Yearendyearend1140x150

អត្ថន័យ ថ្ងៃទី១៤កុម្ភៈ ហាក់មានការប្រែប្រួលជាងមុន

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ មានមនុស្សជាច្រើនបានដឹងថា ថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃទិវានៃសេចក្តីស្រឡាញ់ ឬ “Valentine's Day” ។នៅថ្ងៃនោះគេសង្កេតឃើញថា នៅតាមដងផ្លូវមានលក់ផ្កាកុលាបជាច្រើនសម្រាប់លក់ជូនអតិថិជន ជាពិសេសមានយុវជនមួយចំនួនរៀបចំកាដូ ក៏ដូចជាផ្កាកុលាបស្អាតៗ ដើម្បីជូនមនុស្សពិសេសដូចជា ឪពុកម្ដាយ បងប្អូន លោកគ្រូអ្នកគ្រូ មិត្តភក្ដិ និងសង្សារជាដើម។ ប៉ុន្ដែក្នុងនោះ ក៏មានយុវជនមួយចំនួនដែលមិនយកចិត្តទុកដាក់ ចំពោះទិវានៃក្ដីស្រលាញ់នេះឡើយ។មិនសូវចាប់អារម្មណ៍ដោយ ពួកគេគិតថា ថ្ងៃទី១៤ កុម្ភៈ វាគ្រាន់តែជាថ្ងៃធម្មតាសម្រាប់ពួកគេតែប៉ណ្ណោះ។ 

កញ្ញា ហ៊ត ស៊ីវអ៊ឺ ជានិស្សិតឆ្នាំទី៤មកពីសាសកលវិទ្យាល័យភីមិន្ទភ្នំពេញ បាននិយាយថា«នៅថ្ងៃហ្នឹង ខ្ញុំគិតថាវាគ្រាន់តែជាថ្ងៃធម្មតាសម្រាប់ខ្ញុំតែប៉ុណ្ណោះ ព្រោះនៅថ្ងៃហ្នឹងខ្ញុំនៅតែរៀន និងធ្វើការដដែល។ ហើយបើសម្រាប់អ្នកផ្សេងវិញ ខ្ញុំគិតថាពួកគាត់ក៏មានគំនិតដូចខ្ញុំដែរ ព្រោះមិត្តរួមថ្នាក់ ក៏ដូចជាអ្នកធ្វើការជាមួយខ្ញុំនៅថ្ងៃទី១៤កុម្ភៈហ្នឹងគឺពួកគាត់នៅតែមករៀន និងមកធ្វើការដូចខ្ញុំដដែល។ ហើយមួយទៀតបើសិនជាថ្ងៃហ្នឹងសំខាន់មែន នោះស្ថាប័ន ឬក្រុមហ៊ុនមួយចំនួនប្រាកដជាឈប់សម្រាកហើយ។»

ចំណែកឯយុវជន ហួយ ដាវិន ដែលជានិស្សិតឆ្នាំទី៤ ផ្នែកគ្រប់គ្រងពានិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បានឲ្យដឹងដែរថា «ថ្ងៃ១៤កុម្ភៈ ក៏ជាថ្ងៃធម្មតាសម្រាប់ខ្ញុំដែរ ព្រោះវាគ្រាន់៏តែជាវប្បធម៌របស់បរទេសដែលខ្មែរយើងមិនធ្វើក៏បាន។» ដាវិន បានបន្តថា« ថ្ងៃទី១៤កុម្ភៈហ្នឹង ពលរដ្នខ្មែរមួយចំនួនគាត់គិតថាជាថ្ងៃបុណ្យសង្សារ ជាថ្ងៃដែលគាត់បង្ហាញក្តីស្រឡាញ់ចំពោះគូស្នេហ៍របស់គាត់តាមរយៈការជូនកាដូ ឬបាច់ផ្កាជាដើម។ ប៉ុន្តែខ្ញុំចង់ឲ្យពួកគាត់ផ្លាស់ពីគូសង្សារមក បង្ហាញក្តីស្រឡាញ់ចំពោះឪពុកម្តាយ បងប្អូនឬ សមាជិកនៅក្នុងគ្រួសារវិញប្រសើរជាង។ យើងគួរចេះច្នសវប្បធម៌របស់គេមកជារបស់ខ្លួនឯងវិញទើបជាការល្អ។»

កញ្ញា រឿន លីហ័ង ជានិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក៏បានឲ្យដឹងដែរថា«ខ្ញុំមិនដែលចាត់ទុកថ្ងៃហ្នឹងជាថ្ងៃសំខាន់សម្រាប់ខ្ញុំឡើយ។» លីហ័ង បន្ថែមថា« ខ្ញុំគិតថាយុវជនខ្មែរគួរតែឈប់ជ្រួលជ្រើមនឹងទិវានេះទៅ ព្រោះទិវានៃក្តីស្រឡាញ់ចំពោះគូសង្សារមិនមែនជាវប្បធម៌របស់ខ្មែរយើងទេ។ ប៉ុន្តែយើងគួរយកថ្ងៃហ្នឹងទៅធ្វើអ្វីដែលមានប្រយោជ៍សម្រាប់ក្រុមគ្រួសារឬអ្នកមានគុណរបស់យើងវិញ។»

មូលហេតុចម្បងនៃការលើកឡើងទាំងអស់នេះ គឺដោយសារតែពួកគេសង្កេតឃើញថា យុវវ័យខ្មែរសព្វថ្ងៃកំពុងភ្លើតភ្លើន នឹងវប្បធម៌បរទេសដែលបានចាត់ទុកទិវានៃក្តីស្រឡាញ់ថាជាបុណ្យសង្សារ ហើយអនុវត្តតាមគ្នារហូតមកដល់បច្ចុប្បន្ន។ យុវវ័យទាំងនោះបានយកថ្ងៃ១៤កុម្ភៈ ទៅប្រព្រឹត្តទង្វើមិនគប្បីចំពោះខ្លួនឯង គ្រួសារ ក៏ដូចជាធ្វើឲ្យប្រទេសជាតិទាំងមូលអាចឈានទៅដល់ការបាត់បង់វប្បធម៌ជាតិដោយមិនដឹងខ្លួនដោយសារទង្វើមិនគប្បីរបស់យុវជនទាំននេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង