Yearendyearend1140x150
Img 0571

អ្នកជំនាញ៖ក្នុងសម័យសកលភាវូបនីយកម្ម ការរៀនភាសាបរទេសគឺមានផលប្រយោជន៍

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ឈត ប៊ុនថង ជាមន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ភ្នំពេញ៖ ក្នុងសម័យសកលភាវូពាណិជ្ជកម្ម ដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងជាមួយប្រទេសនៅក្នុងតំបន់ ឬក្នុងពិភពលោក វាមិនខុសទេកាលដែលកម្ពុជា សម្រេចបើកដេប៉ាតឺម៉ងបង្រៀនភាសាបរទេស។ កម្ពុជាអាចជ្រើសរើសជាអាទិភាព គឺប្រទេសជិតខាងមានវៀតណាម ថៃ ឡាវ បន្ទាប់មកទៀតគឺប្រទេសមហាអំណាចដែលជាប្រទេសសំខាន់ៗ ជាប្រទេសដែលមានទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ជាដើម។ នេះបើតាមការយល់ឃើញលោកបណ្ឌិត ឈត ប៊ុនថង ជាមន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត បានលើកឡើងថា នៅក្នុងសម័យសកលភាវូពាណិជ្ជកម្ម ដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ឬជាមួយប្រទេសនៅក្នុងតំបន់ ឬពិភពលោក វាមិនខុសទេកាលដែលកម្ពុជា សម្រេចបើកដេប៉ាតឺម៉ងភាសាបរទេស ឬក៏កម្ពុជាទៅបើកដេប៉ាតឺម៉ងភាសាខ្មែរនៅសាកលវិទ្យាល័យនៅប្រទេសទាំងអស់នោះវិញ។ យើងជាប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន គួរតែរៀនពីគ្នាទៅវិញទៅមក។

សម្រាប់លោកបណ្ឌិត មើលឃើញថា ការរៀនភាសាបរទេស វាមិនមែនជារឿងចម្លែក ហើយក៏មិនមែនជារឿងអាក្រក់ដែរ។ វាជារឿងនៅលើពិភពលោកគេធ្វើបែបនេះ ហើយនៅប្រទេសមួយចំនួនគេមានសិក្សាភាសាខ្មែរដែរ។ ការចេះភាសាបរទេស លោកបណ្ឌិតផ្តើមចេញពីប្រទេសជិតខាង កម្ពុជាត្រូវតែចេះភាសាបរទេស មិនចំពោះទាំងអស់គ្នាទេ គឺនិយាយចំពោះអ្នកដែលចាប់អារម្មណ៍រៀនភាសាគឺត្រូវចេះភាសាវៀតណាម ឡាវ ថៃ ពីព្រោះបើនិយាយកម្រិតក្នុងក្របខណ្ឌរដ្ឋ គឺកម្ពុជាតែមានទំនាក់ទំនងការបរទេសជាមួយថៃ ឡាវ និងវៀតណាម។

ទន្ទឹមនឹងនោះ នៅក្នុងតំបន់ កម្ពុជាយើងមានទំនាក់ទំនងជាមួយប្រទេសចំនួន១១ ហើយនៅក្នុងកម្រិតពិភពលោកមានប្រទេស២០០ដែលកម្ពុជាទំនាក់ទំនងជាមួយ។ ប៉ុន្តែកម្ពុជាយើងអាចជ្រើសរើសជាអាទិភាព គឺប្រទេសជិតខាង បន្ទាប់មកទៀតគឺប្រទេសមហាអំណាចដែលជាប្រទេសសំខាន់ៗ ជាប្រទេសដែលមានទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ជាដើម។ មួយផ្នែកទៀត ការរៀនភាសាបរទេស វាជួយដល់ការរកស៊ី ជំនួយជួញដូរផ្សេងៗ ហើយភាគច្រើនក៏សម្បូរទៅដោយវិនិយោគិនក្រៅប្រទេសមកបណ្តាក់ទុននៅកម្ពុជាច្រើន។

លោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ថា ការសិក្សាភាសាបរទេសនៅកម្ពុជា ទោះបីជាការបើកជាដេប៉ាតឺម៉ងភាសាបរទេសមិនមែនជារឿងថ្មីនោះទេ។ បច្ចុប្បន្ននេះ ការសុំបើកនូវដេប៉ាតឺម៉ងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះក៏មិនមែនតែលើកដំបូងដែរ ដោយសារមានវិទ្យាស្ថានភាសាបរទេស។ ការចេះភាសាទៅវិញទៅមកមិនមែនជារឿងអាក្រក់ទេ យើងត្រូវចេះភាសាវៀតណាម ឡាវ ថៃ ចិន បារាំង អង់គ្លេស និងភាសាដទៃទៀតដែលយើងអាចចេះបាន ដើម្បីយើងអាចស្វែងយល់ពីគេ ថាតើសរសេរអ្វីខ្លះពីខ្មែរ ប្រវត្តិសាស្ត្រក្តី ឬក៏សៀវភៅសិក្សាគោលអ្វីខ្លះដែលទាក់ទងនឹងខ្មែរ។

លោកបណ្ឌិត បន្តថា យើងត្រូវតែចេះនូវភាសាបរទេស ព្រោះនៅពេលប្រទេសទាំងអស់នោះមានការស្រាវជ្រាវ ឬក៏មានការបង្កើតថ្មីណាមួយដែលប្រើប្រាស់ភាសាគេ តើយើងអាចទាញប្រយោជន៍អ្វីខ្លះពីការចេះភាសាប្រទេសជិតខាង ភាសានៅក្នុងតំបន់ ភាសានៅក្នុងពិភពលោក ដូច្នេះវាមិនមែនជារឿងអាក្រក់ទេ។ ការធ្វើអត្ថាធិប្បាយពីមហាជន ឬពីបុគ្គល ក្រុមអ្នកនយោបាយ ជួនកាលជាចេតនាចង់ទាញចំណេញខាងផ្នែកនយោបាយក៏អាចថាបាន។ ម្យ៉ាងទៀត អាចថាជាយោបល់ក្នុងន័យមួយ ជាជនរងគ្រោះដោយសារអ្នកជិតខាង ដែលយើងអាចដឹងបានហើយថា កម្ពុជាធ្លាប់បាត់ទឹកដីទៅថៃ វៀតណាម ដូច្នេះនៅពេលឃើញថាមានការសុំបើកនូវដេប៉ាតឺម៉ងភាសាវៀតណាម ពលរដ្ឋខ្លះមានការភ័យខ្លាចការបាត់បង់ទឹកដី ចំពោះអ្នករងគ្រោះតែងតែមានអារម្មណ៍បែបនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង