្ននេះក្រុមការងារ កំពុងធ្វើកំណាយស្រាវជ្រាវ សិក្សាពីរចនាសម្ពន្ធ មុននឹងឈានទៅដល់រៀបចំផែនការ ជួសជុលលើកតម្លៃបុរាណដ្ឋានឡើងវិញ។

លោក ហួរ សុធន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការធ្វើកំណាយបានចាប់ផ្តើមតាំងពីដើមខែសីហាឆ្នាំ២០២២ ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា ឆ្នាំ២០២២ខាងមុខ។ សំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ ធ្វើពីថ្មបាយក្រៀមប្រវែងបណ្តោយ១៩ម៉ែត្រ ទទឹង២០ម៉ែត្រ កម្ពស់៣,៥ម៉ែត្រ ហើយនៅលើខឿនថ្មបាយក្រៀមនេះ មានជើងទម្រធ្វើពីថ្មភក់មានប្រវែង៥.២ម៉ែត្រ បួនជ្រុងស្មើ សម្រាប់តម្កល់លិង្គដែលមានទំហំមុខកាត់ជាង១ម៉ែត្រ និងប្រវែង៤.២ម៉ែត្រ។

លោក ហួរ សុធន បានឱ្យដឹងទៀតថា បច្ចុប្បន្នជើងទម្រលិង្គធ្វើពីថ្មភក់នោះ រងការខូចខាតស្ទើរតែ៩០ភាគរយ ហើយលិង្គក៏រងខូចខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់ រហូតដល់ចុង គឺបែកបាក់ជាច្រើនបំណែក។ លោក ហួរ សុធន សន្និដ្ឋានថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះ អាចបណ្តាលមកពីការបំផ្ទុះដោយគ្រាប់រំសេវ ពីព្រោះរូបថតចាស់ជាងគេ ដែលបារាំងថតនៅសម័យបារាំងមានសភាពបាក់បែកដូចសព្វថ្ងៃនេះដែរ។

លោក ហួរ សុធន បានបន្តឱ្យដឹងថា ក្រុមការងារកំពុងសិក្សារិះរកបច្ចេកទេសក្នុងការជួសជុលលិង្គដ៏ធំមួយនេះឡើងវិញ ក៏ប៉ុន្តែ ការដ្ឋាននេះស្ថិតនៅលើភ្នំ ពិបាកដឹកជញ្ជូនសម្ភារ ណាមួយលិង្គថ្មក៏មានទម្ងន់ច្រើនតោន ដែលអាចធ្វើឱ្យកម្លាំងមនុស្សពិបាកក្នុងការលើកដូរទីតាំងដើម្បីជួសជុលជាដើម។

គួរបញ្ជាក់ថា ពាក់ព័ន្ធនិងសំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ មិនមានសិលាចារឹក ឬឯកសារណាបញ្ជាក់ពីកាលបរិច្ឆេទនៃការសាងសង់ឡើយ ប៉ុន្តែតាមការពិនិត្យមើលលើខ្សែក្បាច់មាននៅតាមជើងទម្រតម្កល់លិង្គ គេអាចសន្និដ្ឋានបានថាវាប្រហែលជាស្ថិតនៅអំឡុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១៕

រូបដែលបារាំងថតនៅសម័យបារាំង
រូបភាព៖ ថៃ យ៉ាម៉ង់
រូបភាព៖ ថៃ យ៉ាម៉ង់
រូបភាព៖ ថៃ យ៉ាម៉ង់
រូបភាព៖ ថៃ យ៉ាម៉ង់
រូបភាព៖ ថៃ យ៉ាម៉ង់
រូបភាព៖ ថៃ យ៉ាម៉ង់


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង